ភ្នំពេញៈ តារាស្រីរាងតូចច្រឡឹង សម្បុរស កញ្ញា វ៉ាឌី ភាលី បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហ៍ ប្រកាសក្តែងៗជាសាធារណៈថា នាងមានម្ចាស់បេះដូងរួចហើយ ដោយបុរសសង្ហាជាម្ចាស់ស្នេហ៍ របស់នាងនោះ មិនមែនជាអាណិកជន ឬក៏ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កូនអ្នកជំនួញដូចសិល្បៈការិនីដទៃទេ ពោលបុរសម្នាក់នោះ គឺជាអ្នកសិល្បៈរួមអាជីព ជាច្រើនឆ្នាំណាស់មកហើយ ។

ស្ថិតនៅក្នុងការតុបតែងខ្លួន ស្ទីលយុវវ័យ កញ្ញា វ៉ាឌី ភាលី បានបង្ហើបប្រាប់ នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះថា នាងបានចូលប្រឡូក ក្នុងការងារសិល្បៈ រយៈពេលត្រឹមតែ១ឆ្នាំ ក៏ពិតមែន តែនាងទទួលបានជោគជ័យ ទាំងរឿងស្នេហា និងទីផ្សារការងារ។ នាងមានការរវល់ច្រើនជាមួយខនសឺតតាមទូរទស្សន៍ និងតាមខេត្ត មិនសូវមានពេលទំនេរ ហើយក្រៅពីការច្រៀង នាងក៏បានទទួលថតខារ៉ាអូខេ ឲ្យខាងផលិតកម្ម ថោនផងដែរ ។

តាមរយៈការបង្ហើប ពីភាពជោគជ័យ ទាំងស្នេហា និងការងារនេះ កញ្ញារូបស្រស់ មានទម្រង់មុខមូលសាច់សរម៉ដ្ឋ រលោងរូបនេះ ក៏បានបង្ហើបឲ្យដឹងថា “ ខ្ញុំទទួលស្គាល់ថា ការងារសិល្បៈរបស់ខ្ញុំ កំពុងតែទទួលបានភាពរីកចម្រើន ច្រើនគួរសម ។ សម្រាប់រឿងស្នេហាវិញ មិនបាច់និយាយទេ គឺខ្ញុំមានស្នេហា និងបានសិក្សាស្វែងយល់ចិត្តគ្នា២-៣ឆ្នាំមកហើយ។ អ្វីដែលខ្ញុំមានសព្វថ្ងៃនេះខ្ញុំគិតថា វាជាជោគជ័យសម្រាប់ខ្ញុំ ទោះជាចូលសិល្បៈត្រឹមតែ១ឆ្នាំក៏ដោយ ” ។

ទន្ទឹមជាមួយនឹងការបង្ហើប ពីស្នេហានេះ ត្រូវបានស្រីស្អាតវ័យ១៧ឆ្នាំ វ៉ាឌី ភាលី បានប្រាប់ដោយមិនមាន ការលាក់លៀមថា បុរសដែលនាងទទួលយក មកធ្វើជាម្ចាស់បេះដូង និងជាមិត្តមួយជីវិតនោះ គឺជាតារាចម្រៀងក្នុងផលិតកម្ម Big Man គឺលោក ម៉ារីអូ ។ចំណងស្នេហានេះ បានដុះដាលក្លាយជា ពន្លកស្នេហ៍ ជិត៣ឆ្នាំហើយ គ្រាន់តែនាង និងគ្រួសារ មិនចង់ប្រកាសជាសាធារណៈទើបតែពេលនេះ នាងសម្រេចចិត្តទម្លាយ នៅក្នុងកម្មវិធីវិទ្យុ ដើមអម្ពិលតែម្តងទៅ ។

តារាចម្រៀង និងជាតារាសម្តែងរូបស្រស់ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំនិងគាត់ (ម៉ារីអូ) មានទំនាក់ទំនងស្នេហា ស្វែងយល់ចិត្តគ្នាច្រើនឆ្នាំ ដឹងឮដល់ចាស់ទុំ ទាំងសងខាង ។ ពេលនេះខ្ញុំ និងគាត់ក៏បានភ្ជាប់ពាក្យតាមប្រពៃណីរួចហើយ រង់ចាំតែថ្ងៃល្អដឹកដៃគ្នា ចូលរោងការតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រឿងរៀបការ គឺពួកខ្ញុំនៅមិនទាន់គិតទេ ប្រហែលជានៅយូរទៀត ព្រោះពេលនេះខ្ញុំចង់ទុកពេល សម្រាប់ការងារ និងមានកេរ្តិ៍ឈ្មោះឲ្យល្បីជាងនេះសិន។ ម្យ៉ាងពួកខ្ញុំក៏នៅវ័យក្មេងៗ ជម្រើសការពន្យាពេល គឺល្អសម្រាប់ពួកខ្ញុំ..! ” ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]