ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី, អភិបាលរងនៃគណៈអភិបាលខេត្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប, ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, ព្រមទាំងប្រជាសហគមន៍ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ និងនៅថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចការដ៏មានសារសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តគោលដៅនានា, និយាយជារួម, និង និយាយដោយឡែក នៅសហគមន៍ត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត នេះ និយាយដោយឡែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណ ឯកឧត្ដម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការសាងសង់ហេត្ថារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍, ការផ្គត់ផ្គង់ទឹកស្អាត, និងការផ្តល់បន្ទប់ទឹកអនាម័យនៅតាមសហគមន៍ទេសចរណ៍ផងដែរ តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត ដែលបានដឹកនាំ និងសហការរៀបចំខេត្តកំពតជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយឥតដាច់។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់ ដែលទទួលភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ ជាមធ្យម ក្នុង ១ សប្តាហ៍។

សូមជូនតំណភ្ជាប់ទីតាំងសហគមន៍ត្រពាំងសង្កែ :https://maps.app.goo.gl/zXbHKbwRLuFdurit5?g_st=ic

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]