ខេត្តព្រៃវែង ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ ដែល ​«​តោ​ទ្រា​» ​បិទទ្វារ​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង កាលពីថ្ងៃ​ទី​៤ តុលា ដោយ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អម​ជាមួយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ពី​ចាប់​បើក​លេង​បាន​ប៉ុន្មាន​ម៉ោង នៅ​ថ្ងៃ​ទី​មួយ​នោះ ស្រាប់តែ​មានការ​ប៉ះទង្គិច​គ្នា​មួយ​កើតឡើង រវាង​ភាគី​ខាង​ម្ចាស់​សង្វៀន​ជាមួយនឹង​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន ​ដែល​ចុះ​ទៅ​សួរនាំ​ពី​ច្បាប់ទម្លាប់​នោះ ។

សង្វៀន​បញ្ជល់មាន់​ ដែល​គេ​ទើបតែ​បើក​លេង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​កាស៊ីណូ​មួយ​កន្លែង​ដែល​គេ​បិទទ្វា​ចោល​យូរ​មក​ហើយ នៅ​ចំណុច​ភូមិ​ប្រស់ស្វា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ។ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​សង្វៀន​នោះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​មួយ​នេះ​មានឈ្មោះ ម៉ា​ប់ ។

លោក សុខ ច័ន្ទ​ឫ​ទ្ធី នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ចុះ​ទៅ​ពិនិត្យ​សង្វៀន​បញ្ជល់មាន់​ខាងលើ​នោះ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា លោក​ទទួល​បាន​បទបញ្ជា​ពី​លោក​អធិការ​ស្រុក ឱ្យ​ចុះ​ទៅ​សួរនាំ​ម្ចាស់​សង្វៀន​នោះ តើ​គេ​បើក​លេង​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឬទេ គឺ​មិន​បាន​ចុះ​ទៅ​កូ​សកៀរ​រក​លាភសក្ការៈ​អ្វី​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​ម្ចាស់​សង្វៀន​សួរនាំ​រក​ច្បាប់ទម្លាប់​នោះ គេ​បែរជា​មិន​ព្រមយក​ច្បាប់​មក​បង្ហាញ​ទេ ។ ផ្ទុយ​ទៅ​វិញ​ គិតតែ​ឡូឡា​ហើយ​បញ្ជា​ឱ្យ​កូនចៅ​គេ​ ដែល​កាង​នៅ​ទីនោះ ដេញ​លោក​និង​កូនចៅ​ចេញ ថែម​ទាំង​គំរាម​រក​វាយ ​និង​រក​បាញ់​លោក​ចោល​ទៀត ដែល​ទ​ង្វើ​នេះ​ លោក​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ប្រមាថ​ដល់​រូប​លោក​នោះ​ទេ គឺ​ថែម​ទាំង​ប្រមាថ​ដល់​កង​កម្លាំង​មាន​សមត្ថកិច្ច​ថែម​ទៀត​ផង ។

នៅ​ពេល​មានការ​ប្រទាំង​ប្រ​ទឹ​ស​គ្នា​នោះ​ដែរ បុរស​ម្នាក់​ឈ្មោះ ផល ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​និង​ជួយ​សម្របសម្រួល​នៅ​ក្នុង​សង្វៀន​ជល់​មាន់​នោះ បាន​ប្រាប់​ទៅ​សមត្ថកិច្ច​និង​ក្រុម​អ្នក​សារព័ត៌មាន​ថា សង្វៀន​បញ្ជល់មាន់​នេះ​គេ​មានច្បាប់​អស់ហើយ បើ​ចង់​ដឹង​ទៅ​សួរ​អភិបាលខេត្ត និង​លោកស្នងការ​ខេត្តព្រៃវែង​ទៅ​ដឹង​ហើយ ។

