ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥ កម្ពុជានៅតែផ្ដល់តម្លៃយ៉ាងខ្ពស់ទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ និងនៅតែគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ក៏កំពុងស្ថិតនៅជាធរមាន និងបានបន្តផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាពលរដ្ឋទាំងពីរ កម្ពុជា ថៃ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ការគោរពកិច្ចព្រមព្រៀងឈប់បាញ់នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុចរិត ដោយស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេទទួលស្គាល់និងកោតសរសើរកាន់តែច្រើនជាលំដាប់លើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា «ប្រទេសដ៏តូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសនានានៅក្នុងពិភពលោក តាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលថ្នាក់ដឹកនាំរបស់យើងតែងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃនៅពេលនេះ និងបានពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជាទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស»។
បន្ថែមពីលើនេះ ការរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពងដើម្បីបង្ហាញស្មារតី ស្រឡាញ់សន្តិភាព គោរពច្បាប់និងសណ្ដាប់ធ្នាប់អន្តរជាតិដោយទាមទារឱ្យប្រទេសថៃ គោរពបទឈប់បាញ់និងបញ្ឈប់រាល់ការបង្កហេតុនានាដែលអាចនឹងនាំដល់ការផ្ទុះអាវុធឡើងវិញ រវាងប្រទេសទាំងពីរ បានធ្វើឱ្យពីភពលោកកាន់តែចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជា។
សំឡេងតែមួយរបស់កម្ពុជាដែលថ្នាក់ដឹកនាំក៏ដូចជា ប្រជាពលរដ្ឋខ្មែរបានបង្ហាញទៅកាន់ពិភពលោក គឺជាសំឡេងមួយដែលច្បាស់លាស់គឺកម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់និងសណ្ដាប់ធ្នាប់អន្តរជាតិ កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺមិនមែនជាជម្លោះប្រដាប់អាវុធទេ។
គោលបំណងនិងសកម្មភាពជាក់ស្ដែងរបស់កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ ដឹងឮនិងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា៖ ដំណើរទស្សនកិច្ចរបស់អង្គទូត ដំណើរទស្សនកិច្ចសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នIOT(Interim Observer Team) ក៏ដូចជា តាមរយៈមន្ត្រីបរទេសផ្សេងៗ រួមទាំងអ្នកសារព័ត៌មានបរទេសផងដែលបានមកដល់ប្រទេសកម្ពុជា និងក៏ដូចជាការនាំសារ ការពិតពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក។
សរុបមកវិញយើងអាចនិយាយបានថា កម្ពុជា ជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយ និងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្ដាប្រទេសជាច្រើនលើពិភពលោក។ ទោះជាយ៉ាងណា បេសកកម្មយើងនៅមិនទាន់ចប់នៅឡើយទេ ដែលទាមទរឱ្យយើងទាំងអស់គ្នាបន្តថែរក្សាកម្លាំងមហាសាមគ្គីភាព ឯកភាពជាតិដ៏រឹងមាំនេះនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ព កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើងជាបន្តទៀត និងដោយឥតងាករេ៕
ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]