ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន បានថ្កោលទោសទៅលើអ៊ីស្រាអែលកាលពីថ្ងៃពុធចំពោះការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្រ្គាមនៅតំបន់ហ្គាហ្សា និងបានរិះគន់ចំពោះប្រព័ន្ធចែកចាយជំនួយដែលបង្កើតឡើងដោយប្រទេសនេះ និងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) របស់ខ្លួនថា «នៅតំបន់ហ្គាហ្សា ភាពអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធ។ មនុស្សកំពុងដួលសន្លប់នៅតាមផ្លូវដោយសារភាពអត់ឃ្លាន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអង្គការសហប្រជាជាតិនោះបានព្រមានថា នៅទីនោះមិនមានទឹកផឹកគ្រប់គ្រាន់នោះទេ ហើយបានអំពាវនាវជាលើកទីដប់មួយហើយដើម្បីដកចេញការឡោមព័ទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ឆ្នេរ ដែលជាទីជម្រករបស់ជនជាតិប៉ាឡេស្ទីនជាងពីរលាននាក់។

មុនពេលមានជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ តំបន់ហ្គាហ្សាមានកន្លែងចែកចាយជំនួយប្រហែល ៤០០កន្លែងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ រួមទាំងទីភ្នាក់ងារ UNRWA។

កម្មវិធីបច្ចុប្បន្នដែលបង្កើតឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានការអាម៉ាស់មុខដោយសារតែអ្នកស្រេកឃ្លានត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រដើម្បីទទួលបានអាហារតិចតួចបំផុត ហើយលើសពីនេះទៀត ពួកគេមួយចំនួនត្រូវបានគេបាញ់សម្លាប់ ដែលទីភ្នាក់ងារ UNRWA បានថ្កោលទោសដូចនេះដោយសំដៅទៅលើឃាតកម្មជាច្រើនដែលបានប្រព្រឹត្តនៅក្នុងមជ្ឈមណ្ឌលទាំងនោះដោយទាហានអ៊ីស្រាអែល។

ការិយាល័យសារព័ត៌មានរដ្ឋាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីបបានរាយការណ៍កាលពីសប្តាហ៍មុនថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៥៨០នាក់ត្រូវបានសម្លាប់ និង ៤.២១៦នាក់បានរងរបួសដោយសារការវាយប្រហារដោយទាហានទៅលើមជ្ឈមណ្ឌលទាំងនោះ ចាប់តាំងពីពួកគេបានបើកដំណើរការកាលពីចុងខែឧសភាមក៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]