ថ្មីៗនេះ ស្ថាប័ន SDF បានបង្ហាញពីក្ដីរំភើបរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនដំណឹងល្អ ថា SDF បានឈ្នះមេដាយប្រាក់ពីពានរង្វាន់ អាជីពការងារនាពេលអនាគត នៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញដ៏ល្អបំផុតសម្រាប់បុគ្គលិក” មេដាយនេះផ្តល់ជូនដោយ BRANDON HALL GROUP ដែលមានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក គឺជាក្រុមហ៊ុនដែលផ្តល់ទិន្នន័យ ការស្រាវជ្រាវ និងជាក្រុមហ៊ុនវិភាគឯករាជ្យមួយ ដែលបានបង្កើតគំនិតផ្តួចផ្តើមដ៏ល្បីមួយ គឺពានរង្វាន់ Human Capital Management (HCM) Excellence Award ដែលទទួលស្គាល់កម្រិតអន្តរជាតិ ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្ស។
លើសពីនេះផងដែរ មេដាយនេះ ត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ពីក្រុមអ្នកជំនាញឯករាជ្យរបស់ BRANDON HALL GROUP ដោយផ្អែកលើ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស✓ តម្រូវការជំនាញជាក់ស្តែងក្នុងអាជីវកម្ម និងបរិបទការងារបុគ្គលិក
✓ ការគ្រប់គ្រងគម្រោងសិក្សា និងការអភិវឌ្ឍជំនាញ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ
✓ ភាពច្នៃប្រឌិត និងបទពិសោធល្អពីដៃគូពាក់ព័ន្ធ ជាពិសេសដំណោះស្រាយបច្ចេកវិទ្យា
✓ ប្រសិទ្ធភាព អត្ថប្រយោជន៍ដែលអាចវាស់វែងបាន និងផលជះវិជ្ជមានពីកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការបញ្ជាក់ពីលោកស្រី Rachel Cooke ប្រធានប្រតិបត្តិការនៃ BRANDON HALL GROUP និងជាអ្នកដឹកនាំកម្មវិធី HCM EXCELLENCE AWARDS បានលើកឡើងថា៖ «តាមរយៈការវាយតម្លៃដ៏ល្អិតល្អន់ និងយ៉ាងម៉ត់ចត់នេះ ត្រូវបានចាត់ទុកជាគំរូនៃឧត្តមានុវត្តន៍ និងភាពច្នៃប្រឌិតខ្ពស់របស់ស្ថាប័ន ក្នុងការកសាងធនធានមនុស្ស»។
ម៉្យាងវិញទៀត លោក Mike Cooke ដែលជានាយកប្រតិបត្តិ BRANDON HALL GROUP ក៏បានលើកឡើងយ៉ាងដូច្នេះថា៖
«ស្ថាប័នដែលឈ្នះពានរង្វាន់ឆ្នាំ២០២៥នេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកសាងបទពិសោធល្អក្នុងការអភិវឌ្ឍជំនាញប្រកបដោយប្រសិទ្ធភាព និងអត្ថន័យខ្លឹមសារសម្រាប់បុគ្គលិក ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺការផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីអភិវឌ្ឍជំនាញដែលមានភាពច្នៃប្រឌិត ក្នុងការបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងមានគុណភាព»។
លើសពីនេះទៅទៀត មេដាយដែល SDF ទទួលបាននាពេលនេះ ក៏កំពុងបង្ហាញពីគំរូល្អមួយ ក្នុងការអភិវឌ្ឍជំនាញបុគ្គលិករបស់វិស័យឯកជន ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ដែលជាការឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ភាពជាដៃគូ រវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការរួមគ្នាពង្រឹង និងពង្រីកធនធានមនុស្សទាំងបរិមាណ និងគុណភាព។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលថ្មីនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ SDF ដែលបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ ដូចជា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងគំនិតច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍជំនាញ បង្កើនធនធានមនុស្សប្រកបដោយចំណេះ ជំនាញ សមត្ថភាព និងឥរិយាបទល្អ ដែលនេះ គឺជាធនធានដ៏ចាំបាច់បំផុតក្នុងការចូលរួមសម្រេចចក្ខុវិស័យ នាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]