យើងដឹងរួចមកហើយថា សព្វថ្ងៃមានមនុស្សគ្រប់ប្រភេទ គ្រប់អត្តចរិត ទាំងពេលខ្លះយើងមិនអាចមើលដឹងទេថា អ្នកណាល្អចំពោះយើង អ្នកណាគិតអាក្រក់ចំពោះយើង អ្នកណាដែលអង្គុយចាំតែនិន្ទា ចាំតែច្រណែន និងចាំតែតាមដានយើង រួចយកមកនិយាយដើមយើងនោះទេ។
ពាក្យថាច្រណែន គឺបានន័យថា យើងប្រាកដជាមានអ្វីល្អលើសគេ មានអ្វីដែលជោគជ័យជាងគេហើយ បានជាអាចធ្វើឲ្យគេ កើតចិត្តច្រណែនមកលើយើងនោះ។ ប៉ុន្តែធ្វើយ៉ាងម៉េចទើបដឹងថា មនុស្សម្នាក់មានចិត្តច្រណែននឹងអ្នក ដើម្បីងាយស្រួលអ្នកទប់ទល់ និងប្រយ័ត្នប្រយែងទុកជាមុននោះ?
ខាងក្រោមនេះ គឺជាចំណុចគោលសំខាន់ៗមួយចំនួន របស់បុគ្គលដែលមានចិត្តច្រណែននឹងអ្នក ចាំមើលមើល៍ ថាតើមនុស្សនៅជុំវិញអ្នក ឬមិត្តរបស់អ្នក ឬនណាម្នាក់ដែលមានចំនុចទាំងនេះ?

១. បញ្ជោរ ឬការសរសើរក្លែងក្លាយ
មនុស្សដែលច្រណែនអ្នក គេនឹងសរសើរអ្នកនៅចំពីមុខ ដោយការបញ្ជោររបៀបលើសៗ ដូចជាសរសើរជ្រុល ជួនកាលលើសពីការពិត របៀបឌឺដងជាដើម។ ប៉ុន្តែពេលដែលនៅក្រោយខ្នងរបស់អ្នក គេនឹងចាប់ផ្តើមនិយាយដើម ឬនិយាយអាក្រក់ពីអ្នកជាមិនខាន។
ម្យ៉ាងវិញទៀត មនុស្សដែលច្រណែន គេមិនហ៊ានប្រឈមមុខនឹងអ្នកទេ គេបានត្រឹមតែនិយាយអាក្រក់ នៅក្រោយខ្នងលាក់មុខលាក់មាត់ប៉ុណ្ណោះ។ តែត្រូវចាំមើល នៅពីមុខអ្នកគេពិតជាខំធ្វើល្អ បញ្ជោរអ្នកពីនេះពីនោះជាដើម របៀបខ្លាលាក់ក្រចក។ នេះហើយដែលគេហៅថា មនុស្សច្រណែនលាក់មុខ។

២. បង្អាប់ភាពជោគជ័យរបស់អ្នក
ជឿចុះ អ្នកដែលច្រណែនអ្នក គេនឹងមិនដែលត្រេកអរនូវភាពជោគជ័យ ឬភាពរីករាយ និងជ័យជំនះរបស់អ្នកនោះទេ។ មនុស្សដែលច្រណែននឹងអ្នក ដោយសារគេធ្វើអ្វីអ្នកមិនបាន ឬធ្វើមិនបានដូចអ្នក គេតែងតែព្យាយាមបង្អាប់ មើលងាយ ឬគិតថាភាពជោគជ័យរបស់អ្នក វាគ្រាន់តែជារឿងតូចតាច និងឥតប្រយោជន៍ ដើម្បីបំបាក់ទឹកចិត្តរបស់អ្នកផង និងសម្រាប់លួងចិត្តច្រណែនរបស់គេផងប៉ុណ្ណោះ។
អ្វីដែលសំខាន់ទៀតនោះ គេអាចនឹងដើរនិយាយដើម ឬបញ្ចុះបញ្ចូលអ្នកដទៃឱ្យស្អប់អ្នក ច្រណែនអ្នក និងគិតអ្នកក្នុងផ្លូវមិនល្អដែរក៏ថាបាន។

