នៅក្នុងយុគសម័យទំនើប និងទាន់សម័យ ជាពិសេសខាងផ្នែកសម្រស់ និងសំលៀកបំពាក់តែម្តង មានមនុស្សជាច្រើនតែងតែរិះរកគន្លឹះធ្វើឱ្យខ្លួនឯង មានភាពស្រស់ស្អាត ដើរឱ្យទាន់សម័យនឹងគេ ដោយការរៀបចំខ្លួន ពីក្បាលដល់ចុងជើងឱ្យសាកសម។
ក្រៅពីម៉ូដសំលៀកបំពាក់ និងភាពស្រស់ស្អាតលើផ្ទៃមុខ សក់ក៏ជាផ្នែកមួយដែលមនុស្សជាច្រើនតែងតែយកចិត្តទុកដាក់បំផុត មិនថាការកាត់ម៉ូដសក់គ្រប់ម៉ូដគ្រប់ម៉ាកនោះទេ សូម្បីតែការប្តូរពណ៌សក់ក៏មានការពេញនិយមផងដែរ ជាពិសេសគឺតារាល្បីៗ រហូតដល់យុវវ័យសាមញ្ញធម្មតា។ ប៉ុន្តែការប្តូរពណ៌សក់ ក៏ត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់សុខភាពច្រើនផងដែរ។
ដូច្នេះមកតាមដានទាំងអស់គ្នា តើការលាបពណ៌សក់មានគុណវិបត្តិអ្វីខ្លះ៖

# អាលែកហ្ស៊ី
មិនថាការលាបពណ៌សក់ ជាការលាបបិតបាំងសក់ស្កូវ ឬប្តូរម៉ូដសក់ដើម្បីឱ្យស៊ីវីល័យទាន់សម័យកាលរបស់យុវវ័យនោះទេ វាអាចប្រឈមមុខនឹងជំងឺអាលែកហ្ស៊ីយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងថ្នាំលាបពណ៌សក់មានសារធាតុគីមីម្យ៉ាងមានឈ្មោះថា Paraphenylenediamine ឬ PPD ដែលជាមូលហេតុចម្បងធ្វើឱ្យកើតមានបញ្ហាអាលែកហ្ស៊ីស្បែកក្បាល។ រោគសញ្ញានៃអាការអាលែកហ្ស៊ីរួមមាន៖ រមាស់ស្បែកក្បាល ឡើងកន្ទួលក្រហម ហើមស្បែកក្បាល និងឡើងអង្គែផងដែរ។ ជាពិសេសអាចឡើងហើមប៉ោងដល់ភ្នែក ត្របកភ្នែក និងស្បែកនៅម្តុំជិត ច្រមុះ រួមទាំងផ្ទៃមុខផងដែរ។

# សក់ផុយស្រួយ
ប្រសិនជាអ្នកឧស្សាហ៍ប្តូរពណ៌សក់ជាញឹកញយ ជាតិគីមីនៅក្នុងថ្នាំលាបពណ៌សក់ដែលប្រមូលម្តុំគ្នានោះ នឹងធ្វើឱ្យសក់របស់អ្នកបាត់បង់អស់ជាតិសំណើម ហើយសក់របស់អ្នកចាប់ផ្តើមស្ងួត ផុយស្រួយ បែកចុង ងាយនឹងដាច់ ឬជ្រុះសក់ណាស់។ មិនតែប៉ុណ្ណោះថែមទាំងធ្វើឱ្យសក់របស់អ្នកឡើងរឹង ហើយគ្មានភាពភ្លឺរលោងដូចមុនៗទៀតផង។ វិធីដោះស្រាយមានតែម្យ៉ាងប៉ុណ្ណោះ គឺត្រូវកាត់សក់ដែលនៅខាងចុងខូច ឬខ្ទេចនោះបោះចោល។

# ប្រតិកម្មស្បែក
ថ្នាំប្តូរពណ៌សក់អាចធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាលើស្បែករាងកាយទាំងមូលបាន។ ដោយពេលខ្លះ ធ្វើឱ្យស្បែករបស់អ្នករលាក ឡើងស្នាមក្រហម ហើយស្បែកប្រែជាស្តើងទៅៗ រមាស់ និងមានបញ្ហាស្បែកជាច្រើនទៀតផងដែរ។
ដើម្បីចៀសវាងបញ្ហាស្បែកប្រតិកម្មទាំងនេះ អ្នកត្រូវសាកធ្វើតេស្តលាបពណ៌សក់បន្តិចក្នុងរយៈពេល ៤៨ម៉ោងជាមុនសិន ។ ប្រសិនជាស្បែករបស់អ្នកមានប្រតិកម្មជាមួយថ្នាំលាបសក់វានឹងផ្តល់សញ្ញាឱ្យភ្លាមៗ តែបើគ្មានបញ្ហាអ្វីទេអ្នកអាចលាបថ្នាំប្តូរសក់នោះបានហើយ។ ប៉ុន្តែត្រូវចៀសវាងលាបប៉ះនឹងបរិវេណស្បែកដែលអាចធ្វើឱ្យប្រតិកម្ម។ ក្នុងករណីស្បែករបស់អ្នកមានបញ្ហា កន្ទូល និងរមាស់ និងត្រូវប្រញាប់ទៅពិនិត្យជាមួយពេទ្យសើស្បែកជំនាញទើបជាការល្អ។

