ភ្នំពេញ៖ ក្រោយពី លោកខៀវ សំភេទ ដែលមហាជនស្គាល់ថា គឺជាអតីតពិធីករ នៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍CTNដ៏ល្បី និងជាតារាចម្រៀងដ៏ស្រស់សង្ហា បានសម្រេចចិត្តបោះបង់អាជីពនៅក្នុងវិស័យសិល្បៈដែលខ្លួនស្រលាញ់ និងបានចាកចេញពីមាតុប្រទេស ដើម្បីទៅរស់នៅជាមួយឧត្តមភរិយាវ័យក្មេងស្រស់ស្អាត និងសមប្រកបនៅឯសហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ២០០៥មក ក្នុងវិស័យសិល្បៈកម្ពុជាទាំងមូល ក៏ស្ងាត់បាត់ដំណឹងរបស់លោកចាប់ពីពេលនោះមកតែម្តង។

ចុះប្រិយមិត្តចង់ដឹងថា តើការរស់នៅឯសហរដ្ឋអាមេរិក របស់លោក ខៀវ សំភេទជាមួយនឹងគ្រួសារ មានស្ថានភាពបែបណាដែរ?

បើនិយាយពីជីវិតគ្រួសាររបស់ ពិធីករសំណាងរូបសង្ហារូបនេះវិញ អាចធ្វើឲ្យប្រិយមិត្តមួយចំនួនដែលបន្ទាប់ពីអានរួច ប្រាកដជាច្រណែន និងលួចសរសើរពីវាសនារបស់លោកជាក់ជាមិនខាន។

គួរឲ្យដឹងថា ក្រោយពីយល់ចិត្តគ្នារយៈពេល២ឆ្នាំមក ក្នុងអំឡុងឆ្នាំ២០០៥ លោក ខៀវ សំភេទ ក៏បានរៀបការជាមួយនឹង អ្នកនាង គឹម យិន ដែលកាលនោះអ្នកនាងមានអាយុ ត្រឹមតែ ១៦ទៅ១៧ឆ្នាំតែប៉ុណ្ណោះ រីឯលោក ខៀវ សំភេទវិញ មានអាយុជាង២០ឆ្នាំទៅហើយ ប៉ុន្តែដោយសារតែ ចិត្តស្រលាញ់គ្នាទៅវិញទៅមក ឬអាចនិយាយថា បេះដូងត្រូវការគ្នាមិនអាចខ្វះបាន ពួកគេក៏បានសម្រេចចិត្តរៀបការជាមួយគ្នា តាមប្រពៃណីទំនៀមទំលាប់ នៅឯប្រទេសកម្ពុជា និងបានទៅរស់នៅឯសហរដ្ឋអាមេរិកចាប់ពីពេលនោះតែម្តង។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺអ្នកទាំង២នាក់ សុទ្ធសឹងតែជាស្នេហាដំបូង របស់គ្នាទៅវិញទៅមកថែមទៀតផង ។

ក្រឡេកមកមើល ជីវិតគ្រួសារនៅឯសហរដ្ឋអាមេរិក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចវិញម្តង លោក ខៀវ សំភេទ ទទួលបានការស្រលាញ់រាប់អានយ៉ាងកក់ក្តៅ ពីសំណាក់ក្រុមគ្រួសារឪពុកម្តាយក្មេក ដែលរស់នៅទីនោះ។ ឪពុកម្តាយក្មេករបស់លោក ដែលភាគច្រើនគេស្គាល់ថា ជាមនុស្សចិត្តល្អ ដោយពួកគាត់ ជាថៅកែហាង២កន្លែង ដោយមួយជាហាងលក់ ស៊ីឌី រីឯមួយទៀតគឺជាហាងកាត់ដេរសម្លៀកបំពាក់ផងដែរ។

ចំណែកឯ លោក លោក ខៀវ សំភេទវិញ អាចចាត់ទុកថា ជាមនុស្សដែលមានវាសនាខ្ពស់ ដែលលោក បានចូលបម្រើការនៅក្នុងក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីមួយរបស់អាមេរិក ដែលក្រុមហ៊ុននោះមានឈ្មោះថា Boeing

យ៉ាងណាមិញ លោក ខៀវ សំភេទ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ដោយមិនប៉ុន្មានឆ្នាំសោះ លោក មានកូនដ៏គួរឲ្យស្រលាញ់បានចំនួនទៅ៥នាក់ឯណោះ (ស្រី៣ ប្រុស២) យ៉ាងមានសុភមង្គល ពោរពេញទៅដោយស្នាមញញឹម ជាមួយនឹងភរិយា វ័យក្មេង ស្រស់ស្អាត និងប្រកបទៅដោយ ចរិយាសម្បត្តិជានារីខ្មែរពិតៗផងដែរ។

ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ លោក ខៀវ សំភេទ ក៏បាននាំគ្រួសារ មកកម្សាន្តលេង នៅឯទឹកដីកំណើតរបស់ខ្លួនផងដែរ ដោយទាំងនេះ អាចនិយាយបានថា លោក គឺជាតារាប្រុសមួយរូប ដែលមានបុណ្យខ្ពស់និងមានសំណាងបំផុត ក្នុងចំណោមអ្នកសិល្បៈផ្សេងទៀត ដោយលោកមិនត្រឹមតែមានភរិយាល្អក្មេង និងសមប្រកបហើយ ថែមទាំងមានគ្រួសារដ៏សែនកក់ក្តៅ ទទួលបានការស្រលាញ់ពីខាងគ្រួសារទាំងសងខាង និង ទទួលបានចំណងដៃកូនទាំង៥ ដ៏គួរឲ្យស្រលាញ់ទៀត៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]