៣. អួតអាងពីភាពជោគជ័យរបស់ខ្លួន
អ្នកដែលច្រណែនអ្នក គេនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីយកឈ្នះអ្នក និងធ្វើអ្វីឲ្យលើសអ្នក ដែលគេហៅថាចង់កាច់កុងនោះ។ ជាពិសេស ពេលដែលនៅមុខអ្នក ឬពេលដែលអ្នកនៅក្នុង ចំណោមមនុស្សជាច្រើនជាដើម។ គេនឹងប្រឹងអួតពីខ្លួនឯង ដូចជាគុណសម្បត្តិរបស់គេ ភាពល្អរបស់គេ រួមនឹងអ្វីៗដែលគេមាន ដើម្បីបំបាក់ទឹកចិត្តអ្នក និងបង្ហាញថាគេល្អលើសអ្នកជាដើម។

៤. ធ្វើតាមអ្នក
ភាពច្រណែនរបស់បុគ្គលមួយចំនួនគឺ ការព្យាយាមធ្វើអ្វីគ្រប់យ៉ាងតាមអ្នកមិនថា ការស្លៀកពាក់ ចរិតប្ញកពារ និងពាក្យសម្តីនោះទេ។ អ្នកបានដឹងហើយថា ដោយសារតែយើងល្អជាងគេ មានអ្វីលើសគេបានជាគេច្រណែន ដូច្នេះហើយគេប្រាកដជាច្រណែន ចង់ធ្វើអ្វីគ្រប់យ៉ាងតាមអ្នក ដើម្បីឲ្យខ្លួនគេល្អ និងជោគជ័យដូចអ្នកជាមិនខាន។

៥. ប្រកួតប្រជែងគ្រប់ពេល
មិនខុសពីចំណុចមុនៗ ខាងលើប៉ុន្មានឡើយ មនុស្សច្រណែនអ្នក មិនត្រឹមតែចង់កាច់កុងអ្នកនោះទេ គេតែងតែព្យាយាមធ្វើអ្វីឲ្យលើសអ្នក តាមរយៈការខំប្រឹងធ្វើអ្វីមួយប្រកួតប្រជែងនឹងអ្នក និងធ្វើអ្វីគ្រប់យ៉ាងដើម្បីយកឈ្នះអ្នក មិនថាប្រើវិធីបែបណាក៏ដោយ។ ពេលខ្លះគេខំប្រឹងប្រើគ្រប់វិធី មិនថាវិធីអាក្រក់យ៉ាងណា ក៏គេអាចធ្វើបាន ដើម្បីឲ្យតែឈ្នះអ្នក និងធ្វើឲ្យអ្នកខ្មាសគេ ដែលបែបនេះវាគ្មានតម្លៃនោះទេ។

៦. ពួកគេសប្បាយចិត្តពេលអ្នកបរាជ័យ
អ្នកដែលច្រណែនអ្នក ប្រាកដជាមិនមែនជាអ្នកដែលចូលចិត្តយើងឡើយ។ ដូច្នេះហើយពួកគេពិតជាសប្បាយចិត្តជាមិនខាន នៅពេលដែលអ្នកមានការលំបាក ឬជួបភាពបរាជ័យ។ បើទោះបីជាគេ មិននិយាយចេញមកក៏ដោយ តែនៅក្នុងចិត្តរបស់ពួកគេពិតជាត្រេកអរ ជាពិសេសគេអាចនឹងនិយាយអាក្រក់ និងសើចចំអកពីក្រោយអ្នកបានថែមទៀតផង។

៧. ចូលចិត្តនិយាយដើម
ជឿចុះមកពីយើងល្អ យើងមានអ្វីលើសគេ ទើបបានជាគេនាំគ្នានិយាយដើមយើង។ ជាការពិតណាស់ អ្នកដែលពូកែច្រណែនអ្នក ក្រៅពីធ្វើល្អតែនៅនឹងមុខអ្នកហើយ ពិតជាចៀសមិនផុតពីរឿងនិយាយដើម ក្រោយខ្នងរបស់អ្នកនោះទេ។ ពួកគេតែងតែនិយាយដើមអាក្រក់ៗ ដោយភាពច្រណែនឈ្នានីសនូវអ្វីដែលអ្នកធ្វើ និងអ្វីដែលអ្នកមាន។

