ពោធិ៍សាត់៖ កម្លាំងនគរបាល ស្រុកវាលវែង ខេត្ដពោធិ៍សាត់ បានបើកប្រតិបត្ដិការ ចុះទៅបង្ក្រាបនិង ដកហូតប្រេងម្រះព្រៅ បានជាបន្ដបន្ទាប់ កើនឡើង៨៥ប៊ីដុង នៅព្រឹកថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០១៤ ក្រោយប្រេង ម្រះព្រៅចំនួន ជាង៣០ប៊ីដុង ត្រូវបានបង្ក្រាប និងដកហូត កាលពីរសៀល ថ្ងៃអាទិត្យ ។

មន្ដ្រីនគរបាល ស្រុកវាលវែង បាននិយាយថា ប្រេងម្រះព្រៅ ដែលរាជរដ្ឋាភិបាល ហាមឃាត់ ចំពោះការចែកចាយ ដោយសារតែមាន សារធាតុញៀននោះ ត្រូវបានឈ្មួញ លួចកប់នៅក្នុងដី ដោយច្រកក្នុងប៊ីដុង ចំណុះ៣០លីត្រ នៅឃុំថ្មដា និងឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ។

មន្ដ្រីនគរបាល ស្រុកវាលវែង បានបន្ដទៀតថា កាលពីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលបានចុះ ទៅដកហូតប្រេងម្រះព្រៅ នៅឃុំថ្មដាជាង ៣០ប៊ីដុង ដែលឈ្មួញលាក់ទុក ក្រោមដីនៅទីនោះ លុះព្រឹកថ្ងៃទី១៨ ខែសីហានេះ កម្លាំងនគរបាល បានបន្ដធ្វើការស្រាវជ្រាវ ហើយចុះទៅដកហូត បន្ថែមនៅបានសរុប ៨៥ប៊ីដុង នៅភូមិក្រាំងរងៀត ឃុំអន្លង់រាប ។

យ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្ដិការ ចុះដកហូតនិង បង្ក្រាបប្រេងម្រះព្រៅ ខាងលើនេះ ពុំមានជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួននោះឡើយ ពោលពួកគេបាន រត់គេចខ្លួនអស់ ក្រោយពីដឹងថា កម្លាំងសមត្ថកិច្ចបានចុះទៅ បង្ក្រាបនៅទីនោះ ។

សូមបញ្ជាក់ ប្រេងម្រះព្រៅ គឺជាសារ ធាតុរាវម្យ៉ាង ដែលមានសារធាតុញៀន ត្រូវ បានឈ្មួញរកស៊ីចែកចាយ ប៉ុន្ដែក៏ត្រូវបាន បង្ក្រាបជាបន្ដបន្ទាប់ ពីសំណាក់កម្លាំងសមត្ថកិច្ច នៅតាមបណ្ដាខេត្ដ ព្រោះតែសារធាតុមួយនេះ ត្រូវបានរាជរដ្ឋាភិបាល ហាមមិនឱ្យមាន ការជួញដូរឡើយ ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]