លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជាមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងនេះគឺមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ តែថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាថែមទៀតផង។
ការលើកឡើងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជំទាវអ្នកនាំពាក្យបានបន្ថែមថា លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគនាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤កម្ពុជា និងបញ្ជា ការដ្ឋានកងទ័ពភូមិភាគទី២ថៃ ដែលទើបបានបញ្ចប់ទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនជំនឿទុកចិត្ត សំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែនដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និង បញ្ចៀសការប៉ះទង្គិចគ្នាក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ដោយប្រសិនបើមាន បញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់ ហើយក្នុងន័យនេះកម្ពុជាសូមស្នើភាគីថៃឱ្យអនុវត្តដូចគ្នានូវស្មារតីនេះ ដោយកម្ពុជាសូមគូសបញ្ជាក់ពីការរក្សាគោលជំហរក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី និងដោយស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ អាស៊ាន៕
ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]