៨. សម្តែងថាស្អប់អ្នកត្រង់ៗតែម្តង
អ្នកប្រហែលជាឆ្ងល់ ពេលខ្លះអ្នកមិនដែលធ្វើអ្វីគេ ឬមានបញ្ហាជាមួយអ្នកណាទេ តែហេតុអ្វីបានជាមានអ្នកខ្លះ សម្តែងអារម្មណ៍ថាស្អប់អ្នក មិនចូលចិត្តអ្នក សម្លក់សម្លឹង មើលលើមើលក្រោម ថែមទាំងពេលខ្លះពេបមាត់ពេប-ក និងពេបជ្រាយអ្នកថែមទៀតផង។ ទាំងនេះហើយដែលគេហៅថា គឺជាចរិតរបស់មនុស្សដែលច្រណែនលើអ្នកនោះអី។
បុគ្គលដែលច្រណែនលើអ្នក ពេលខ្លះគឺសម្តែងអត្តចរិត ប្ញកពារ និងបញ្ចេញថាស្អប់អ្នកត្រង់ៗតែម្តងដោយមិនលាក់លៀម។ ដូច្នេះអ្នកមិនចាំបាច់ខ្វល់ខ្វាយ ឬគិតច្រើនពេកទេ សម្រាប់អ្នកដែលសម្តែងថាស្អប់អ្នក អ្នកត្រូវធ្វើចិត្តសប្បាយៗ ចៀសវាងការកើតមានបញ្ហាមិនល្អ កាន់តែមើលមុខគ្នាមិនចំ។ ប៉ុន្តែអ្នកខ្លួនឯងក៏ត្រូវចេះប្រុងប្រយ័ត្ន និងការពារខ្លួនផងដែរ។

៩. មិត្តភាពក្លែងក្លាយ
មនុស្សដែលច្រណែនអ្នក នឹងមានស្នាមញញឹមក្លែងក្លាយ រួមទាំងការសរសើរ បញ្ចើចបញ្ចើនូវពាក្យមិនពិតជាច្រើន។ អ្វីដែលគេធ្វើនោះ គឺចង់ឲ្យអ្នកដទៃមើលឃើញថាគេជាមនុស្សល្អ និងព្យាយាមលាក់លៀមមិនឲ្យអ្នក និងអ្នកផ្សេងដឹងថាគេជាមនុស្សដែលពូកែច្រណែនអ្នកដទៃ។

១០. ផ្តល់ដំបូន្មានអាក្រក់
អ្នកដែលច្រណែនអ្នក គេប្រាកដជាមិនចង់ឲ្យអ្នកល្អលើសគេនោះទេ។ ដូច្នេះគេម៉េចនឹងអាចជួយអ្នក ឬផ្តល់យោបល់ល្អៗដល់អ្នកបានទៅ? ព្រោះគេខ្លាចអ្នកល្អ លើសគេ មានអ្វីលើសគេ និងជោគជ័យជាងគេហ្នឹងឯង។ ហើយបើទោះបីជាគេផ្តល់ដំបូន្មានឲ្យអ្នក ក៏ពោរពេញដោយរឿងមិនល្អ ឬរឿងមិនសមរម្យដែរ។ អ្វីដែលអ្នកពូកែច្រណែនចង់ឃើញបំផុត គឺភាពបរាជ័យរបស់អ្នក។

១១. អង្គុយចាំតែរិះគន់
មិត្តពិតរបស់អ្នកពេលដែលឃើញអ្នកខុស ឬមានទង្វើអវិជ្ជមានណាមួយ គេនឹងប្រាប់អ្នក ណែនាំអ្នក និងតែងតែនៅក្បែរអ្នក ជួយផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់អ្នក។ ខុសពីអ្នកដែលពូកែច្រណែន គេនឹងចាំតែរិះគន់អ្នកគ្រប់រឿង ទើសអ្នកគ្រប់បែបយ៉ាង។
ពួកគេចាំតែតាមដានអ្នក និងចាំមើលថាអ្នកធ្វើអ្វីខ្លះ ហើយរឿងដែលពួកគេធ្វើភាគច្រើននោះ គឺចាំចាប់កំហុស បើទោះបីជាអ្នកល្អ អ្នកពូកែ គ្មានរឿងអ្វីទាស់ខុសយ៉ាងណាក៏ដោយ ក៏គេព្យាយាមសាងរឿងតូចឱ្យក្លាយជារឿងធំ ដើម្បីថាឲ្យអ្នក រិះគន់អ្នក និងនិយាយដើមអាក្រក់ពីអ្នកដែរ។ ជាពិសេសនោះពេលអ្នកមានកំហុសគេថែមទាំងជាន់ពន្លិចទៀតផង។

១២. គេចវេះនូវភាពជោគជ័យរបស់អ្នក
មនុស្សពូកែច្រណែន ពិតជាមិនចង់ឃើញ ចង់ដឹង ចង់ឮពីភាពជោគជ័យរបស់អ្នកឡើយ។ ដូច្នេះនៅពេលដែលអ្នកមានរឿងល្អៗ ឬរឿងដែលជោគជ័យ គេនឹងព្យាយាមដើរចេញ គេចវេះ មិនចូលរួមអបអរ និងរីករាយជាមួយអ្នកឡើយ។ នេះក៏ព្រោះតែគេមិនសប្បាយចិត្ត មិនស្រួលចិត្ត ហើយក្នុងចិត្តក៏កំពុងតែមួរម៉ៅក្តៅក្រហាយផងដែរ ពេលដែលឃើញអ្នកជួបតែរឿងល្អៗបែបនេះ។

