ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅនេះ តារាចម្រៀង តារាកំប្លែង តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានលើឆាកតន្ត្រីក្នុង កម្មវិធីប្រកាសដំណើរការសាកល្បងដំបូង របស់ផ្សារ អាម៉ាហ្សូន កុងទីន័រ(Amazon Continuer)។
ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ ឲ្យទះដៃហ៊ោកញ្ជ្រៀវយ៉ាងកងរំពង នឹងការជួបផ្ទាល់ជាមួយតារាក្នុងដួងចិត្តរបស់ពួកគេ ដែលមានដូចជាតារាចម្រៀងកញ្ញា មាស សុខសោភា លោក ខាត់ ជេម នាយចឺម កញ្ញា វ៉ាន់ នីឡា កញ្ញា រ៉េត ស៊ូហ្សាណា និងតារាកំប្លែង នាយកុយ នាយក្រឹម លោក ប៉ីប៉ី ឌី DJ កាកា និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។ សិល្បករទាំងអស់សុទ្ធតែបង្ហាញអារម្មណ៍រីករាយ នឹងការជួបជាមួយអ្នកគាំទ្រមួយនឹងទិដ្ឋភាពផ្សារ និងការរៀបចំឆាកប្លែកសម្រាប់ព្រឹត្តិការណ៍នេះ។

នេះបើតាម លោក ធី ឬទ្ធីសី អគ្គនាយកផ្សារ អាម៉ាហ្សូន កុងទីន័រ បានបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ សម្រាប់ការបើកវេទិកាឲ្យសិល្បករជួបអ្នកគាំទ្រពួកគេដោយផ្ទាល់។ លោកថា នៅមានកម្មវិធីពិសេសៗ និងតារាចម្រៀង តារាសម្តែង តារាកំប្លែងជាច្រើនទៀត នឹងបង្ហាញវត្តមាននៅទីនេះ។ លោកបញ្ជាក់ថា លោកនឹងបើកឱកាសសម្រាប់សិល្បករ និងអ្នកគាំទ្ររបស់ពួកគេជារៀងរាល់ថ្ងៃផងដែរ។ លោកថា មូលហេតុនៃការបើកដំណើរការផ្សារនេះព្រោះតែសង្កេតឃើញពីតម្រូវការរបស់ក្រុមយុវជនដែលនិយមចូលចិត្តទីផ្សារដែលប្លែក នៅទីនេះជាតំបន់ប្រជុំជន ហើយនៅទីនេះមានជាង១២៦តូបមានបម្រើសេវាកម្មច្រើនទាំងលក់សម្លៀកបំពាក់ ហាងSalon ហាងលក់វត្ថុអនុស្សាវរីយ៍ ពិសេសអាហាររដ្ឋាន ដែលអបដោយក្រុមតន្ត្រីករ សិល្បករល្បីឈ្មោះលេង និងច្រៀងកំដរ ជារៀងរាល់ថ្ងៃ បូករួមទាំងការចាប់រង្វាន់ជារៀងរាល់ខែផងដែរ។
លោកបញ្ជាក់ទៀតថា ផ្សារនេះស្ថិតក្រោមទុនវិនិយោគប្រមាណជាង ៦០ម៉ឺនដុល្លារអាមេរិក ក្រោមការរៀបចំ រចនាប្រកបដោយភាពទាក់ទាញខ្លាំង ហើយពេលនេះគឺពិតជាទទួលបានការចាប់អារម្មណ៍លើសពីការរំពឹងទុក។ អ្នកជំនួញវ័យក្មេងរូបនេះលើកឡើងដែរថា លោកក៏មានគម្រោងពង្រីកអាជីវកម្មមួយចំនួនទៀត នៅថ្ងៃខាងមុខដើម្បីបម្រើការកម្សាន្ត ផ្តល់ ឱកាសការងារ ពង្រីកសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ លោករំពឹងថា ប្រជាជនខ្មែរ និងក្រុមយុវវ័យនឹងទទួលបានការការកម្សាន្តថ្មីប្លែក ជាមួយនឹងការជួបជុំ សម្រាកលម្ហែអារម្មណ៍ពេលបញ្ចប់ការងាររួច។
គួរបញ្ជាក់ដែរថា ផ្សារ អាម៉ាហ្សូន កុងទីន័រ (Amazon Continuer) ខាងលើមានទីតាំងស្ថិតនៅ ជិតផ្សាសាំហាន់ រឺផ្សាទួលសង្កែថ្មី នាង្កាត់ទួលសង្កែ ។ ផ្សារនេះនឹងប្រកាសបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ខែធ្នូ ឆ្នាំ២០១៧ នេះតទៅក្រោមទុនវិនិយោគជាងកន្លះលានដុល្លារអាមេរិក ដោយមិនបូកបញ្ចូលថ្លៃទីតាំង៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]