យល់ដឹង៖ លោក Arnaud Darc ដែលជាអតីតប្រធាន និងជានាយកក្រុមប្រឹក្សាភិបាលនៃសមាគមភោជនីយដ្ឋានកម្ពុជា បានជួបពិភាក្សាជាមួយអ្នកគ្រប់គ្រងយីហោភោជនីយដ្ឋាននៅភ្នំពេញនាពេលថ្មីៗនេះ។ ក្នុងជំនួបនោះ លោកទទួលបានព័ត៌មានថា ការលក់ធ្លាក់ចុះយ៉ាងខ្លាំងដែលបង្កឱ្យបុគ្គលិកមានការព្រួយបារម្ភពីការបាត់បង់ការងារ។

លោក Arnaud Darc
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តានេះលោក Darc បានលើកឡើងថា ប្រជាជនកម្ពុជាហាក់មានការយល់ច្រឡំចំពោះយុទ្ធនាការធ្វើពហិការនេះ ដែលផ្ទុយទៅវិញវាបានធ្វើឱ្យសេដ្ឋកិច្ចជាតិជួបបញ្ហា។ លោកបានទាញយកមេរៀនពីប្រទេសជិតខាងដែលការធ្វើពហិការលើម៉ាកយីហោបរទេស ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនក្នុងស្រុកមុនគេ។

    -ប្រទេសម៉ាឡេស៊ី៖  រវាងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ការងារជាង ២២,៣១៥ ត្រូវបានបាត់បង់នៅទូទាំងប្រទេស ដែលជាការកើនឡើងប្រមាណ ២៤% បើធៀបនឹងឆ្នាំមុន។ ជាក់ស្តែង ហាង KFC ចំនួន ១០៨ បានបិទទ្វារបណ្ដោះអាសន្ននៅខែមេសា ឆ្នាំ២០២៤ ដោយសារការធ្វើពហិការពីប្រជាជនក្នុងស្រុក (ប្រភព៖ ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី,Free Malaysia Today)។

   - ប្រទេសឥណ្ឌូនេស៊ី៖  ក្រុមហ៊ុន KFC ឥណ្ឌូនេស៊ីបានប្រកាសខាតបង់ទឹកប្រាក់ជាង ៣៤៨,៨៣ ពាន់លានរូពី (ប្រហែល ២១,៥ លានដុល្លារ) ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលកើនឡើងដល់ ៦០ដងធៀបនឹងឆ្នាំមុន (ប្រភព៖ South China Morning Post)។

   - មជ្ឈិមបូព៌ា៖ ក្រុមហ៊ុន Starbucks បានកាត់បន្ថយបុគ្គលិកប្រមាណ ២,០០០ នាក់ ក្នុងខែមីនា ឆ្នាំ២០២៤ ដោយសារការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុក (ប្រភព៖ Fortune,March 2024 & Reuters,March 2024)។

លោក Darc បានសង្កត់ធ្ងន់ថា ឧទាហរណ៍ទាំងនេះបង្ហាញថាការមិនគាំទ្រម៉ាកយីហោបរទេស គឺប្រជាជនក្នុងស្រុកទៅវិញទេដែលទទួលរងផលប៉ះពាល់ច្រើនជាងគេ។

ស្ថានភាពនៅកម្ពុជា

យោងតាមការព្យាករណ៍ វិស័យម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជានឹងឈានដល់ ២,៩១ ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដែលគាំទ្រការងាររាប់ពាន់កន្លែងទូទាំងប្រទេស។ លោកបានបញ្ជាក់ថា ភោជនីយដ្ឋាន និងហាងកាហ្វេដែលដំណើរការក្រោមម៉ាកបរទេសភាគច្រើន គឺមានម្ចាស់ជាជនជាតិខ្មែរ ហើយបានជួលបុគ្គលិកខ្មែររាប់ពាន់នាក់។លោកបានពន្យល់ថា នៅពេលយើងចំណាយ ១០,០០០ រៀល នៅក្នុងហាងកាហ្វេ ឬភោជនីយដ្ឋានយីហោនៅកម្ពុជា ទោះបីស្ថិតនៅក្រោមម៉ាករបស់ប្រទេសថៃក៏ដោយ ជាក់ស្តែងភាគច្រើននៃប្រាក់នោះនឹងនៅសល់ក្នុងប្រទេសសម្រាប់ប្រាក់ឈ្នួល ថ្លៃផ្គត់ផ្គង់ក្នុងស្រុក និងពន្ធដារ។ ចំណែកឯម្ចាស់យីហោបរទេសទទួលបានប្រាក់ចំណេញត្រឹមតែ ៤-១២% ប៉ុណ្ណោះ។

