បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ីអាគ្នេយ៍កំពុងរៀបចំបង្កើនកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទទួលរងនូវអត្រាពន្ធដ៏ច្រើន បើទោះបីជាបានធ្វើសំណើជាបន្តបន្ទាប់ក្នុងនាទីចុងក្រោយកន្លងមកក្នុងគោលបំណងបង្កើនការនាំចូល និងកាត់បន្ថយពន្ធយ៉ាងច្រើនទៅលើទំនិញរបស់អាម៉េរិកក៏ដោយ។
សហរដ្ឋអាមេរិកបានសម្រេចចិត្តរក្សាអត្រាពន្ធនាំមូលដដែលដោយមិនមានការផ្លាស់ប្តូរទៅលើប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជា ៣២% សម្រាប់ឥណ្ឌូណេស៊ី និង ៣៦% សម្រាប់ប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ប្រទេសម៉ាឡេស៊ីប្រឈមនឹងអត្រា ២៥% កើនឡើងពី ២៤% ដែលសហរដ្ឋអាមេរិកបានដាក់ចេញកាលពីខែមេសាកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពីឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បាននិយាយថា លោកមានការភ្ញាក់ផ្អើលបន្តិចសម្រាប់អត្រា ៣៦% របស់ប្រទេសថៃ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនបន្ថែមទៀតដល់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួនមួយនេះ។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមអ៊ិច (X) លោកបាននិយាយថា សហរដ្ឋអាមេរិកមិនបានពិចារណាទៅលើសំណើចុងក្រោយរបស់ថៃនោះទេ។ លោកបានបន្ថែមថា ប្រទេសថៃនឹងស្វែងរកវិធានការ និងដំណោះស្រាយបន្ថែមទៀត ហើយនឹងតស៊ូដល់ទីបញ្ចប់ដើម្បីឱ្យប្រទេសនេះមានការផ្តល់ជូនដ៏ល្អបំផុតដែលអាចធ្វើទៅបាន។
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍បាននិយាយថា អ្នកចរចាកំពូលរបស់ខ្លួន លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) នៅប្រទេសប្រេស៊ីល ហើយនឹងជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកភ្លាមៗ។
លោក ហារីយ៉ូ លីម៉ាន់សេតូ (Haryo Limanseto) អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ីបាននិយាយថា យើងនៅមានពេលសម្រាប់កិច្ចចរចា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនឱកាសចរចាទាំងនោះ។
ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបាននិយាយថា ទន្ទឹមនឹងនោះដែរ ម៉ាឡេស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីចរចា និងបញ្ជាក់អំពីវិសាលភាពនៃពន្ធគយនោះ។
ប្រទេសនេះប្តេជ្ញាបន្តការចូលរួមជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតុល្យភាព មានផលប្រយោជន៍ទៅវិញទៅមក៕
ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]