ភ្នំពេញ៖ កាលពីពេលកន្លងទៅ  Khmerload ធ្លាប់ចុះផ្សាយ អំពីមូលហេតុដែលយុវវ័យនាពេលបច្ចុប្បន្ន ពេញនិយមខ្លាំងក្នុងការចាក់សាក់ ក៏ដូចជាប្រវត្តិខ្លះៗនៃសាក់របស់ខ្មែរ  ប៉ុន្តែសម្រាប់ប្រធានបទលើកនេះ យើងនឹងនិយាយពីការលុបសាក់វិញម្តង ព្រោះមានយុវវ័យមួយចំនួន បានធ្វើការចាក់សាក់ដោយមិនបានសម្រេចចិត្តត្រឹមត្រូវ ហើយស្តាយក្រោយចង់លុបវាវិញ។

ហេតុដូចនេះហើយទើបក្រុមការងារ Khmerload បានធ្វើការសម្ភាសន៍ជាមួយលោក ម៉ានៀ ជាអ្នកឯកទេសចាក់សាក់ និងលុបសាក់ ប្រចាំហាងសាក់ The Moon Tattoo ដែលបានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាង ៧ឆ្នាំមកហើយ។

ដូច្នេះដើម្បីចង់ដឹងយ៉ាងណានោះ យើងមកតាមដានបទសម្ភាសន៍ជាមួយអ្នកឯកទេសខាងចាក់សាក់ និងលុបសាក់ ខាងក្រោមទាំងអស់គ្នា៖ 

ក្នុងកិច្ចសម្ភាសន៍ជាមួយ Khmerloadលោក ម៉ានៀ ដែលជាម្ចាស់ហាងសាក់ The Moon Tattoo និងជាអ្នកឯកទេសខាងចាក់សាក់  និងលុបសាក់ ដែលបានសិក្សា និងអនុវត្តន៍ អស់រយៈពេលជាង ៥ឆ្នាំ នៅក្នុងប្រទេសថៃបានឲ្យដឹងថា ការលុបសាក់គឺមានផលវិបាកច្រើន ប្រសិនបើអ្នកលុបសាក់ មិនសូវមានបទពិសោធន៍ច្រើន ក៏ដូចជាចំណេះដឹងនៃការលុប  វាអាចបង្ករជាហានិភ័យខ្ពស់ទៅដល់ភ្ញៀវ និងសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ។

ចំពោះការលុបសាក់ គឺមាន ៣ប្រភេទ ដោយប្រភេទទី១ និងទី២ ជាការលុបបែបទំនើប ដោយប្រើប្រាស់ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ទឹកថ្នាំ ដើម្បីលុបស្នាមសាក់  រីឯប្រភេទទី៣ ជាវិធីបែបបុរាណ ដោយប្រើប្រាស់រុក្ខជាតិមួយចំនួន។  បើទោះជាមានវិធីសាស្រ្តក្នុងការលុបស្នាមសាក់បែបនេះក៏ដោយ ប៉ុន្តែវាមិនអាចធ្វើឲ្យសាច់របស់យើងប្រែមកដូចសភាពដើមវិញនោះទេ  ដោយស្នាមសាក់បាត់មែន ប៉ុន្តែវាជំនួសមកវិញនូវស្លាកស្នាមផ្សេងទៀតនៅលើស្បែក។

វិធីសាស្រ្តទី១៖

បងប្រុស ម៉ានៀ បានពន្យល់ថា ការលុបសាក់ដោយប្រើ ប្រព័ន្ធឡាស៊ែ វាមានគុណសម្បត្តិ និងគុណវិបត្តិប្រហាក់ប្រហែលគ្នា ដោយការលុបតាមរបៀបនេះ ពេលខ្លះគឺបាត់ ១០០ភាគរយ ដោយអាស្រ័យទៅតាមប្រភេទស្បែក សាច់ក្លាយ និងការចាក់សាក់ មានជម្រៅរាក់ ឬក៏ជ្រៅ។ ប្រសិនបើបច្ចេកទេសនៃការបាញ់ មិនបានសង្កេត ឬសិក្សាពីស្បែករបស់មនុស្ស ព្រមទាំងជម្រៅនៃទឹកថ្នាំដែលសាក់លើស្បែករាក់ ឬក៏ជ្រៅ នោះការបាញ់លុបអាចនឹងមិនមានប្រសិទ្ធភាព។

