លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លោក ឡយ ជីលិត ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃបានអះអាងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ថាពួកគាត់ទាំង១៨រូបគឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារិជាតិកម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសនៃការសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទងទៅនឹងកងកម្លាំងកម្ពុជាទាំង១៨រូបនេះ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែទទូចឱ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឱ្យវិលត្រឡប់មកកម្ពុជាវិញ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកជំទាវឧត្តមសេនីយឯកបានថ្លែងបញ្ជាក់ថា ក្នុងស្មារតីនេះកម្ពុជាសង្ឃឹមថាថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨រូបនេះជាបន្ទាន់ស្របតាមអំពាវនាវរបស់ប្រទេស និងស្ថាប័នអន្តរជាតិនានាជាច្រើន ខណៈដែលកម្ពុជានៅតែរក្សានូវការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពអនុវត្តប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិមួយដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីធានាអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ រួមទាំងការដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាបន្តទទូចឱ្យភាគីថៃធ្វើការប្រញាប់ប្រគល់ជូនទាហានទាំង ១៨ រូប មកកម្ពុជាវិញឱ្យបានឆាប់រហ័សបំផុត។
លោកជំទាវឧត្តមសេនីយ៍ឯកក៏បានលើកឡើងទៀតថា ទាំងក្រសួងការពារជាតិនិងកងយោធាខេមរៈភូមិន្ទ នឹងមិនបោះបង់ចោលសមាជិករបស់ខ្លួននោះទេទោះក្នុងតម្លៃណាក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]