លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថា បើគិតចាប់ពីវេលាម៉ោង ០០ និង ១នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង៦ និង ១០នាទី ព្រឹកនេះ សភាពការណ៍នៅជួរមុខតាមខ្សែបន្ទាត់ព្រំដែននៃទិសព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់ ខណៈដែលងកកម្លាំងរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីរបស់ខ្លួន។ ការគូសបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯកបែបនេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងថា ជាថ្មីម្តងទៀត កម្ពុជា បាន និងកំពុងតែអនុវត្តន៍ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគោរព និងអនុវត្តន៍យ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ គឺយើងសម្រេចបាននូវលទ្ធផលជាជំហានៗយ៉ាងច្រើនចាប់ពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់នេះ ហើយថារហូតមកទល់នឹងពេលនេះបណ្តាអនុព័ន្ធយោធានៃប្រទេសមួយចំនួននៅតែបន្តចុះសង្កេតការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅលើទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នា ដើម្បីធ្វើការពិនិត្យទៅលើការអនុវត្តបទឈប់បាញ់។

លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្ដថា សកម្មនេះបានបង្ហាញពីលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបាននាំមកនូវការឯកភាពគ្នាលើបទឈប់បាញ់។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការចូលរួមរបស់បណ្តាប្រទេសជាដៃគូ គឺឆ្លុះបញ្ចាំងឱ្យឃើញពីគោលបំណងប្រាថ្នារួមនៅក្នុងការអនុវត្តបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពី កម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា ភាគីថៃគឺមិនទាន់បានបញ្ជូនមកកម្ពុជាវិញនៅឡើយទេក្រៅតែពីកងកម្លាំងរបស់យើង២រូប ដែលស្ថិតក្នុងស្ថានភាពមានរបួសត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខណៈដែលកម្ពុជា បាន និងកំពុងបន្តជំរុញឱ្យខាងភាគីថៃប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប នេះមកវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]