ជាឧទាហរណ៍ប្រសិនបើទឹកថ្នាំជ្រៅ ប៉ុន្តែការបាញ់ឡាស៊ែលុបប្រើកម្រិតភ្លើងខ្សោយ នោះនៅពេលដែលកំពុងបាញ់ យើងមើលទៅដូចបាត់ស្នាមសាក់អីចឹង ប៉ុន្តែនៅពេលដែលជា  ​វាមិនបានបាត់ទេ ហើយថែមទាំងបន្សល់ស្នាមថែមទៀតផង។ ដូច្នេះហើយទើបទាមទារឲ្យមានការសិក្សាពីប្រភេទស្បែក និងជម្រៅទឹកថ្នាំឲ្យបានច្បាស់លាស់ ព្រមទាំងបច្ចេកទេសក្នុងការប្រើកម្រិតភ្លើងឡាស៊ែ ដើម្បីបាញ់ចូលទៅដល់ទឹកថ្នាំដែលសាក់បាន។

ដូច្នេះប្រសិនបើបានសិក្សាពីស្ថានភាពស្បែកច្បាស់លាស់ហើយនោះ ការបាញ់ឡាស៊ែ គឺធ្វើឡើងតែម្តង ទៅ២ដងប៉ុណ្ណោះ នឹងអាចលុបស្នាមសាក់បានទាំងអស់។ ប៉ុន្តែបើមិនបានសិក្សាច្បាស់លាស់ទេ ការបាញ់នឹងត្រូវធ្វើឡើងច្រើនដង មានស្នាមមិនស្អាត និងថែមទាំងអាចធ្វើឲ្យខូចសាច់ដោយកន្លែងថែមទៀតផង។ 

វិធីសាស្រ្តទី២៖

ការលុបដោយប្រើប្រាស់ទឹកថ្នាំ វិធីនេះគឺមានគុណសម្បត្តិច្រើនជាងការលុបដោយបាញ់កាំរស្មីឡាស៊ែ ដោយសារប្រភេទបាញ់ គឺប្រើប្រាស់កាំរស្មី ដូច្នេះកោសិកានៅកន្លែងដែលត្រូវបាញ់នឹងងាប់ មិនអាចដុះកោសិកាថ្មីបានឡើយ គឺដូចគ្នាទៅនឹងការរលាកភ្លើងផងដែរ ដោយកន្លែងដែលរលាយនឹងមានស្នាម ឬផ្លែជាដើម។ ប៉ុន្តែការលុបដោយប្រើទឹកថ្នាំ គឺយើងចាក់ទឹកថ្នាំចូលទៅលើស្នាមសាក់ដែលចង់លុប ហើយទឹកថ្នាំនោះនឹងចូលទៅស៊ីជាតិពណ៌ដែលមាននៅក្នុងស្បែក ដោយមិនប៉ះពាល់ដល់ស្បែកឡើយ។

នៅពេលទឹកថ្នាំចូលទៅស៊ីស្នាមសាក់អស់ហើយ វានឹងរបកដូចក្រមរដំបៅអ៊ីចឹង ប៉ុន្តែវានៅតែមានស្លាកស្នាមដូចគ្នា គ្រាន់តែកោសិកានៅចំណុចនោះមិនងាប់។ ដូច្នេះប្រសិនបើអ្នកលុបមានវ័យក្មេង នោះកោសិកាថ្មីដែលដុះមកលើស្នាមលុប រួមផ្សុំជាមួយការប្រើប្រាស់ផលិតផលបំបាត់ស្នាមបន្តិចបន្តួចផង ស្លាកស្នាមដែលលុបនោះអាចនឹងបាត់ ហើយមានសភាពស្ទើរតែដូចស្បែកធម្មតាវិញ។

