កម្សាន្ត៖ កំពូលតារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo បដិសេធមិនទទួលសាក់ដូចមិត្តរួមការងារភាគច្រើន ដើម្បីឲ្យលោកអាចធ្វើរឿងដែលមានន័យ សម្រាប់សង្គម ជាទៀងទាត់។

ក្រឡេកឃើញថា នៅក្នុងវិស័យបាល់ទាត់សម័យទំនើប ស្នាមសាក់បានក្លាយទៅជា គ្រឿងអលង្ការ ដែលមិនអាចខ្វះបាន សម្រាប់តារាបាល់ទាត់ជាច្រើនដូចជា David Beckham, Lionel Messi, Neymar Jr ជាដើម ដែលមានរូប ចាប់ពីនិមិត្តសញ្ញាសំណាង ការរំលឹកគ្រួសារ រហូតដល់អនុស្សាវរីយ៍នៃជ័យជំនះ សុទ្ធតែត្រូវបានចារនៅលើស្បែក កីឡាករ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់មិនដូចមិត្តរួមការងារភាគច្រើននោះទេ Cristiano Ronaldo គឺជាករណីដ៏កម្រមួយ ដែលគ្មានស្នាមទឹកថ្នាំនៅលើខ្លួនរបស់លោក។

តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហើបថា មូលហេតុដែលលោកបដិសេធមិនចាក់សាក់ គឺដើម្បីអាចបរិច្ចាគឈាម និងខួរឆ្អឹងបានទៀងទាត់។ យោងតាម NHS បន្ទាប់ពីទទួលបានស្នាមសាក់ ឬចោះលើស្បែកហើយ អ្នកបរិច្ចាគឈាមត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ខែ មុនពេលពួកគេអាចបរិច្ចាគឈាមម្តងទៀត។

គួររំឮកផងដែរថា ចំណុចរបត់របស់ កីឡាកររូបនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១ នៅពេលដែលកូនប្រុសរបស់មិត្តរួមក្រុមរបស់លោក គឺ Carlos Martins (ក្រុមព័រទុយហ្គាល់) ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម ហើយត្រូវការ ការប្តូរខួរឆ្អឹងជាបន្ទាន់។ បន្ទាប់មក Ronaldo បានចុះឈ្មោះបរិច្ចាគខួរឆ្អឹង ហើយបានអំពាវនាវឱ្យអ្នកគ្រប់គ្នាចូលរួម។ ចាប់តាំងពីពេលនោះមក កីឡាកររូបនេះ នៅតែរក្សាទម្លាប់នៃការបរិច្ចាគឈាមជាប្រចាំ ដោយចាត់ទុកវាជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់លោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]