សៀមរាប៖ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ថោង ខុន បានសម្តែងការរំពឹង ទុករបស់ខ្លួនថា រូបភាពប្រសាទបុរាណដ៏ ច្រើនរបស់ខ្មែរ និងតំបន់ផ្សេងៗទៀត នៅលើទំព័រ Google Street Viewនឹងជួយទាក់ទាញ ភ្ញៀវទេសចរកាន់ តែច្រើនថែមទៀតចូលមកកម្ពុជា។

លោករដ្ឋមន្រ្តី ថោង ខុន ក្នុងឱកាសចុះពិសារភោជនាអាហារ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំរបស់ក្រុម ហ៊ុនហ្គូហ្គល និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណជា ៩០នាក់ ដែលបានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ ដាក់បង្ហាញរូបភាពប្រសាទបុរាណខ្មែរ លើទំព័រហ្គូហ្គលស្ទ្រីតវីយូ (Google Street View) និង ទំព័រវិទ្យាស្ថានចង ក្រងវប្បធម៌ (Google Culture Institute) បានទាញការកត់សម្គាល់ថា ការផ្សព្វផ្សាយតាម អេឡិចត្រូនិកទទួល ផលបានឆាប់រហ័ស និងចំណាយដើមទុនតិចជាងការផ្សព្វផ្សាយដទៃ។ លោកក៏រំពឹងផងដែរថា Google Mapនិង Google Street View នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្តថា «Google ជាវេបសាយល្អ ពិភពលោកទទួលស្គាល់ ដែលមាន ប្រជាប្រិយភាព អ្វីដែល Google ធ្វើថ្ងៃនេះ បានជួយផ្សព្វផ្សាយខ្លាំងពីកម្ពុជា មិនមែនតែតំបន់អង្គរទេ តែបានជួយ ផ្សព្វផ្សាយដល់តំបន់សមុទ្រ រាជធានីភ្នំពេញ និងប្រាសាទព្រះវិហារទៀត។ ប្រជាជនលើពិភពលោកខ្លះ មិនទាន់ ស្គាល់កម្ពុជាទេ ចឹងតាមរយៈ Google នេះ គេនឹងស្គាល់កម្ពុជា ហើយមានភ្ញៀវទេសចរច្រើនមកកម្ពុជា»។

លោក ថោង ខុន លើវេទិកាពីមុខប្រាសាទបាយ័នក្រោមពន្លឺភ្លើងពណ៌ ដ៏ស្រទន់នាពេលរាត្រី បានគូសបញ្ជាក់ទៅ កាន់ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិថា កាលពីឆ្នាំ២០១៣ ភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជាកើនឡើង ១៧,៥ភាគរយ ហើយនៅឆ្នាំ២០២០ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ រហូតដល់ ៨លាននាក់ ក្នុងនោះ ៤លាន នាក់ជាភ្ញៀវទេសចរបរទេស  អាចរកចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងផ្តល់ការងារជូនប្រជាពល រដ្ឋកម្ពុជា ប្រមាណ ១លាននាក់ផងដែរ។

ក្នុងឱកាសជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការសាទរ និងអរគុណដល់ក្រុមហ៊ុន Google ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានសហការសម្រេចនូវសមិទ្ធ គួរជាទីមោទនរបស់កម្ពុជានេះ។

លោកទេសរដ្ឋមន្រ្តី បានរំពឹងថា Google Street View នឹងនាំប្រទេសកម្ពុជាទៅ ដល់មនុស្សគ្រប់គ្នា និងគ្រប់ទី កន្លែង ហើយមនុស្សកាន់តែច្រើន លើពិភាពបានស្គាល់កម្ពុជា ហើយតាមរយៈ Google Street View ក៏នឹងជួយ ជំរុញយុវវ័យកម្ពុជា សិក្សាបានកាន់តែច្រើនថែមទៀតពី សារប្រយោជន៍របស់អ៊ិនធឺណិត។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដោយយោងទៅលើការកើន ឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត ពោល កើនពី ២,៧លាននាក់នៅឆ្នាំ២០១២ រហូតដល់ ៤លាននាក់នៅឆ្នាំ២០១៣ ដែលអ្នកប្រើប្រាស់ភាគច្រើន ជាយុវវ័យរបស់កម្ពុជានោះ លោករំពឹងថា យុវវ័យកម្ពុជា នឹងចូលរួមចំណែកនាំ ប្រទេសជាតិរបស់ខ្លួនទៅឲ្យពិភព លោកបានស្គាល់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Google នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះ បានបើកព្រឹត្តិការណ៍បង្ហាញនូវការ ដាក់បញ្ចូលរូបភាពប្រាសាទបុរាណ របស់ខ្មែរក្នុងតំបន់អង្គរប្រមាណជា ១០០ប្រាសាទ មាន ៩ម៉ឺនរូបភាព ទៅលើ ទំព័រ Google Street View និងទំព័រ Google Culture Institute ដោយមានការចូលរួមប្រមាញ់ ព័ត៌មានពីអ្នកកា សែតជាតិ និងអន្តរជាតិប្រមាណ ៩០នាក់ មកពី១៦ប្រទេស៕

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបង្ហាញចំណាប់អារម្មណ៍ ចំពោះការដាក់រូបភាព ប្រាសាទអង្គរទៅក្នុង Google Street View

លោក ថោង ខុន ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែត













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]