លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំជាវិសាមញ្ញលើកទី២៧ រវាងយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី និងត្រាត របស់ភាគីថៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ដែលធ្វើឡើងនៅខេត្តត្រាត ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរម្លឹកឡើងវិញអំពីបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ថាបានកើតចេញពីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបជូនថា ក្រសួងការពារជាតិកម្ពុជា តែងតែបានអះអាងជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]