តើអ្នកមានទម្លាប់អានសៀវភៅជាប្រចាំដែរឬទេ? មានមនុស្សជាច្រើនមិនសូវជាចូលចិត្តចំណាយពេលរបស់ពួកគេក្នុងការអានសៀវភៅនោះទេ ហើយការធ្វើបែបនេះបានធ្វើឲ្យពួកគេបាត់បង់នូវអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការអានសៀវភៅ។ 

ការអាននេះផងដែរមិនមែនផ្ដោតទៅលើតែសៀវភៅមេរៀននោះទេ ដូច្នេះការអានអត្ថបទឬក៏សៀវភៅផ្សេងៗនៅតែផ្តល់ផលប្រយោជន៍ទៅដល់អ្នកអាន។ មូលហេតុដែលអ្នកគួរតែអានសៀវភៅឲ្យបានច្រើននោះព្រោះថាអ្នកនឹងបានមកវិញនូវអត្ថប្រយោជន៍មួយចំនួនរួមមាន៖

១. ធ្វើឲ្យសុខភាពខួរក្បាលល្អ

ការស្រាវជ្រាវបានបង្ហាញហើយថា ការធ្វើឲ្យខួរក្បាលមានសកម្មភាពជាប់លាប់នោះអាចជួយបង្ការមិនឲ្យខួរក្បាលបាត់បង់នូវសមត្ថភាព។ ដូច្នេះការអានគឺជាលំហាត់ប្រាណមួយដ៏ល្អសម្រាប់ឲ្យខួរក្បាលរបស់អ្នកមានសកម្មភាពជាប្រចាំផងដែរ។ 

ធ្វើឲ្យសុខភាពខួរក្បាលល្អ

២. កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍

មិនថាអ្នកមានអារម្មណ៍តានតឹងព្រោះតែការងារ ការសិក្សាឬក៏មូលហេតុដទៃទៀតនោះទេ ការអានសៀវភៅអាចកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្តរបស់អ្នកបានដោយនាំអារម្មណ៍របស់អ្នកចូលទៅក្នុងសៀវភៅទាំងនោះ។ បើសិនជាអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរជ្រើសរើសអានសៀវភៅប្រលោមលោក ឬសៀវភៅកំប្លែងៗដើម្បីធ្វើការបំភ្លេចកង្វល់ទាំងនោះ។ 

កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍

៣. បង្កើនចំណេះដឹង

អ្វីដែលអ្នកបានអាននឹងស្ថិតនៅក្នុងការចងចាំរបស់អ្នកមិនខាន ទោះបីជាវាតិចឬច្រើនក៏ដោយក៏អ្វីដែលអ្នកចាំពីការអានអាចនឹងមានប្រយោជន៍ទៅថ្ងៃក្រោយ។ ដរាបណាអ្នកនៅតែព្យាយាមអានឲ្យបានច្រើន ចំណេះដឹងរបស់អ្នកនឹងមានការអភិវឌ្ឍន៍ជានិច្ច។ 

បង្កើនចំណេះដឹង

៤. ចេះនិងចាំពាក្យបានច្រើន

កាលណាអ្នកអានច្រើន នោះអ្នកនឹងជួបប្រទះពាក្យដដែលៗនិងស្គាលពីពាក្យថ្មីៗផងដែរ។ ដោយឡែកសម្រាប់អ្នកដែលរៀនភាសាបរទេសវិញ ការអាននឹងធ្វើឲ្យការប្រើប្រាស់ពាក្យរបស់ពួកគេមានភាពប្រសើរឡើងទាំងការសរសេរនិងការនិយាយទៀតផង។ 

ចេះនិងចាំពាក្យបានច្រើន

៥. ជួយអភិវឌ្ឍការចងចាំ

ការអានសៀវភៅតម្រូវឲ្យអ្នកមានការចងចាំល្អបើសិនជាសៀវភៅនោះមានលក្ខណៈវែង។ ឧទាហណ៍ការអានសៀវភៅរឿងនឹងតម្រូវឲ្យអ្នកចងចាំសាច់រឿងនិងតួអង្គក្នុងរឿងផងដែរ ដូច្នេះបានន័យថាព័ត៌មាននៃសាច់រឿងពីមួយទំព័រទៅមួយទំព័រត្រូវបានរក្សាទុកក្នុងការចងចាំរបស់អ្នករួចរាល់ផងដែរ។ 

