ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាចាប់អារម្មណ៏ ខ្លាំងណាស់ ចំពោះការដាំដុះ ដំណាំផ្សេងៗ ព្រោះដំណាំទាំងនោះ បានផ្តល់ប្រយោជន៏ ជាច្រើន ដូចជា ផ្លែ និងម្លប់ ជាដើម។ ជាមួយគ្នានេះដែរ ប៊ឺ ក៏ជាដំណាំម្យ៉ាង ដែលអាចផ្តល់នូវ ផ្លែដ៏ឈ្ងុយឆ្ងាញ់ និងម្លប់ដើម្បីជ្រក ពីកម្តៅថ្ងៃ ផងដែរ។ ជាងនេះទៅទៀត ផ្លែប៊ឺ អាចយកពិសារធម្មតា ឬធ្វើជាការ៉េម (ក្លាស្សេ) ហើយក៏អាច យកមកធ្វើជា ប៊ឺក្រឡុក ទៀតផង។


ដើមប៊ឺ ដែលបានបណ្តុះរួច អាយុប្រហែល ១ខែ

ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ អំពីអត្ថប្រយោជន៏របស់ ប៊ឺ ប៉ុណ្ណោះ ដូច្នេះហើយ លើកក្រោយ ប្រសិនបើប្រិយមិត្ត ពិសារផ្លែប៊ឺរួច សូមកុំបោះចោលគ្រាប់វាអី ព្រោះប្រិយមិត្ត ក៏អាចសាកល្បង បណ្តុះ និងដាំដើមប៊ឺ ដោយខ្លួនឯងផ្ទាល់ តាមវីធីសាស្រ្ត ងាយៗ និងសាមញ្ញ ដូចខាងក្រោមនេះ៖

១) លាងសម្អាតគ្រាប់ប៊ឺ៖ ជំហ៊ានដំបូងនេះ អ្នកត្រូវយកគ្រាប់ប៊ឺ មកលាង និងសម្អាត នូវសំបកស្តើងៗ ដែលគ្រប់ពីលើ គ្រាប់ប៊ឺចេញ ឲ្យបានស្អាត។ ត្រូវប្រើប្រាស់ទឹកស្អាត និងមិនត្រូវ ប្រើប្រាស់ទឹកសាប៊ូឡើយ។


គ្រាប់ប៊ឺ


ត្រូវយកគ្រាប់ប៊ឺ មកលាង និងសម្អាតសម្បកខាងក្រៅ របស់វា ជាមួយនឹងទឹកស្អាត


គ្រាប់ប៊ឺ ដែលបានធ្វើការសម្អាតសម្បករួច

២) ដោតឈើ ចូលទៅក្នុងគ្រាប់ប៊ឺ៖ អ្នកត្រូវយកឈើ ចំនួន២, ៣ ឬ ៤ (យកល្អ គួរតែដោត៤ ហើយឈើ គួរតែយក ឈឺចាក់ធ្មេញ) មកដោត ចូលទៅក្នុងគ្រាប់ប៊ឺ ឲ្យកម្ពស់ចំពាក់កណ្តាល ឬខ្ពស់ជាងបន្តិច និងជម្រៅប្រហែល ៥មីលីម៉ែត្រ។ ការធ្វើដូច្នេះ គឺដើម្បីទប់លំនឹង គ្រាប់ប៊ឺ (ទាក់ទងនឹងជំហ៊ានបន្ទាប់)។


គ្រាប់ប៊ឺ ដែលបានដោតឈើរួច

៣) បង្ហូរទឹកដាក់កែវ៖ អ្នកត្រូវបង្ហូរ ឬចាក់ទឹកស្អាត ដាក់ទៅក្នុងកែវមួយ (កែវមិនត្រូវឲ្យតូចជាង ឬធំជាងខ្លាំង ត្រូវតម្រូវឲ្យល្មម ទៅតាមទំហំគ្រាប់ប៊ឺ និងឈើ ដែលបានដោត) រហូតដល់ជិតពេញ។

