រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានអបអរសាទរដល់ជ័យលាភីនៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនៅក្នុងពិធីប្រគល់រង្វាន់ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២។ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីប្រគល់រង្វាន់ដល់សាលារៀនជ័យលាភីដែលបានប្រកួតប្រជែងគ្នារយៈពេល ៧ ខែដែលលើកទឹកចិត្តឱ្យមានការប្រកាន់ទម្លាប់កាន់តែស្អាត និងបៃតងក្នុងចំណោមសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ និងវិទ្យាល័យទាំង ៦៧ មកពីខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។

ពានរង្វាន់ចំនួន ១០ ប្រភេទត្រូវបានប្រគល់ជូនដល់ជ័យលាភីដែលមានរង្វាន់ជាសាច់ប្រាក់ និងសម្ភារសរុបជាទឹកប្រាក់មានចំនួនជាង ១ ម៉ឺនដុល្លារអាម៉េរិកក្នុងនោះសាលារៀនចំនួន ៣៧ ទទួលបានរង្វាន់ជាសម្ភារដែលច្នៃពីកាកសំណល់ប្លាស្ទិកដែលពួកគេប្រមូលបានក្នុងអំឡុងពេលប្រកួតប្រជែងដែលនេះបង្ហាញថាកាកសំណល់អាចច្នៃទៅជារបស់មានតម្លៃឡើងវិញ។ សរុបរួម កាកសំណល់ប្លាស្ទិកប្រមាណ ៣,៥៥ តោនត្រូវបានប្រមូលដែលស្មើនឹងដបប្លាស្ទិកប្រហែល ២៨៤.០០០ ដបនៅក្នុងយុទ្ធនាការនេះ។

លោកជំទាវ គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានរៀបចំកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។ លោកជំទាវបានឱ្យដឹងថា “គំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះកំពុងជួយកសាងប្រទេសកម្ពុជាឱ្យកាន់តែស្រស់បំព្រង និងបៃតងសម្រាប់ទាំងអស់គ្នា។ ខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូគ្រប់រូបបន្តអនុវត្តវិន័យល្អ និងទទួលខុសត្រូវក្នុងការបង្កើតបរិស្ថានដែលមានសុខភាពល្អ។ ទាំងអស់គ្នា យើងអាចបណ្តុះនូវវប្បធម៌នៃការគាំពារ និងនិរន្តរភាពដែលនឹងផ្តល់ប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង”។

នៅក្នុងសុន្ទរកថានៃកម្មវិធីប្រគល់រង្វាន់នេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “កម្មវិធីសាលារៀន និងបរិស្ថានបៃតង កើតឡើងពីគំនិតដ៏សាមញ្ញមួយ។ នៅពេលក្មេងៗ និងសហគមន៍របស់ពួកគេត្រូវបានលើកទឹកចិត្តឱ្យធ្វើសកម្មភាព នោះពួកគេនឹងបង្កើតការផ្លាស់ប្តូរយូរអង្វែង។ យើងមានមោទនភាពដែលឃើញលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសូម្បីតែឪពុកម្តាយរបស់ពួកគេបានចូលរួមដែលធ្វើឱ្យគំនិតផ្តួចផ្តើមបៃតងនេះក្លាយជាទម្លាប់ប្រចាំថ្ងៃ និងបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសាលារៀនរបស់ពួកគេ។ ខ្ញុំសូមសរសើរដល់ការប្តេជ្ញាចិត្តរបស់ពួកគេជាខ្លាំងដែលការចូលរួមរបស់ពួកគេនឹងជះឥទ្ធិពលល្អនៅតាមសាលារៀនប៉ុណ្ណោះប៉ុន្តែនៅតាមសហគមន៍ដែលពួកគេកំពុងរស់នៅផងដែរ”។

ត្រូវបានដំណើរការដោយណាហ្គាវើលដ៍បេះដូងសប្បុរស កម្មវិធីនេះជំរុញលើកទឹកចិត្តសាលារៀនឱ្យចូលរួមសម្អាត និងប្រមូលកាកសំណល់ប្លាស្ទិកពីខែធ្នូឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ។ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសិក្ខាសាលាណែនាំសាលារៀន ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងដាក់ពិន្ទុរៀងរាល់ខែនៅសាលារៀនទាំង ៦៧ ខណៈ Gomi Recycle ដែលជាក្រុមហ៊ុនដៃគូផ្នែកកែច្នៃឡើងវិញបានចូលរួមប្រមូល និងកែច្នៃកាកសំណល់ប្លាស្ទិកឡើងវិញ។ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបង្កើតប្រទេសកម្ពុជាកាន់តែស្រស់បំព្រង និងបៃតងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ។

