រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បងប្អូន និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​បុរស​រូប​នោះ​ចាក់​សាំង​ ដុត​ផ្ទះ​ខ្លួនឯង​សង្ស័យ​ ខឹង​ម្តាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ ។ ហេតុការណ៍​នេះ​បង្ក​ ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រលប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១០២ ផ្លូវ​បេតុង ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។

បុរស​ដែល​ចាក់​សាំង​ដុត​ផ្ទះ​មានឈ្មោះ ហូ ផ​ល្លី​ម អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​កើតហេតុ ជា​កូន​ទី​៦​ក្នុង​គ្រួសារ ប្រុស​២​នាក់ ស្រី​៥​នាក់ មាន​ម្ដាយ​ឈ្មោះ យ៉ង ពៅ អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ កំព្រា​ឪពុក ហើយ​ផ្ទះ​ដែល​បុរស​នោះ​ដុត​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ បណ្ដាល​ឲ្យ​ខូចខាត​ខោអាវ​អស់​មួយ​ចំនួន និង​តុ​មួយ​ប៉ុណ្ណោះ ។

បើ​តាម​សម្តី​បងប្អូន​របស់​ជន​បង្ក​ ខាងលើ​បាន​និយាយ​ថា ឈ្មោះ ហូ ផ​ល្លី​ម ជា​មនុស្ស​ញៀន​ថ្នាំ ឪពុក​ម្តាយ​ស្តីប្រដៅ​លែង​ស្តាប់​ទៅ​ហើយ គិតតែ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ មុន​ពេល​កើតហេតុ ពេល​ល្ងាច​ជន​បង្ក​រូប​នោះ ត្រឡប់​មក​ពី​ដើរ​លេង​វិញ ស្រាប់តែ​ដេញ​ម្ដាយ​ឲ្យ​ទៅ​ចងការ​លុយ​យក​ទៅ​សង​គេ ព្រោះ​អី​រូបគេ​លេង​បាល់​ចាញ់ និង​ជំពាក់​គេ​ច្រើន​ណាស់ ពេល​នោះ​ម្ដាយ​ជន​បង្ក​មិន​ព្រម​ធ្វើ​តាម​ជន​ទេ ដោយសារ​តែ​មិន​ធ្វើ​តាម ជន​បង្ក​បាន​លើកយក​ទូរ​រទូ​ស្សន៍​ទៅ​បញ្ចាំ​បាត់ ។

លុះដល់​វេលា​កើតហេតុ​ខាងលើ បុរស​រូប​នោះ​មិនដឹង​ជា​យ៉ាង​មិច ចេះ​តែ​រអ៊ូរទាំ រួច​ហើយ​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ចាក់សោ​ទ្វារផ្ទះ​ពី​ខាងក្នុង​ជិត បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​ភ្លើង និង​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​ពីលើ​ផ្ទះ ឃើញ​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ជួយ​យក​ទឹក​ទៅ​ពន្លត់​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ភ្លើង​រលត់​ទៅ​វិញ ដោយ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ទេ គ្រាន់តែ​ឆេះ​ខោអាវ និង​របស់របរ​ក្នុងផ្ទះ​អស់​មួយ​ចំនួន ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល និង​ឃាត់ខ្លួន​បុរស​រូប​នោះ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ។

នៅ​ពេល​ដែល​សមត្ថកិច្ច​សាកសួរ បុរស​រូប​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​មាន​បំណង​ដុត​ផ្ទះ​ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​ម្ដាយ​មិន​ដណ្ដឹងប្រពន្ធ​ឲ្យ ហើយ​រូបគេ​បាន​សុំ​ម្តាយ​យកប្រពន្ធ​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ រហូត​ដល់​ពេល​នេះ គ្មាន​អ្នក​ណា​យល់ចិត្ត និង​អារម្មណ៍​របស់​គេ​ឡើយ ម្យ៉ាងទៀត​ដោយសារ​មានការ​សើចចំអក​ពី​មិត្តភក្ដិ​ផង​នោះ ធ្វើ​ឲ្យ​រូបគេ​តូចចិត្តតូចថ្លើម ក៏​ទិញ​សាំង​ចាក់​ដុត​ផ្ទះ​ចោល​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​សាកសួរ​រួច បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦កន្លងទៅ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្នងហេតុការណ៍នេះ ធ្វើអោយមានការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ ៧ម X ៨ម បង្ករដោយម្ចាស់ផ្ទះឈ្មោះ: ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ក្រោយពីឈ្លោះជាមួយប្រពន្ធឈ្មោះ ញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឈ្មោះ ឈឿន បានដុតផ្ទះខ្លួនឯង ដោយសារខឹងប្រពន្ធមិននៅផ្ទះ ហើយនៅរសៀលថ្ងៃដដែលនេះ ឈឿន បានប្រើអំពើហឹង្សាលើប្រពន្ធនិងកូន។ បច្ចុប្បន្ន: ឈ្មោះឈន់ ឈឿន ត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]