រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលចេះហែលទឹកយ៉ាងជំនាញ ខណៈចុះមុជទឹករាវរកគ្រំដើម្បីយកក្លែមបន្តទៀត ស្រាប់តែលង់ទឹកលិចបាត់អស់មួយយប់ទើបរាវរកសពឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាន មាស៩៩ ស្ថិតនៅក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
បុរសរងគ្រោះឈ្មោះ សុន ស៊ីណា អាយុ៣២ឆ្នាំ មានលំនៅភូមិច្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថា ជាងសំណង់រងគ្រោះ និងក្រុមជាងផ្សេងទៀតទាំងអស់៤នាក់ ត្រូវបានថៅកែភោជនីយដ្ឋាន មាស៩៩ ជួលមកឲ្យធ្វើក្យូសលក់ដូរនៅកន្លែងកើតហេតុ ហើយកាលពីម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៥ កុម្ភៈ បន្ទាប់ពីផឹកស្រវឹង ក្រុមជាងទាំងនោះក៏បាននាំគ្នាចុះងូតទឹករាវគ្រំដើម្បីយកមកក្លែមបន្តទៀត ។
ខណៈពេលងូតរាវគ្រំ ជនរងគ្រោះដែលចេះហែលទឹកយ៉ាងជំនាញក៏បានលង់ទឹកលិចបាត់រកសពពុំឃើញឡើយ លុះនៅរសៀលថ្ងៃទី២៦ កុម្ភៈ ក្រុមគ្រួសារក៏បានជួលខ្មែរអ៊ីស្លាមក្នុងតម្លៃ៣០០ដុល្លារឲ្យងូតទឹករាវ រកសពទើបឃើញ ហើយក្រុមគ្រួសារនាំទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ៍ ដោយលើកឡើងជាចម្ងល់ និងបញ្ចេញមតិរៀងខ្លួន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ ស្ពានអាកាសថ្មី សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន ឬមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដែលបានចោទប្រកាន់ថា ការសាងសង់បែបនេះ ហាក់មិនត្រឹមត្រូវដោយ ទុកឲ្យអ្នកថ្មើរជើងត្រូវឆ្លងផ្លូវដដែលនោះ ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ បានឲ្យ«កោះសន្តិភាព» ដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការស្ថាបនាស្ពានអាកាសថ្មី សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤នេះ មានបងប្អូនមួយចំនួនមានការភាន់ច្រឡំ ដោយគ្រាន់តែមើលរូបភាព រួចធ្វើការបកស្រាយ តាមការយល់ឃើញរៀងៗខ្លួន ។
លោកបន្តថា តាមការពិតផ្លូវចុះ និងឡើងសម្រាប់អ្នកថ្មើរជើងនោះ មានផ្លូវមែន តែផ្លូវតូចនៅក្នុងចំណតរថយន្តអមសងខាងផ្លូវធំទេ ចំណែកផ្លូវធំ គឺមាន៣ខ្សែ រថយន្តទៅនិងមករួចហើយ ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា តាមការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បងគឺជាការសិក្សាដោះស្រាយបញ្ហាចរាចរ ដោយរៀបចំជាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ។
លោក បន្តថា បញ្ហាប៉ះពាល់ផ្សេងៗដូចជា បណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជារឿងសំខាន់ ក្នុងករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះ កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាត ដោយសារជណ្តើរបិទមុខផ្ទះខ្លួន ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ផ្លូវថ្មើរជើងដែលឡើងចុះនោះជាផ្លូវក្រៅសងខាងសម្រាប់តែយានយន្តចេញ និងចូលផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ វានឹងមិនបង្កជាគ្រោះថ្នាក់ទេ ហើយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវចូលទៅក្នុងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿន គ្មានឧបសគ្គឡើយ ចំណែកជួររត់ត្រង់នឹងគន្លងជណ្តើរស្របផ្លូវបង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ ។
លោកបន្តថា ប្រសិនបើដោះស្រាយបញ្ហាចំណតនៅទីនោះមិនបាន ការកកស្ទះចរាចរច្បាស់ជាកើតមានដដែល ហើយក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញមានរៀបចំប្រឡាយបង្ហូរទឹក និងបណ្តាញលូផងដែរ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ដោយសារទីតាំងនេះជាតំបន់រងនូវទឹកជំនន់លិច រដ្ឋបាលរាជធានីភ្នំពេញបានសិក្សាទីតាំងគ្រឹះស្ពានដោយមិនឲ្យប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាត និងផ្ទះប្រជាពលរដ្ឋឡើយ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]