ភ្នំពេញ : យុវជនខ្មែរ អភ័ព្វស្នេហ៍ម្នាក់ ដោយសារខឹងសង្សាររបស់ខ្លួន ជាជនជាតិវៀតណាម បែកចិត្ត រត់ទៅ តាមប្រុសផ្សេង ជាជនជាតិ វៀតណាមដូចគ្នានោះ ខូចចិត្តបានយកកាំបិតប័ុងតោអារដៃខ្លួនឯង ហូរឈាមរង របួសធ្ងន់ធ្ងរ រួចដើរក្រវីកាំបិត ពេញដងផ្លូវ ក្បែរផ្សារ ច្បារអំពៅ អំពីបង្កការភ័យខ្លាច និងភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលា ម៉ោង ៣រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ កែងផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

នាយនគរបាលប៉ុស្តិ៍ច្បារ អំពៅទី២ លោក ទេព បូរ៉ា បាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើនេះ មាន ការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ នៅតាមផ្លូវ ក្រោយពីបានឃើញយុវជនម្នាក់ កាន់កាំបិតប័ុងតោ ក្រវីចុះឡើង ហើយអារដៃខ្លួនឯង រហូតហូរឈាមផងដែរ។ លោក ទេព បូរ៉ា បាននិយាយទៀតថា ក្រោយពីមានរឿងនេះ កើតឡើង លោកសុំបទបញ្ជាពីអធិការនគរបាលខណ្ឌ លោក នេត ស៊ីថុន ដើម្បីឃាត់ខ្លួនរូបនេះ ជៀសវាងបង្ក ការគ្រោះថ្នាក់ ដល់អ្នកដំណើរ ពីព្រោះរូបគេក្រវីកាំបិតរហូត គ្មាននរណាហ៊ានចូលទៅជិតឡើយ ។

បើតាមបាយនគរបាលប៉ុស្តិ៍ រូបនេះ លោកអធិការបាន បញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ សហការជាមួយខណ្ឌ ប្រើ វិធីលួងលោម តាមរបៀប ចិត្ត សាស្ត្រ រហូតដល់ជនរូបនេះ យល់ព្រមប្រគល់កាំបិត និងនាំមកកាន់ស្នាក់ ការប៉ុស្តិ៍ ដើម្បីអប់រំ ។

លោក ទេព បូរ៉ា បានបញ្ជាក់ថា ក្រោយការសួរនាំ យុវជនរូបនេះ ហ៊ានយកកាំបិតអារដៃខ្លួន រហូតចេញ ឈាម និងគ្រវីចុះឡើង ពីព្រោះតែ ខូចចិត្ត នឹងសង្សាររបស់ខ្លួន ដែលជាជនជាតិវៀតណាម បានរត់ទៅតាមប្រុសផ្សេង ជាជនជាតិវៀតណាមដូចគ្នា គឺរត់ទៅកាន់ ទីក្រុងបាវិត តែម្តង ។

លោក ទេព បូរ៉ា បាននិយាយថា យុវជនខូចចិត្តនេះ ឈ្មោះ ពៅ សុខ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ កើតហេតុ មានមុខរបរ ជា កម្មករ សំណង់ មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ ដោយឡែកនារី ជាសង្សារ ឈ្មោះ រ័ត្ន អាយុ ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

ជុំវិញបញ្ហានេះដែរ ចៅសង្កាត់ច្បារអំពៅទី២ លោក យុិន វុធ បានបញ្ជាក់ថា នេះជាករណី យុវជនខូចចិត្ត សង្សារ រត់ចោលគេ ពោលមិន មែនជារឿង បទល្មើសអ្វីនោះឡើយ ។ លោកបន្តថា ពាក់ព័ន្ធករណីនេះ លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌ ច្បារអំពៅ ក៏សួរនាំ និងឲ្យខាងសង្កាត់ ធ្វើការអប់រំ និងអនុញ្ញាត ឲ្យ ត្រឡប់ទៅលំនៅឋាន វិញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]