លោក Yusuke Okumura នាយក និងជាស្ថាបនិកក្រុមហ៊ុន Gomi Recycle បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ លោកបានបង្ហើបឱ្យដឹងថា “យើងមិនត្រឹមតែរៀនអំពីការការពារបរិស្ថានប៉ុណ្ណោះទេប៉ុន្តែយើងរៀនរស់នៅជាមួយវាជាមួយភាពស្អាត”។ អរគុណដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលា កម្លាំង និងទឹកចិត្តចូលរួមក្នុងកម្មវិធីនេះ។ ផែនដីមានភាពប្រសើរឡើងដោយសារអ្នកទាំងអស់គ្នា ហើយសាលារៀនរបស់យើងកាន់ស្រស់ស្អាតដូចគ្នា”។

ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបជាង ៨៥០ នាក់ ពិធីប្រគល់រង្វាន់នេះពោរពេញដោយភាពរំភើបរីករាយក្នុងខណៈពេលដែលអ្នកឈ្នះត្រូវបានប្រកាសដែលធ្វើឱ្យសាលារៀនដែលបានចូលរួមទាំងអស់អាចឃើញពីឥទ្ធិពលវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ពួកគេ និងសាទរដល់ជ័យជម្នះឱ្យគ្នាទៅវិញទៅមក។
លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អមក្នុងខណ្ឌទួលគោក បានដឹកនាំសាលារៀនរបស់គាត់ទទួលបានជោគជ័យជាជើងឯកនៃកម្មវិធីសាលារៀនស្អាត។ គាត់បានចែករំលែកថា “សម្រាប់ការប្រកួតប្រជែងនេះ ពួកយើងរៀបចំកាលវិភាគដើម្បីឱ្យសិស្សរបស់យើងបោសសម្អាតសាលារៀនទាំងមូលចាប់ពីច្រកចូលរហូតដល់អាហារដ្ឋាន។ ពួកយើងក៏បានលើកទឹកចិត្តពួកគេឱ្យបំផុសគំនិតផ្តួចផ្តើមដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកធ្វើជារបស់ដែលអាចប្រើប្រាស់ឡើងវិញផងដែរ។ ការឈ្នះពានរង្វាន់នេះគឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សរបស់យើង។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលពួកគេមានភាពជាម្ចាស់លើខ្លួនឯងក្នុងការសម្អាត ច្នៃ និងលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យសាលារៀនរបស់យើងកាន់តែស្រស់បំព្រង និងបៃតង”។

បន្ថែមទៅលើពានរង្វាន់សាលារៀនស្អាត និងការប្រមូលកាកសំណល់ប្លាស្ទិក សាលារៀនក៏ត្រូវបានទទួលស្គាល់ស្នាដៃនៅក្នុងប្រភេទពានរង្វាន់គំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត និងពានរង្វាន់ជាច្រើនទៀតផងដែរ។ ពានរង្វាន់ឯកត្តជន ក៏ត្រូវបានផ្តល់ជូនផងដែររួមមាន គ្រូដឹកនាំការងារបរិស្ថានឆ្នើម និងពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម។
ពានរង្វាន់ដែលបានប្រគល់ជូនសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងការប្រកួតប្រជែងសាលារៀន និងបរិស្ថានបៃតងឆ្នាំ២០២៤-២០២៥ មានដូចខាងក្រោម ៖
១. ពានរង្វាន់សាលារៀនស្អាត
· ជើងឯក ៖ អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
· ចំណាត់ថ្នាក់លេខ២ ៖ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
· ចំណាត់ថ្នាក់លេខ៣ ៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
២. ពានរង្វាន់កែច្នៃឡើងវិញឆ្នើម
· វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
៣. ពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម
· ក្រុមសិស្សមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
· ក្រុមសិស្សមកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
· ក្រុមសិស្សមកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
៤. ពានរង្វាន់គំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត
· អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
៥. ពានរង្វាន់សាលារៀនដែលមានគំនិតផ្តួចផ្តើមនវានុវត្តន៍ឆ្នើម
· វិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
៦. ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត
· អនុវិទ្យាល័យព្រែករាំង (ខណ្ឌជ្រោយចង្វា)
៧. ពានរង្វាន់សាលារៀននិរន្តរភាព និងទំនួលខុសត្រូវបរិស្ថាន
· វិទ្យាល័យព្រែកលៀប (ខណ្ឌជ្រោយចង្វា)
៨. ពានរង្វាន់ក្រុមអ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើមច្រើនបំផុត
· អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
៩. ពានរង្វាន់គ្រូដឹកនាំការងារបរិស្ថានឆ្នើម
· លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
· លោក មុំ ស៊ីណែត គ្រូបរិស្ថានមកពីវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
១០. សាលារៀនដែលមានការអនុវត្តល្អបំផុតក្នុងការប្រមូលកាកសំណល់ប្លាស្ទិក
· វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
· វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
· អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
*****
អំពីណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា។
សម្រាប់ព័ត៌មានអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]