បរទេស៖ កាលពីពេលថ្មីៗនេះ ខ្មែរឡូតបាន ប្រទះឃើញនូវ អត្ថបទមួយដែល នារីជាភ្ញៀវទេសចរ ជនជាតិចិន ម្នាក់រស់នៅឯ ទីក្រុង ហុងកុង បានសរសេរ រៀបរាប់ ពី តថភាពនៃ សង្គមនាពេល បច្ចុប្បន្នរបស់ ប្រទេសកម្ពុជា ក៏ដូចជាធ្វើការ ប្រៀបធៀបប្រទេស កម្ពុជា ជាមួយនិង ប្រទេស ចិន កាលពី២០ ទៅ៣០ឆ្នាំមុន។

សេចក្តីរៀបរាប់ នេះគឺចាប់ផ្តើមឡើង នៅពេលដែល នារីម្នាក់នោះ បាននាំប្តី និងកូន ២នាក់ទៀត របស់គាត់មក ទស្សនា ប្រទេសកម្ពុជា ដែលត្រូវបានគេ ដឹងថាជាប្រទេស ដែលក្រីក្រមួយ ផងដែរក្នុង តំបន់អាស៊ី ដើម្បីនាំយក របស់ប្រើប្រាស់ មួយចំនួន ដូចជាក្រដាស ថ្នាំមូស និងថ្នាំមួយ ចំនួនទៀត មកចែកជូន មណ្ឌលកុមារកំព្រា នៅឯខេត្តសៀមរាប។

គាត់បានសរសេរ បញ្ជាក់ថា “ដំបូងឡើយ ពេលដែលខ្ញុំ ចុះពីលើយន្តហោះភ្លាម ខ្ញុំអាចឃើញ ហាងធំៗ ដែលមានស្តង់ដាខ្ពស់ ជាច្រើនរួមមាន Burger King, Costa Coffee និង Dairy Queen ដូចនៅក្នុង ប្រទេសថៃដែរ ក៏ប៉ុន្តែពេលដែល ធ្វើដំណើរ តាមដងផ្លូវនោះ ខ្ញុំក៏បានឃើញ ប្រជាជនជាច្រើន បានធ្វើ ដំណើរតាម ម៉ូតូឬកង់ ដែលនេះជាអ្វី ដែលប្រជាជនចិន ធ្លាប់ធ្វើកាលពី ២០ឬ ៣០ឆ្នាំមុន។”

គាត់បានបន្ថែមទៀតថា “ផ្លូវថ្នល់ជាច្រើន នៅក្នុងប្រទេសនេះ មានសភាព អន់ខ្សោយ ដែលយើងត្រូវ ចំណាយពេល ១០ម៉ោង ដើម្បីធ្វើដំណើរ ពីភ្នំពេញទៅ សៀមរាប ដែលមានចំងាយ ២៥០គីឡូម៉ែត្រ ។ តែប្រព័ន្ធទូរស័ព្ទ គឺពិតជាល្អ ហើយសេវាកម្ម របស់វាមានតម្លៃ ថោកសមរម្យ ដែលនេះបាន បង្កើតជាចម្ងល់ មួយ ព្រោះថាខ្ញុំបានឃើញ ព្រះសង្ឃមួយចំនួន បានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន និងនិយាយ ទូរស័ព្ទរហូត ដោយមិនអស់ចិត្ត ខ្ញុំក៏សួរទាក់ទង និងរឿងនេះ ព្រះសង្ឃទាំងនោះ ក៏ឆ្លើយថា ពួកគេនិយាយច្រើន បែបនេះគឺទាក់ទង តែរឿងការងារ ប៉ុណ្ណោះគ្មានរឿង អ្វីផ្សេងឡើយ ប៉ុន្តែយ៉ាងណាមិញ ខ្ញុំក៏នៅតែកត់សំគាល់ ឃើញថា ព្រះសង្ឃទាំងនោះ បានដកទូរស័ព្ទដៃ របស់ពួកគេ យកមកថតរូបពួកខ្ញុំ ធ្វើព្រងើយ បើទោះជា ពួកគេកំពុងតែ សូត្រមន្ត បែបណាក៏ដោយ”។

“ចំពោះកុមារ នៅក្នុងប្រទេស កម្ពុជា វិញពួកគេពិតជា គួរឲ្យស្រឡាញ់ ឆ្លាតហើយ អ្វីជាពិសេសនោះ គឺពួកគេអាច និយាយភាសាបរទេស បានយ៉ាងល្អផងដែរ នេះគឺជាចំណុចខ្លាំងមួយ នៃធនធានមនុស្ស នាតំបន់នេះ”។

យ៉ាងណាមិញ នារីម្នាក់នេះ ក៏បានលើកឡើងថា “បើទោះជា ប្រទេសកម្ពុជា ជាប្រទេសដែល ក្រីក្រក៏ពិតមែន តែសន្ទុះនៃ ការកើនឡើង ផ្នែកធនធានមនុស្ស និងការរីកចំរើន នៃសេដ្ឋកិច្ច អាចនឹងធ្វើ ឲ្យប្រទេសនេះ មានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស នៅពេលខាងមុខនេះ”។

ទាំងនេះគឺជា ការរៀបរាប់ ពីស្ថានភាពជាក់ស្តែង ដែលភ្ញៀវទេសចរម្នាក់ ហើយគាត់សរសេរវាឡើង គឺគ្រាន់តែជា ការចែករំលែក បទពិសោធន៍នូវ អ្វីដែលគាត់ធ្លាប់ បានមកទស្សនា នៅប្រទេសកម្ពុជា យើងនេះ៕

នេះគ្រាន់តែជា មតិយោបល់មួយ របស់ នារី ដែលជាភ្ញៀវទេសចរ ខាងលើតែប៉ុណ្ណោះ ដែលមកទស្សនា ប្រទេសកម្ពុជា ចុះសម្រាប់ ប្រិយមិត្ត វិញ យល់ យ៉ាងណាដែរ?

រូបថតរបស់ គាត់និងគ្រួសារ


ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]