កម្សាន្ត៖ តារាចម្រៀងប៉ុបដ៏ល្បីល្បាញ Taylor Swift បានប្រកាសថា នាងបានទទួលយក ការសុំរៀបការរបស់គូស្នេហ៍ ដែលជាកីឡាករ លោក Travis Kelce ។

គូស្នេហ៍មួយគូនេះ បានបញ្ជាក់ដំណឹងល្អនៅលើ Instagram ជាមួយនឹងចំណងជើង ដ៏គួរឱ្យអស់សំណើចថា «គ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នក ជិតបានរៀបការហើយ» ។

នៅក្នុងរូបថតជាច្រើនសន្លឹក Travis Kelce បានលុតជង្គង់នៅកណ្តាលសួន ដែលតុបតែងដោយផ្កា បង្ហាញ Taylor Swift ជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យ។ ចិញ្ចៀននេះ មានភាពលេចធ្លោជាមួយនឹងពេជ្រ នៅក្នុងស៊ុមមាស។ យោងតាម PageSix គ្រឿងអលង្ការពិសេសនេះ ត្រូវបានរចនាឡើងដោយកីឡាកររូបនេះដោយខ្លួនឯង ដោយមានការគាំទ្រពី អ្នកច្នៃម៉ូតគ្រឿងអលង្ការ Kindred Lubeck ដែលជាស្ថាបនិកនៃម៉ាកគ្រឿងអលង្ការ Artifex Fine Jewelry នៅទីក្រុងញូវយ៉ក។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀង Taylor Swift មើលទៅពោរពេញដោយសុភមង្គល ដោយបានឱប និងថើបគូដណ្តឹង មុនពេលអ្នកទាំងពីរថតរូប ដើម្បីថតយកពេលវេលាដ៏ពិសេសនេះ។ នៅក្នុងរូបថតមួយសន្លឹក Taylor អង្គុយយ៉ាងស្និទ្ធស្នាលជាមួយនឹងមិត្តប្រុសរបស់នាង នៅលើកៅអីក្រោមផ្កា។

ត្រឹមតែ ៥ ម៉ោងបន្ទាប់ពីការប្រកាសនេះ ការបង្ហោះរបស់ Taylor Swift និង Travis Kelce បានឈានដល់ជិត ២០ លាន Like នៅលើ Instagram ។ ដំណឹងនេះកំពុងតែផ្ទុះពេញបណ្ដាញសង្គម ហើយអ្នកគាំទ្ររបស់គូស្នេហ៍នេះ មានការរំភើបចិត្ត និងចែករំលែករូបថតភ្ជាប់ពាក្យគ្រប់ទីកន្លែង។

គួររំឭកផងដែរថា Taylor Swift និង Travis Kelce មានទំនាក់ទំនងស្នេហាតាំងពីរដូវក្តៅឆ្នាំ ២០២៣។ ពួកគេបានជួបគ្នាបន្ទាប់ពី Travis បានប្រកាសនៅលើផតឃែស្ថថា ខ្លួនបានព្យាយាមផ្តល់ឱ្យ Taylor នូវខ្សែដៃមិត្តភាព ជាមួយនឹងលេខទូរស័ព្ទរបស់លោក នៅលើវាក្នុងអំឡុងពេលការសម្តែង Eras Tour ប៉ុន្តែមិនបានសម្រេចនោះទេ។ ឮបែបនេះ Taylor ក៏បានផ្តួចផ្តើមគំនិតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Travis ។ នៅខែកញ្ញាឆ្នាំ ២០២៣ តារាចម្រៀងប៉ុបរូបនេះ បានទៅលើកទឹកចិត្ត Travis Kelce នៅកីឡដ្ឋាន ដោយបានប្រកាសទំនាក់ទំនងរបស់ពួកគេជាផ្លូវការ បន្ទាប់ពីស្គាល់គ្នាបានប្រហែលពីរខែ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]