ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាព សហគមន៍ដែលរងផលប៉ះពាល់ ដោយជម្លោះប្រដាប់អាវុធ កាលពីពេលថ្មីៗ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លង ដែនផ្សេងទៀត។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង បានបញ្ជាក់សាជាថ្មី នូវការគាំទ្ររបស់ប្រទេសចិន ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសទាំងពីរ យន្តការ សង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស។ ក្នុងនោះឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរង ផលប៉ះពាល់ដោយជម្លោះប្រដាប់ អាវុធនាពេលថ្មីៗនេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនា របស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា រវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគាំទ្រឥតងាករេ របស់ប្រទេសចិនដល់ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្តារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានាធិបតីចិន សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ ក្នុងការកសាងឡើងវិញ នូវសហគមន៍ដែលរងការខូចខាត ដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាករបស់ប្រជាជន នៅមូលដ្ឋានតំបន់រងផលប៉ះពាល់៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]