លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីបានឯកភាពគ្នាឱ្យ​បង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) ក្នុងការងារដោះមីន​មនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។

គួររំលឹកផងដែរថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្ត​សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផលក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤.០០០នាក់ ក្នុងមួយ​ឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជាជាប្រទេស​ដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាព​ពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះ​ដោយសារ​សង្គ្រាមផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]