រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។
ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។
ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់។
មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។
គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។
កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។
ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]