អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) បានបើកកិច្ចប្រជុំរយៈពេលមួយថ្ងៃពេញ ដោយសង្ឃឹមថា នឹងទទួលលទ្ធផលល្អ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានកិច្ចប្រជុំថ្នាក់លេខានៃគណៈកម្មការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៣នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការរដ្ឋានព្រំដែន ចន្ទបុរី ខេត្តត្រាត ប្រទេសថៃបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនមួយចំនួនគួរឱ្យកត់សម្គាល់។

លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នេះ នឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែន ថ្នាក់ភូមិភាគកម្ពុជា- ថៃ( RBC) ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុយ ហ៊ាន មេបញ្ជាការយោធភាគភូមិទី៣ ជាមួយឧត្តមនាវាឯក អាប់ភីឆាត សាប់ប្រេស៊ើត មេបញ្ជាការ ព្រំដែនចន្ទបុរី និងខេត្តត្រាត ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ។
លោកជំទាវឧត្ដមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ដថា កិច្ចប្រជុំនេះសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញឱ្យអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពពេញលេញដែលនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។
លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានអះអាងថា កិច្ចប្រជុំនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីកន្លងមក។ លោកជំទាវឧត្ដមសេនីយ៍ឯកបានបន្ថែមថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជាបន្តត្រៀមយ៉ាងម៉ឺងម៉ាត់ជានិច្ច។
ក្នុងឱកាសនោះដែរ លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងទៀតថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទនៅតែបន្តទាមទារឱ្យថៃបញ្ជូនកងទាហានចំនួន១៨រូបមកវិញ ឱ្យបានឆាប់រហ័សដោយគោរពច្បាប់អន្តរជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]