អាមេរិក៖ កុមារីម្នាក់ បានធ្វើឲ្យគណៈកម្មការ និងអ្នកទស្សនា ការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់នាង នៅក្នុងកម្មវិធី America’s Got Talent ។
កុមារី Celine Tam អាយុ៩ឆ្នាំ មកពីទីក្រុងហុងកុង បានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងសមត្ថភាពចម្រុះ America’s Got Talent ដែលជាក្តីស្រមៃដ៏ធំមួយរបស់នាង។ កុមារី Celine Tam បានបកស្រាយចម្រៀងមួយបទ មានចំណងជើងថា «My Heart Will Go On» របស់ម្ចាស់ដើម Celine Dion ដែលជាបទមួយពោរពេញទៅដោយមនោសញ្ចេតនា និងមានតុងស្រែកច្រៀងឡើងខ្ពស់បំផុត កម្រនឹងមាននរណាអាចធ្វើបាន។
ប៉ុន្តែកុមារី Celine Tam ដ៏ស្រស់ស្អាតរូបនេះ មានសមត្ថភាពស្រែកច្រៀងបានយ៉ាងពិរោះ រហូតធ្វើឲ្យគណៈកម្មការទាំង៤រូប ដក.កចំហរមាត់ ស្លុងអារម្មណ៍ រួមទាំងទស្សនិកជាច្រើនផ្សេងទៀត ដែលកំពុងទស្សនាផ្ទាល់ក្នុងស្ទូឌីយោ អត់ទ្រាំមិនសរសើរមិនបាន ក្រោកឈរទះដៃឲ្យនាងតែម្តង។ ចំណែកឯប៉ាម៉ាក់របស់កុមារី Celine Tam ឈរនៅខាងក្រោយឆាកវិញ រំភើបចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ស្រក់ទឹកភ្នែក ពេលឃើញកូនស្រីមានសមត្ថភាពច្រៀង បានយ៉ាងពិរោះបែបនេះទាំងវ័យក្មេង។
តាមរយៈវីដេអូឃ្លីប មុនការបង្ហាញសមត្ថភាពច្រៀង គណៈកម្មការ នាង Mel B បានសួរទៅកាន់កុមារី Celine Tam ថាតើនាងដឹងថា ខ្លួននាងមានសមត្ថភាពច្រៀងបែបនេះ បានដោយរបៀបណា? កុមារី Celine បានឆ្លើយតបវិញ «នៅពេលដែលខ្ញុំនៅក្នុងឡានជាមួយប៉ា ខ្ញុំក៏បានច្រៀងបទ My Heart Will Go On នេះឡើង។ បន្ទាប់មកប៉ារបស់ខ្ញុំ គាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឮទឹកដមសំនៀងរបស់ខ្ញុំ» ។
កុមារី Celine បានប្រាប់ទៀតថា ប៉ាម៉ាក់របស់នាង គឺជាអ្នកគាំទ្រពេញទំហឹង ចំពោះតារាចម្រៀងស្រីដ៏ល្បីសញ្ជាតិកាណាដា នាង Celine Dion រហូតថែមទាំងបានដាក់ឈ្មោះឲ្យនាងថា Celine Tam រីឯប្អូនស្រីតូចរបស់នាងដាក់ឈ្មោះឲ្យថា Dionne ថែមទៀតផង ។
គួរឲ្យដឹងផងដែរថា កុមារី Celine Tam ក៏ធ្លាប់ទទួលបានពានរង្វាន់ ឈ្នះក្នុងការប្រកួតប្រជែងចម្រៀងកុមារ ពេលដែលនាងមានអាយុ៤ឆ្នាំ នៅទីក្រុងហុងកុងផងដែរ ៕
ចង់ដឹងថាសមត្ថភាពរបស់កុមារី Celine Tam ពិរោះយ៉ាងណានោះ ទស្សនាវីដេឃ្លីបអូខាងក្រោមនេះ របស់នាងទាំងអស់គ្នា៖
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]