ប្រសិនបើការធ្វើពហិការនេះនៅតែបន្ត ស្ថានភាពនឹងអាចកើតឡើង៖

    -ការបាត់បង់ការងារ៖ បុគ្គលិកខ្មែរដូចជា អ្នកឆុងកាហ្វេ អ្នករត់តុ និងអ្នកសម្អាតនឹងបាត់បង់ការងារ។

    -ប៉ះពាល់កសិករ៖ កសិករក្នុងស្រុកនឹងបាត់បង់កិច្ចសន្យាផ្គត់ផ្គង់ផលិតផល។

    -កាត់បន្ថយចំណូលរដ្ឋ៖ ចំណូលពន្ធសម្រាប់អភិវឌ្ឍន៍សាលារៀន និងមន្ទីរពេទ្យនឹងថយចុះ។

លេីសពីនេះលោក Darc បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អាជីវកម្មខ្មែរក្នុងស្រុកភាគច្រើនគ្មានប្រាក់បម្រុងទុកនោះទេ។ ត្រឹមតែមួយត្រីមាសនៃការលក់ធ្លាក់ចុះ អាចធ្វើឱ្យពួកគេបិទទ្វារជាអចិន្ត្រៃយ៍។ ថ្វីត្បិតតែការស្រាវជ្រាវបង្ហាញថាការធ្វើពហិការភាគច្រើនបញ្ចប់ក្នុងរយៈពេល ៨ខែក៏ដោយ ក៏ការងារដែលបាត់បង់ក្នុងអំឡុងពេលនោះមិនងាយនឹងត្រលប់មកវិញឡើយ។

វិធីសាស្ត្រឆ្លាតវៃក្នុងការធ្វើពហិការ

ដើម្បីដាក់សម្ពាធលើប្រទេសថៃដោយមិនប៉ះពាល់ការងាររបស់ប្រជាជនកម្ពុជា លោក Arnaud Darc បានស្នើវិធីសាស្ត្រមួយចំនួន៖

    1-កំណត់គោលដៅលើផលិតផលនាំចូលរបស់ថៃ: ផ្តោតលើទំនិញផលិតនៅប្រទេសថៃដែលមានលក់ក្នុងផ្សារទំនើប និងមានជម្រើសផលិតផលក្នុងស្រុកស្រាប់។

    2-គាំទ្រអាជីវកម្មខ្មែរ៖ ជ្រើសរើសហាងអាហារ និងហាងកាហ្វេដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយចែករំលែកវាលើបណ្តាញសង្គម។

    3-ជំរុញឱ្យមានតុល្យភាពពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មលើសរបស់ប្រទេសថៃជាមួយកម្ពុជាមានប្រហែល ១,៣ ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។

    4-ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់៖ លើកទឹកចិត្តការនាំចូលពីប្រទេសដៃគូផ្សេងទៀតដូចជា វៀតណាម ចិន និងឥណ្ឌូនេស៊ី។

ជាចុងក្រោយ លោក Darc បានសរសេរថា៖ «ប្រសិនបើយើងចង់ធ្វើឱ្យប្រទេសថៃឈឺចាប់ យើងត្រូវធ្វើវាតាមវិធីដែលធ្វើឱ្យកម្ពុជារឹងមាំ។ ការធ្វើឱ្យសេដ្ឋកិច្ចយើងចុះខ្សោយ មិនមែនជាភាពស្នេហាជាតិនោះទេ វាគឺជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង»៕

បកប្រែ និង កែសម្រួលដោយ៖ វៃ សុខលីនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]