ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវ រថយន្តបុកពីក្រោយស្លាប់ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ មីនា នៅក្បែរង្វង់មូលហនុមាណ ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង គ្រាដែលកំពុងជិះម៉ូតូដើម្បី ទៅអញ្ជើញសំបុត្រភ្ញៀវមក ចូលរួមពិធីខួបកំណើតខ្លួន។

មន្រ្តីនគរបាលចរាចរនិយាយថា ជនរងគ្រោះឈ្មោះស៊ាន សុណាន ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកបំរើការនៅ ក្នុងភោជនីដ្ធាន«ខេអូ» រស់នៅក្នុងភូមិក្រួស ឃុំអូរតាគី ស្រុកថ្មគោល ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1R-1680 ។ មន្រ្តីដដែលបញ្ជាក់ថា រថយន្តបង្កបានបុកអ្នកជិះម៉ូតូពីក្រោយ ពេលកំពុងធ្វើដំណើរស្រប ទិសគ្នាពីកើតទៅលិច។ ក្រោយពីបុកមនុស្សស្លាប់ រថយន្តបង្កនេះមិនបានឈប់ទេ រឹតតែបន្ថែមល្បឿនបើករត់ តែគេបានស្គាល់ស្លាក លេខរថយន្តនោះហើយ គឺជារថយន្តដឹកទំនិញប្រភេទយីឌុប ពាក់ស្លាកលេខភ្នំពេញ3A-7355។ រថយន្តនេះបានបន្តដំណើរតាមផ្លូវជាតិលេខ ៥ឆ្ពោះទៅទិសខាងលិច ក្រោយពីបង្កគ្រោះថ្នាក់។

តាមការបំភ្លឺពីសាក្សីថា គេបានផ្ដល់ព័ត៏មាននេះភ្លាមៗទៅឲ្យ សមត្ថកិច្ចស្រុកថ្មគោលជួយអន្តរាគមន៏ ព្រោះរថយន្តឆ្ពោះចូល ទៅកាន់ទឹកដីស្រុកថ្មគោល ប៉ុន្តែគ្មានលទ្ធផលទេ រហូតមកដល់ពេលនេះ។ គេមិនដឹងថា តើសមត្ថកិច្ចស្រុកនេះបានចេញជួយ អន្តរាគមន៏ដែរឬយ៉ាងណានោះទេ ក្រោយទទួល បានព័ត៏មាននេះ ព្រោះបើតាមល្បឿនរថយន្តយក្ស នេះមិនអាចបើករត់រួចទេ។

ទោះជាយ៉ាងណាមន្រ្តីការិយាល័យ ចរាចរណ៏ខេត្តបានត្រឹមនាំយកម៉ូតូ ជនរងគ្រោះទៅរក្សាទុកតែប៉ុណ្ណោះ រីឯរថយន្តគេមិនទាន់ដឹងថា មានតម្រុយហើយ ឬយ៉ាងណានោះទេ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]