១៣. បង្អាប់អ្នកនៅមុខអ្នកដទៃ
មនុស្សច្រណែនតែងតែនិយាយ និងរិះគន់អ្នកចំៗនៅចំពោះមុខអ្នកដទៃ និងចំណោមមនុស្សម្នាជាច្រើននាក់។ ជាពិសេសរិះគន់ថាឲ្យអ្នកនៅមុខមិត្តភក្តិ ឬអ្នកជិតស្និទ្ធអ្នកជាដើម ដើម្បីបង្អាប់អ្នក និងធ្វើឱ្យអ្នកខ្មាសគេ និយាយរួមគេធ្វើអ្វីគ្រប់យ៉ាងដើម្បីបំបាក់មុខអ្នកតែម្តង ដើម្បីយកឈ្នះអ្នក។

១៤. ស្អប់អ្នកដោយគ្មានហេតុផល
ទោះជាអ្នកព្យាយាមធ្វើល្អ អ្នកគ្មានបំណងអាក្រក់ ឬមិនមានអ្វីខុសឆ្គងក៏ដោយ តែមនុស្សដែលច្រណែនអ្នក គឺត្រូវតែស្អប់អ្នកតែម្តង ទោះអ្នកមិនធ្វើអ្វីគេក៏ដោយ។ នោះគឺជាភាពនិន្ទាឈ្នានីស ពីធម្មជាតិរបស់អ្នកច្រណែន។
តើមានអ្នកណាទៅ ដែលច្រណែនអ្នកហើយ មិនស្អប់អ្នកនោះ?

១៥. តែងតែរម្លឹកពីភាពបរាជ័យរបស់អ្នក
អ្នកដឹងរួចមកហើយថា គ្មានអ្នកណាល្អគ្រប់១០ និងមានភាពជោគជ័យគ្រប់ពេលនោះទេ។ មិត្តពិតរបស់អ្នក នៅពេលដែលឃើញអ្នកពិបាកចិត្ត ឬជួបភាពបរាជ័យ ពួកគេប្រាកដជានៅលួងលោមអ្នក លើកទឹកចិត្តអ្នក ផ្តល់កម្លាំងចិត្តឲ្យអ្នកតស៊ូ និងប្រឹងប្រែងឡើងវិញ។
ផ្ទុយទៅវិញ មិត្តក្លែងក្លាយ ឬអ្នកដែលច្រណែនអ្នក គេនឹងសប្បាយចិត្តពេលដែលអ្នកបរាជ័យ តាមរយៈការឌឺដងផ្លែផ្កា បណ្ដុះបង្អាប់ តែងតែជីកកកាយនូវរាល់ភាពបរាជ័យរបស់អ្នក និងរម្លឹករឿងដែលធ្វើឲ្យអ្នកខូចចិត្ត ដើម្បីជាន់អ្នកឲ្យលិចលង់បន្ថែមទៀត។

១៦. បង្ហាញភាពមិនសប្បាយចិត្ត
អ្នកដែលច្រណែនអ្នក គេប្រាកដជាមិនពេញចិត្តនឹងភាពជោគជ័យ ឬរឿងរីករាយរបស់អ្នកឡើយ។ ដូច្នេះនៅពេលដែលអ្នកកំពុងតែមានភាពរីករាយ គេនឹងព្យាយាមសម្តែងអាម្មណ៍រីករាយ ធ្វើពុតជាចូលរួមត្រេកអរនឹងអ្នក ប៉ុន្តែអ្នកអាចសង្កេតបានថា មនុស្សដែលច្រណែនអ្នក គេប្រាកដជាលាក់ចរិតពិតមិនបានទេ។
ទោះជាគេខំញញឹម ខំរីករាយ តែចិត្តច្រណែនឈ្នានីសប្រាកដជាអាចលេចចេញកន្ទុយខ្លះមកហើយ ដែលបង្ហាញថាញញឹម ឬភាពរីករាយទាំងបង្ខំ លាយឡំនឹងទឹកមុខជ្រេញអ្នកផងក៏ថាបាន៕

ប្រភព៖ Providr | Lovepanky | Enkirelations
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]