ផ្កាម្លិះមិនត្រឹមតែជាផ្កាដែលស្រស់ស្អាតក្រអូបឈ្ងុយប៉ុណ្ណោះទេ តែផ្កាម្លិះមានប្រយោជន៍សំខាន់ជាគ្រឿងតុបតែងលំអគេហដ្ឋាន និងជាផ្កាសម្រាប់ប្រើប្រាស់ក្នុងពិធីធំដុំមួយចំនួនផងដែរ។ ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួនបានឮនិងដឹងកន្លងមករួចហើយថា ផ្កាម្លិះមិនត្រឹមតែក្រអូបឈ្ងុយ និងជាផ្កាលម្អគេហដ្ឋានប៉ុណ្ណោះទេ តែគេក៏បានយកផ្កាម្លិះធ្វើជាតែសម្រាប់ទទួលទានរក្សាសុខភាពផងដែរ។
ដូច្នេះថ្ងៃនេះយើងនឹងលើកយកគុណប្រយោជន៍សំខាន់ៗ និងវិធីធ្វើតែពីផ្កាម្លិះងាយៗមកជម្រាបមិត្តអ្នកអានដូចតទៅ៖

#គុណប្រយោជន៍តែផ្កាម្លិះ
១. ជំនួយសសៃឈាមបេះដូង
តែផ្កាម្លិះមានសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសសៃឈាមបេះដូង បន្ថយកម្រិតកូឡេស្តឺរ៉លអាក្រក់ៗ ជួយឱ្យសម្ពាធឈាមមានតុល្យភាព កាត់បន្ថយភាពតានតឹងនៃសសៃឈាមបេះដូង និងអាចកាត់បន្ថយហាននិភ័យនៃជំងឺទាក់ទងនឹងបេះដូង និងជំងឺគាំងបេះដូង។
២. មានសារធាតុប្រឆាំងអុកស៊ីតកម្ម
តែម្លិះថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីដែលអាចជួយព្យាបាលការរលាក និងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ចៀសឆ្ងាយពីបញ្ហាធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀត។
៣. បន្ថយហានិភ័យនៃជំងឺមហារីក
ដោយសារតែតែផ្កាម្លិះមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់ បានជាវាអាចមានសមត្ថភាពការពារ និងទប់ស្កាត់នៃការវិវឌ្ឍន៍ទៅជាជំងឺផ្សេងៗជាច្រើន ជាពិសេសគឺជំងឺមហារីកកាចសាហាវ។
៤. ជួយសម្រកទម្ងន់
ការទទួលទានតែផ្កាម្លិះជាប្រចាំនឹងអាចជួយកាត់ជាតិខ្លាញ់ និងបន្ថយកម្រិតកូឡេស្តឺរ៉លបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាវិញទៀតប្រសិនជាអ្នកព្យាយាមហាត់ប្រាណបន្ថែម បូកផ្សំនឹងការទទួលរបបអាហារដែលមានប្រយោជន៍ចំពោះរាងកាយទៀតនោះ អ្នកនឹងទទួលបានរូបរាងស្វែលស្អាតគួរជាទីទាក់ទាញ។
៥. ជួយបន្ធូរបន្ថយអាការតានតឹងក្នុងអារម្មណ៍
គ្រាន់តែទទួលទានតែផ្កាម្លិះអាចជួយធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ បំបាត់អស់ទុក្ខកង្វល់ បន្ថយអាការធុញថប់ស្ត្រេសអស់កម្លាំងយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនោះតែម្លិះថែមទាំងធ្វើឱ្យអារម្មណ៍អ្នកស្ងប់ល្អ ជួយបន្ថយអត្រាចង្វាក់បេះដូងមិនប្រក្រតី ជាពិសេសថែមទាំងអាចកាត់បន្ថយអាការឈឺចាប់ត្រង់សន្លាក់ និងសាច់ដុំបានយ៉ាងល្អផងដែរ។

៦. ជួយការពារ និងកាត់បន្ថយនៃការកើតជំងឺផ្តាសាយ
តែម្លិះមានសារធាតុសំខាន់ៗដែលដើរតួនាទីជាអ្នកការពារមេរោគអាលែហ្ស៊ីដែលបណ្តាលឱ្យអ្នកកើតជំងឺគ្រុន ផ្តាសាយ និងគ្រុនផ្តាសាយធំបានយ៉ាងល្អ។ ម្យ៉ាងវិញទៀតការទទួលទានតែម្លិះជាប្រចាំថែមទាំងអាចឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺមួយចំនួនថែមទៀតផង។
៧. ជំនួយដល់ប្រព័ន្ធសសៃឈាម
ការទទួលទានតែម្លិះជួយធ្វើឱ្យសសៃឈាមរបស់អ្នកមានដំណើរការល្អ ទប់ស្កាត់ឈាមកកក្នុងខួរក្បាល និងសសៃឈាម ថែមទាំងអាចការពារ និងបន្ថយហានិភ័យនៃការកើតជំងឺដាច់សសៃឈាមខួរក្បាលបានថែមទៀតផង។
៨. កាត់បន្ថយកម្រិតកូឡេស្តឺរ៉ល
តាមការស្រាវជ្រាវរកឃើញថា តែម្លិះអាចជួយទប់ស្កាត់ កាត់បន្ថយ និងលាងសម្អាតជាតិខ្លាញ់អាក្រក់ៗនៅក្នុងសសៃឈាមដោយគ្រាន់តែទទួលទានតែម្លិះត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតតែម្លិះថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមផងដែរ។
៩. ជំនួយសុខភាពក្រពះនិងពោះវៀន
តែម្លិះត្រូវបានគេរកឃើញថាអាចមានលទ្ធភាពធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អងាយនឹងរំលាយចំណីអាហារផ្សេងៗ ជាពិសេសធ្វើឱ្យក្រពះនិងពោះវៀនមានសុខភាពល្អ។
១០. ប្រឆាំងនឹងភាពចាស់
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែម្លិះថែមទាំងអាចរារាំងនៃការវិវឌ្ឍន៍ទៅកាន់ភាពចាស់ជ្រីវជ្រួញបានយ៉ាងល្អ។ ដូច្នេះគ្រាន់តែទទួលទានតែម្លិះជាប្រចាំស្បែករបស់អ្នកប្រាកដជារលាង ហ្មត់ខៃ ក្មេងជាងភ័យជាមិនខាន។

# វិធីធ្វើតែពីផ្កាម្លិះងាយៗ
គ្រាន់តែយកផ្កាម្លិះស្រស់ៗ ១ពែងលាងទឹកឱ្យស្អាតរួចដាំជាមួយនឹងទឹកស្អាត ១ពែងឱ្យពុះរួចអ្នកអាចទទួលទានទាំងនៅក្តៅឧណ្ហៗក៏បាន។ ម្យ៉ាងវិញទៀតអ្នកក៏អាចយកតែកញ្ចប់ទិញពីបណ្តាផ្សារមកឆុងជាមួយទឹកក្តៅទុករយៈពេល ពី ២ ទៅ៤នាទីរួចបន្ថែមជាមួយទឹកឃ្មុំបង្កើនរសជាតិក៏បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]