# មហារីក
ខាងមន្ទីរពិសោធន៍បានរកឃើញថា សារធាតុគីមី PPD ដែលមាននៅក្នុងថ្នាំប្តូរសក់អាចប៉ះពាល់ដល់ កោសិកា DNA របស់មនុស្ស ថែមទាំងធ្វើឱ្យមានហានិភ័យប្រឈមមុខនឹងជំងឺមហារីកខ្ពស់ផងដែរ។ ចំណែកសារធាតុគិមី Resorcinol វិញត្រូវបានគេដឹងថាអាចបង្អាក់ការបញ្ចេញអរម៉ូនម្យ៉ាងដែលអាចបង្កជាជំងឺមហារីកសុដន់នៅថ្ងៃខាងមុខផងដែរ។
ទោះជាយ៉ាងណា ការសិក្សា បង្ហាញត្រឹមតែការប្រើប្រាស់ថ្នាំប្តូរពណ៌សក់ច្រើនដងតែប៉ុណ្ណោះ តែសម្រាប់ ការប្រើប្រាស់ក្នុងបរិមាណសមល្មម ឬតិចតួច ត្រូវបានគេសន្និដ្ឋានថា គ្មានបញ្ហាអ្វីធំដុំចោទឡើងនោះទេ។

# កន្ទួលក្រហម
អាការ ប្រតិកម្មអាលែក្ស៊ី ជាមួយនឹងថ្នាំលាបពណ៌សក់ អាចបណ្តាលឱ្យស្បែកក្បាលមានស្នាមកន្ទួលក្រហមបានផងដែរ ព្រោះថាពេលដែលលាបពណ៌សក់ មិនអាចថាមិនប៉ះនឹងស្បែកក្បាលសោះនោះឡើយ។ ដូច្នេះដើម្បីចៀសវាងពីបញ្ហាទាំងនេះ មុននឹងចាប់ផ្តើមលាបថ្នាំសក់ទាំងស្រុងលើសក់ និងស្បែកក្បាល អ្នកអាចសាកលាបថ្នាំពណ៌សក់បន្តិចលើស្បែកក្បាល ប្រសិនជាគ្មានបញ្ហា ឬប្រតិកម្មឡើងកន្ទូលក្រហមទេ បានន័យថាស្បែកក្បាលរបស់អ្នកមិនមានប្រតិកម្មនឹងថ្នាំប្តូរពណ៌សក់ឡើយ។

# កើតជំងឺហឺត
ការសិក្សាបានបង្ហាញថា ការលាបថ្នាំប្តូរពណ៌សក់ច្រើនពេក មិនត្រឹមតែអាចមានបញ្ហាអាលែក្ស៊ីប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម និងធ្វើឱ្យកើតមានជំងឺហឺតផងដែរ។ នោះក៏ដោយសារតែសារធាតុគីមី PPD និង Persulfates នៅក្នុងថ្នាំលាបពណ៌សក់ អាចឆ្លងចូលទៅកាន់ផ្លូវដង្ហើមដោយសារការស្រូបយកជាតិថ្នាំតាមរយៈច្រមុះផ្ទាល់តែម្តង (ភាគច្រើនថ្នាំពណ៌សក់ស្អុយ និងក្រពុល )។

# ចំណាយលុយខ្ជះខ្ជាយ
ប្រសិនជាអ្នកចំណាយលុយលើការប្តូរពណ៌សក់ម្តង នោះវាអាចនឹងមានតម្លៃលើសការធ្វើម៉ូដសក់ម្តងទៅទៀត។ វានឹងធ្វើឱ្យអ្នកចំណាយលុយច្រើន ខ្ជះខ្ជាយអស់ពីហោប៉ៅដោយមិនដឹងខ្លួន។
ការលាបពណ៌សក់មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកខាតពេលវេលាអង្គុយរង់ចាំប្តូរពណ៌សក់រាប់ម៉ោងផងដែរ។ ប្រសិនជាយកលុយនេះមកធ្វើម៉ូដសក់ថ្មីប្លែកៗ ទិញសំលៀកបំពាក់ស្អាតៗល្អៗ យកទៅដើរលេង និងញ៉ាំអាហារដែលល្អចំពោះសុខភាពមិនល្អជាងមែនទេ?

បើទោះជាចំនុចខាងលើ រៀបរាប់ពីផលប៉ះពាល់របស់ថ្នាំប្តូរសក់យ៉ាងណាក៏ដោយ ប៉ុន្តែស្ថិតនៅក្នុងសម័យជឿនលឿន យើងក៏មិនអាចហាមប្រាមមិនឱ្យប្តូរពណ៌សោះនោះដែរ។ គ្រាន់តែការប្តូរពណ៌សក់គួរតែធ្វើយូរៗម្តងបានហើយ និងមិនត្រូវប្តូរពណ៌សក់ជាញឹកញាប់ពេកនោះទេ ជាពិសេសត្រូវតែអានចំណុចទាំង ៧ខាងលើឱ្យចប់សិន ហើយធ្វើការពិចារណាម្តងទៀត មុននឹងសម្រេចចិត្តប្តូរពណ៌សក់ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]