ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ លោកជំទាវបានបន្តថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ បើតាមលោកជំទាវអ្នកនាំពាក្យនឹងចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិច ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិកទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]