៦. ធ្វើឲ្យបច្ចេកទេសក្នុងការវិភាគមានភាពប្រសើរឡើង

សៀវភៅខ្លះមិនមែនឲ្យអ្នកបានតែអានមួយមុខទេ ព្រោះថាពេលខ្លះក៏អ្នកបានចូលរួមធ្វើការវិភាគអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងសៀវភៅផងដែរ។ ឧទាហរណ៍ថាសៀវភៅនោះមានអាថ៌កំបាំងដែលនឹងបង្ហាញនៅទំព័រខាងក្រោយ ដូច្នេះអ្នកនឹងព្យាយាមវិភាគដើម្បីឲ្យបានដឹងពីអាថ៌កំបាំងនោះមុនពេលដែលអានដល់ទំព័រនោះ។ ដូចនេះការអានអាចជួយឲ្យអ្នកបានធ្វើការវិភាគនូវបញ្ហានានាដែលអាចនឹងមានប្រយោជន៍នៅពេលអនាគតផងដែរ។ 

៧. ធ្វើឲ្យអ្នកចេះយកចិត្តទុកដាក់និងផ្តោតអារម្មណ៍

ក្នុងពេលអានសៀវភៅ អ្នកនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីផ្តោតទៅលើសាច់រឿង។ ការអានអាចជួយឲ្យអ្នករៀនផ្តោតអារម្មណ៍ធ្វើអ្វីមួយដោយគ្មានអ្វីផ្សេងមករំខានការផ្តោតអារម្មណ៍របស់អ្នកឡើយ។ 

ធ្វើឲ្យអ្នកចេះយកចិត្តទុកដាក់និងផ្តោតអារម្មណ៍

៨. ធ្វើឲ្យសមត្ថភាពក្នុងការសរសេរប្រសើរឡើង

ការដឹងពាក្យថ្មីៗគឺជាមូលហេតុមួយដែលអាចជួយឲ្យសំណេររបស់អ្នកមានភាពប្រសើរឡើង។ ក្រៅពីដឹងពាក្យថ្មីៗ អ្នកក៏នឹងបានយល់ច្បាស់ពីរចនាបថនៃការសរសេររបស់អ្នកនិពន្ធជាច្រើន ដូច្នេះការអានអាចនឹងជួយឲ្យអ្នកមានសមត្ថភាពដើម្បីសរសេរបានល្អជាងមុនផងដែរ។ 

៩. ជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់

ការអានមិនត្រឹមតែអាចជួយឲ្យអ្នកបានទទួលនូវអារម្មណ៍ធូរស្រាលនោះទេ ប៉ុន្តែការអានក៏អាចជួយឲ្យផ្លូវចិត្តរបស់អ្នកមានសេចក្តីស្ងប់ស្ងាត់ផងដែរ។ 

១០. ការកម្សាន្តដោយឥតគិតថ្លៃ

សព្វថ្ងៃនេះការដើរលេងឬការកម្សាន្តនានាមានតម្លៃថ្លៃខ្លាំងណាស់។ ប៉ុន្តែសម្រាប់ការអានវិញមិនតម្រូវឲ្យអ្នកទិញសៀវភៅដែលអ្នកត្រូវអាននោះទេ ព្រោះថាអ្នកក៏អាចចូលទៅអាននៅក្នុងបណ្ណាល័យបានដែរ។ ហើយវិធីដែលស្រួល និងមិនអស់ប្រាក់មួយទៀតនោះគឺការទាញយកសៀវភៅទាំងនោះពីអ៊ិនធឺណិត ដាក់ក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នក។ 

ការទាញយកសៀវភៅពីអ៊ិនធឺណិត

ការអានអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកច្រើនណាស់ ដូច្នេះអ្នកគួរតែបង្កើតទម្លាប់ក្នុងការអានឲ្យបានជាប្រចាំដើម្បីបានទទួលផលប្រយោជន៍ទាំងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]