លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ការអនុវត្តនូវបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរតាមរយៈការផ្ញើសារជាច្រើនសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថ្លែងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ខាងកម្ពុជាបានធ្វើការប្រកបដោយស្មារតីស្ថាបនា និងស្មោះត្រង់ សហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ម៉ាឡេស៊ី រួមនឹងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជា សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រោះចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកយើងសង្កេតឃើញថាមានការវិវត្តន៍ជាវិជ្ជាមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរដូចជា ការប្រជុំនៃគណៈ

កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាក្នុងការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ដែលសម្រេចបាននៅទីក្រុងភូត្រាឆាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដែលជាការចាំបាច់ ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តន៍ជាវិជ្ជមាន ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]