ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ មាន សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

១,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះមានពីរមាត្រា។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានពន្យល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹងនិងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើសកម្មភាពចូលរួមនិងឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឱ្យប៉ះ ពាល់ដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ឧតមរបយោជន៍ របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយមានការគាំទ្រពេញលេញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ផ្អែកតាមមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង១២៥រូប បានផ្តើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋានគតិយុត្ត អនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ដើម្បីបន្សុទ្ធនូវទឹកចិត្តស្នេហា ជាតិរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងភាពស្មោះត្រង់ដោយភាពស្ម័គ្រស្មោះ ការពារជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនេះ ការដកសញ្ជាតិខ្មែរនៅព្រះរាជាណាចក្រកម្ពុជាមិនមែនជាសញ្ញាណថ្មីនោះឡើយ ដោយហេតុថា ច្បាប់ខ្មែរនាសម័យមុនក៏បានកំណត់អំពីការដកសញ្ជាតិផងដែរ។ ចំពោះក្របខ័ណ្ឌច្បាប់នៃបណ្តាប្រទេសលើសកលលោកចំនួនប្រមាណ១៥០ប្រទេស ក៏មានច្បាប់ស្តីពី បណ្តាលឱ្យខូតខាតដល់ឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងតម្លៃជាតិ សាសន៍របស់ប្រទេសខ្លួន ដូចជាសាធារណរដ្ឋបារាំង ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក សហព័ន្ធអាល្លឺម៉ង់ សហធនរដ្ឋអូស្ត្រាលី សាធារណរដ្ឋអ៊ីតាលី សាធារណរដ្ឋបែលហ្ស៊ិក សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋសិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀត។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចជា ធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។

ជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស។ ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ ពង្រឹងការអនុវត្តនៃការទទួលបានសញ្ជាតិខ្មែរស្របតាមនីតិវិធីនៃច្បាប់នេះ។ ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិការស្នេហាជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ។ ចូលរួមផ្តល់ព័ត៌មានដល់អន្តរជាតិឱ្យមានការប្រុងប្រយ័ត្នចំពោះជនដែលត្រូវបានដកសញ្ជាតិ ដោយសារការគំរាមកំហែង ឬការប៉ះពាល់ដល់សន្តិសុខនៃពិភពលោក។

ក្រោយពីបានពិភាក្សាយ៉ាងផលផុសតាមនីតិវិធីអង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងយល់ព្រមចំនួន១២០នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ១២០រូប។

២,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ សេចក្តីព្រាងច្បាប់នេះមាន៣មាត្រា។

ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងដំណើរឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃគោលនយោបាយនិងយុទ្ធសាស្ត្រជាតិដែលនៅជាធរមាននិងការចង្អុល បង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្រ បញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបួនត្រឹមឆ្នាំ២០៥០។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុង ពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិនិងកៀរគរធនធានក្រៅ ប្រទេសយកមកបម្រើឱ្យផលប្រយោជន៍ជាតិ។

កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែន យុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ មានគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។ រាជរដ្ឋាភិបាលបានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថានតាមរយៈលិខិតលេខ៤៦ សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃ សន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។

ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី អង្គរដ្ឋសភាអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចំនួន១១៩សំឡេងនៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ១២០រូប៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]