ចំណែក​លោក ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដែល​គេ​បើក​លេង​នោះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​មក​រូប​លោក ឱ្យ​ចុះ​ទៅ​សួរនាំ​ម្ចាស់​សង្វៀន​នោះ​រក​ច្បាប់ទម្លាប់ ទើប​រូប​លោក​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ស្រុក​ចុះ​ទៅ​សាកសួរ តែ​មិន​នឹក​ស្មានថា កើត​មានរឿង​អាក្រក់​បែប​នេះ​ទេ ។ លោក​អធិការ​បាន​បន្ត​ថា ក្រោយ​កើត​មានការ​ប៉ះទង្គិច​គ្នា ម្ចាស់​សង្វៀន​នោះ​បាន​ប្រាប់​លោក​តាម​ទូរស័ព្ទ​ថា គេ​មានច្បាប់​កាស៊ីណូ​ចាស់ ដែល​ផុត​សុពលភាព តែ​គេ​បាន​ស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពន្យារ​រយៈពេល​៣​ខែ គិត​ចាប់ពី​ខែតុលា​ដល់​ចុងខែ​ធ្នូ ដូច្នេះ​ទើប​គេ​ហ៊ាន​បើក​លេង ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អធិការ​ប្រាប់​ឱ្យ​យក​លិខិតអនុញ្ញាត​ពន្យារពេល​៣​ខែ​នោះ​មក​ឱ្យ​លោក​មើល បែរជា​ខាង​ម្ចាស់​សង្វៀន​នោះ​មិន​ព្រមយក​មក​ឱ្យ​មើល​សោះ រហូត​មក​ដល់​ពេល​នេះ ច្បាប់​នោះ​ទំនង​មាននៅ​លើ​បបូរមាត់​តែ​ប៉ុណ្ណោះ ឬ​ច្បាប់​នៅ​លើ​ជើងកាង ។

ដោយឡែក ​លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ក្រោយ​កើតហេតុ​នោះ​ថា លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​បិទ​ហើយ គឺ​មិន​អនុញ្ញាត​ឱ្យ​សង្វៀន​ជល់​មាន់​នោះ បើក​លេង​នោះ​ទេ ប៉ុន្តែ​ប្រសាសន៍​របស់​លោក​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ទៅ​បិទ​មិន​ឱ្យ​គេ​លេង​បាន​នោះ​ឡើយ គឺ​គេ​នៅ​តែ​បន្ត​លេង​យ៉ាង​រំភើយ​ដដែល ប្រៀប​ដូច​គ្មាន​អ្នក​ណា​ហ៊ាន​ជាមួយ​អញ​ទេ ។

លុះដល់​ស្អែក​ឡើង​ថ្ងៃ​ទី​៥ តុលា​នៅ​ពេល​ដែល​កោះសន្តិភាព​សួរនាំ​ពី​រឿង​នេះ បែរជា​លោកស្នងការ​និយាយ​ថា លោក​ខ្ជិល​លូកដៃ​ណាស់​នាំ​មានរឿង ទុក​ឱ្យ​ខាង​ក្រសួង​គេ​ចាត់ការ​ទៅ​...​ហេ​! ហេ!ចំណែក​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​នេះ​គេ​បាន​ចាប់​បើក​លេង​កាលពី​ថ្ងៃ​ទី​៤ តុលា ដោយ​មាន​ក្រុម​អ្នក​ញៀន​និង​ល្បែង​រាប់រយ​នាក់ ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប​ៗ​តម្លៃ​ថ្លៃ​ៗ ហើយ​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ បាន​នាំ​គ្នា​ចូល​ទៅ​លេង​នៅ​ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​នេះ យ៉ាង​កក្រើក​ដី ។

គេ​នៅ​តែ​បន្ត​បើក​លេង​បាន​យ៉ាង​រលូន​រហូត​មក​ដល់​ពេល​នេះ ដោយ​ពុំ​មានការ​រំខាន​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ឡើយ ។ នៅ​ខណៈ​ដែល​ច្បាប់​របស់​ប្រទេស​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា គ្រប់​បន​ល្បែង កាស៊ីណូ និង​សង្វៀន​បញ្ជល់មាន់​ទាំងអស់​ដែល​ស្ថិត​នៅ​ជាប់ ឬ​ក្បែ​បន្ទាត់​ព្រំដែន គឺ​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ជា​ដាច់ខាត​នោះ គឺ​ច្បាប់​នោះ​មាន​តែ​នៅ​លើ​ក្រដាស ៕

សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ ដែល ​«​តោ​ទ្រា​» ​បិទទ្វារ​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង កាលពីថ្ងៃ​ទី​៤ តុលា
សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ ដែល ​«​តោ​ទ្រា​» ​បិទទ្វារ​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង កាលពីថ្ងៃ​ទី​៤ តុលា
សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ ដែល ​«​តោ​ទ្រា​» ​បិទទ្វារ​រាប់​ឆ្នាំ បាន​ចាប់​បើក​លេង កាលពីថ្ងៃ​ទី​៤ តុលា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]