៤) រៀបចំដាក់គ្រាប់ប៊ឺ ទៅលើកែវ៖ យកគ្រាប់ប៊ឺ ដែលបានដោតឈើរួច មកដាក់ពីលើកែវ ដោយឲ្យគ្រាប់ប៊ឺ នៅចំកណ្តាលនៃកែវ ដើម្បីឲ្យឈើ ដែលបានដោតនោះ ត្រូវបានទ្រ នៅលើមាត់កែវ ដើម្បីទប់លំនឹងគ្រាប់ប៊ឺ ហើយផ្នែកខាងក្រោម (ខាងឫស) ត្រូវច្រមុជ ចូលទៅក្នុងទឹក រីឯខាងដើម ត្រូវនៅខាងលើ មិនឲ្យប៉ះទឹកឡើយ។ ត្រូវប្រាកដថា អ្នកដាក់គ្រាប់ប៊ឺ ចូលទៅក្នុងកែវ បានត្រឹមត្រូវ (ខាងឫស នៅខាងក្រោម និងខាងដើម នៅខាងលើ) បើមិនដូច្នោះទេ វានឹងមិនដុះឡើយ។



ផ្នែកខាងក្រោម (ខាងឫស) ត្រូវច្រមុជ ចូលទៅក្នុងទឹក រីឯខាងដើម ត្រូវនៅខាងលើ មិនឲ្យប៉ះទឹកឡើយ

៥) សីតុណ្ហភាព និងទីតាំង៖ ត្រូវយកគ្រាប់ប៊ឺ ដែលបានរៀបចំ (តាំងពីជំហ៊ានទី១-៤) ទៅរក្សាទុក នៅទីតាំង ដែលមាន សីតុណ្ហភាពបង្គួរ មិនក្តៅពេក និងមិនត្រជាក់ពេក ហើយគ្មានការរំខាន (ប្រយ័ត្នបំផុត ចំពោះសត្វកណ្តុរ)។ រង់ចាំរហូតដល់ ឫសរបស់វា ដុះចេញមក។

៦) ការផ្លាស់ប្តូរទឹក៖ អ្នកអាចផ្លាស់ប្តូរទឹក ក្នុងរយៈពេល ១ ឬ២ថ្ងៃម្តង។ បើសិនជាអ្នករវល់ខ្លាំង មិនសូវជាបាន ផ្លាស់ប្តូរទឹក អ្នកក៏នៅតែអាច ដោះស្រាយបញ្ហានេះ បានដែរ ដោយគ្រាន់តែ ចាក់បំពេញទឹកស្អាត ចូលទៅក្នុងកែវ (ចាក់ទឹកថ្មី ចូលក្នុងទឹកចាស់) ជាការស្រេច។ ត្រូវចងចាំថា ធ្វើយ៉ាងណា ដាក់ផ្នែកខាងក្រោម (ខាងឫស) របស់គ្រាប់ប៊ឺ ឲ្យលិចចូលទៅក្នុងទឹក។

៧) ការរង់ចាំ៖ រង់ចាំរយៈពេល ពី ២ ទៅ៣សប្តាហ៍ ឫសប៊ឺ នឹងដុះចេញមកក្រៅ។


គ្រាប់ប៊ឺ ដែលមានបណ្តុះ អស់រយៈពេល ប្រមាណ១ខែ

៨) បន្តការផ្តល់ទឹក៖ ត្រូវបំពេញទឹក ដើម្បីឲ្យលិចឫស របស់គ្រាប់ប៊ឺ និងមិនត្រូវរំខាន ឬធ្វើឲ្យឫសកែវរបស់វា ខូតខាតឡើយ។ នៅសប្តាហ៍ទី៣ ទៅ សប្តាហ៍ទី៤ ពន្លកប៊ឺ នឹងដុះចេញមកក្រៅ នៅផ្នែកខាងលើ នៃគ្រាប់ប៊ឺ។ បន្ទាប់ពីទទួលលទ្ធផល បែបនេះ អ្នកអាចចាប់ផ្តើម ត្រៀមទីតាំង និងដី ដើម្បីដាំដើមប៊ឺនោះ បានហើយ (ត្រូវដកឈើ ដែលដោតជាប់ គ្រាប់ប៊ឺចេញ មុនហ្នឹងដាក់ដាំ)។

គួរបញ្ជាក់ផងដែរថា ដើមប៊ឺ ភាគច្រើនត្រូវបានគេដាំ នៅតំបន់ត្រជាក់ ដូចជានៅ ខេត្តមណ្ឌលគីរី និងរតនៈគីរី ជាដើម និងនៅតាមតំបន់ ដែលដីមានជីវជាតិ ឬសើម (មិនសើមខ្លាំង ឬលិចទឹកឡើយ)។ ដើមប៊ឺ អាចហុចផល (ផ្លែប៊ឺ) ឲ្យអ្នកវិញ ក្នុងរយៈពេល ពី៣ ទៅ៥ឆ្នាំ៕


ដើមប៊ឺ ដែលមានអាយុ ប្រហែល២ខែ

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]