លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]