ដូចដែលប្រិយមិត្តដឹងរួចមកហើយថា លោក ទ្រី ស៊ីថេង និង ដំរី ឈ្មោះឡាក់គី មានមនោសញ្ចេតនា ប្រៀបបានដូចជាគ្រួសារតែមួយ ខ្វះគ្នាពុំបាន។
យ៉ាងណាមិញ ហ្មដំរីរូបនេះ បានលាឈប់បម្រើការងារពីសួនសត្វភ្នំតាម៉ៅ បន្ទាប់ពីមើលថែសត្វព្រៃនៅទីនេះ អស់រយៈពេល៣០ឆ្នាំមក។ បើទោះបីជា លាដំរីឡាក់គី លោក ស៊ីថេង តែងតែទៅលេងជាមួយឡាក់គីជាញឹកញយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំបូងឡើយ រដ្ឋបាលព្រៃឈើបានរកឃើញ ដំរីឡាក់គី ដែលម្ដាយរបស់កូនដំរីតូច ទំនងជាត្រូវបានពួកអ្នកប្រមាញ់នៅខេត្តកោះកុង សម្លាប់លក់ក្នុងទីផ្សារខុសច្បាប់។

ដោយឃើញស្ថានភាព ឡាក់គី សោកសៅទើបតែបែកពីម្ដាយ កូនដំរីកំព្រា ត្រូវបានគេជួយសង្គ្រោះយកមកចិញ្ចឹមនៅក្នុងសួនសត្វចាប់តាំងពីឆ្នាំ១៩៩៩ នៅក្រោមការមើលថែរបស់លោក ស៊ីថេង ដែលជាហ្មដំរី។

ហ្មដំរី បានយក ថ្ងៃកំណើតរបស់ឡាក់គី គឺលោកបានយកថ្ងៃដែល ឡាក់គី មកដល់សួនសត្វដំបូងនោះគឺនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ១៩៩៩ ហើយមកដល់ថ្ងៃនេះ ឡាក់គី មានអាយុ២៦ឆ្នាំហើយ។
កាលពីមកដល់សួនសត្វដំបូង ឡាក់គី ទើបនៅជាកូនង៉ាដំរីនៅឡើយ ហើយត្រូវបានលោក ស៊ីថេង បំបៅទឹកដោះគោម្ដងគត់ ឡាក់គី ក៏តាមលោករហូតតែម្ដង។

មិនថា ដើរទៅណា ឬពេលសម្រាន្តនោះទេ ឡាក់គី តែងតែនៅក្បែរ ហ្មដំរី ចាត់ទុកលោកដូចជាម្ដាយបង្កើតរបស់ខ្លួនអញ្ចឹងដែរ។ នៅក្រោមការបង្ហាត់បង្រៀនរបស់ហ្មដំរី ឡាក់គី ធំធាត់យ៉ាងល្អ មានភាពឆ្លាតវ័យ ខុសពីដំរីទូទៅ ចេះរាំ ចេះស្ដាប់បង្គាប់ទៀតផង។

ពិតជាគួរឲ្យសោកស្ដាយ ដែលលោក ស៊ីថេង សម្រេចចិត្តលាឈប់ពីការងារជាអ្នកថែសត្វ ពិសេសនោះគឺ បែកពី ឡាក់គី ដែលធ្លាប់រួមរស់នៅជាមួយគ្នា ដូចឪពុក និងកូន។

ក្រោយពីលាឈប់ លោកត្រូវបានគេឲ្យសិទ្ធពិសេសគឺអាចចូលទៅលេង ឡាក់គី បានធម្មតា។ ប៉ុន្ដែគួរឲ្យសោកសៅបំផុត ដំរីឡាក់គី និងហ្មដំរី ដ៏កម្សត់ត្រូវបានបែកគ្នាសារជាថ្មី ដែលលើកនេះគឺបែកគ្នាគ្មានថ្ងៃត្រលប់។

ឡាក់គី បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២២ ខែសីហា បាន២ថ្ងៃកន្លងមក នៅថ្ងៃទី២៤ ខែសីហា ២០២៥ ដំរីឆ្លាត ឡាក់គី បានលាចាកលោកគ្មានថ្ងៃបកក្រោយ។
គួរបញ្ជាក់ដែរថា ក្នុងកំឡុងពេល ឡាក់គី ឈឺធ្ងន់ លោក ស៉ីថេង បាននៅក្បែរមើលថែជាប់រហូត ប៉ុន្ដែស្ថានភាពរបស់ឡាក់គី មិនអាចស្រោចស្រង់បាន នាងក៏បានលាឪពុកចិញ្ចឹមត្រឹមតែប៉ុណ្ណេះ។

លោកស៉ីថេង បានរៀបចំពិធីបុណ្យសព មានព្រះសង្ឃ មានការដង្ហែរសពយកទៅបញ្ចុះយ៉ាងស័ក្កសម។ ការស្លាប់របស់ឡាក់គី សម្រាប់លោកស៉ីថេង ប្រៀបបានទៅនឹងការបាត់បង់កូនស្រីរបស់ខ្លួនម្នាក់ ដែលចិញ្ចឹមបីបាច់ផ្ទាល់ដៃអស់រយៈពេល២៦ឆ្នាំ៕
សូមចូលរួមរំលែកទុក្ខដល់ដំរីឡាក់គី





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]