ប៉ុន្តែការលុបតាមវិធីសាស្រ្តមួយនេះ ត្រូវចំណាយពេលយូរជាងការបាញ់កាំរស្មីឡាស៊ែ ដោយការចាក់ទឹកថ្នាំត្រូវធ្វើឡើងយ៉ាងលម្អិត គឺចាក់ទៅតាមស្នាមសាក់ដែលមាន ហើយការតមអាហារក៏យូរណាស់ដែរ គឺអាចជាងមួយខែឯណោះ និងអាស្រ័យទៅតាមទំហំរូបដែលលុប។ ខណៈការបាញ់កាំរស្មីឡាស៊ែមានភាពឆាប់រហ័សជាង ហើយការតមអាហារ គឺចំណាយពេលត្រឹមតែកន្លះខែប៉ុណ្ណោះ។

ចំពោះអាហារដែលត្រូវតមមានដូចជា សាច់គោ សាច់មាន់ សាច់ទា គ្រឿងសមុទ្រ ត្រកួន គ្រឿងម្ជូរ និងអាហារមួយចំនួនទៀត ហើយអាហារដែលគួរតែហូបមានដូចជា សាច់ត្រី សាច់ជ្រូកជាដើម។ 

វិធីសាស្រ្តទី៣៖

ចំពោះវិធីសាស្រ្តចុងក្រោយនេះ ជាវិធីសាស្រ្តបែបបុរាណ ហើយស្ទើរតែបាត់ទៅហើយ ដោយសារមានបច្ចេកវិទ្យាលុបសាក់ទំនើបៗ និងមានប្រសិទ្ធភាពជាង។

ការលុបតាមបែបបុរាណនេះ គឺប្រើប្រាស់ក្រូចឆ្មា លាយជាមួយជ័រចេក និងទឹកឃ្មុំ កូរបញ្ចូលគ្នាឲ្យសព្វ រួចយកទៅចាក់លើស្នាមសាក់ដែលចង់លុប។ វិធីសាស្រ្តមួយនេះ គឺអាចលុបបំបាត់ស្នាមសាក់បានតិចតួច ត្រឹមតែជាង ១៥ភាគរយប៉ុណ្ណោះ ប៉ុន្តែវាមានគុណសម្បត្តិច្រើនជាងការលុបដោយប្រើបច្ចេកវិទ្យាទំនើប ព្រោះការធ្វើតាមវិធីសាស្រ្តមួយនេះ មិនបង្កឲ្យមានស្នាមនៅកន្លែងដែលលុបឡើយ។

បងប្រុស ម៉ានៀ បានបញ្ជាក់ដល់ Khmerload ថា ទឹកឃ្មុំ ជួយការពារកុំឲ្យមានស្នាម ដែលជាទូទៅគេតែងយកវាមកលាបនៅលើរបួស ដោយសារការដួលម៉ូតូ ឬរបួសផ្សេងៗដែលបង្កឲ្យមានស្លាកស្នាមជាដើម  រីឯជ័រចេក និងក្រូចឆ្មា គឺមានជាតិកាត់ ដូច្នេះរួមបញ្ចូលគ្នាមក វាជួយលុបបំបាត់ទឹកថ្នាំសាក់ផង និងជួយការពារកុំឲ្យមានស្លាកស្នាមផងក្នុងពេលតែមួយ។

ក្រោយពីបានដឹងពីវិធីសាស្រ្តក្នុងការលុបស្នាមសាក់ទាំង៣ ខាងលើនេះហើយ យើងសង្ឃឹមថា មិត្តអ្នកអាននឹងយល់កាន់តែច្បាស់ អំពីការលុបសាក់ឲ្យមានសុវត្ថិភាព។ ហើយប្រសិនបើមិត្តអ្នកអានណាម្នាក់ ដែលមានសាក់ ហើយមានបំណងចង់លុបវាវិញនោះ វាអាចជាជំនួយមួយជួយដល់លោកអ្នក ក្នុងការជ្រើសរើសហាងលុបសាក់ ថាតើពួកគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរលុបសាក់ដែរឬទេ? តើពួកគេមានសិក្សាពីស្ថានភាពស្បែក ក៏ដូចជាកម្រិតទឹកថ្នាំដែលសាក់លើស្បែកដែរឬទេ? ដើម្បីកុំឲ្យចំណាយលុយហើយ បែរជាមិនបានលទ្ធផលល្អទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]