ម៉ាឡេស៊ី៖ ជាការពិត អ្នកពិការពីកំណើតភាគច្រើនតែងតែតស៊ូប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ខ្លួន រហូតមានអ្នកខ្លះមានគំនិតច្នៃប្រឌិតធ្វើឲ្យខ្លួនគេអាចប្រើប្រាស់ទូរស័ព្ទដៃ លេងឧបករណ៍តន្ត្រី គូរគំនូរ និងធ្វើរឿងផ្សេងៗជាច្រើនទៀត ដូចមនុស្សទូទៅដែរ។

ដោយឡែក កញ្ញា Nursamawati Mahmud អាយុ ៣៣ឆ្នាំ គឺជាមនុស្សម្នាក់ដែលមិនបណ្តោយឲ្យពិការភាពរបស់ខ្លួន បង្កជាវិបត្តិនៅក្នុងជីវិតឡើយ។ កញ្ញា Nursamawati មានបញ្ហាលើរូបរាងកាយ ដៃ និងជើងសងខាង ដោយមានភាពមិនប្រក្រតីមិនអាចប្រើការបាន ប៉ុន្តែនាងចូលចិត្តប្រើប្រាស់ផលិតផលអេឡិចត្រូនិចណាស់ ដូចជា ទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ជាដើម តែជំនួសការបញ្ជាដោយប្រើអណ្តាតរបស់នាងវិញ។

តាមពិតទៅ កញ្ញា Nursamawati ប្រើទូរស័ព្ទស្មាតហ្វូន មិនមែនដើម្បីការកម្សាន្តជាមួយបណ្តាញសង្គមដូចជា Facebook, Instagram ឬ WeChat អ្វីនោះទេ តែនាងយកវាមកប្រើប្រាស់សម្រាប់ជួយផ្សព្វផ្សាយផលិតផលទឹកស៊ីអ៊ីវ និងទឹកម្ទេស ដែលជាជំនួញរបស់គ្រួសាររបស់នាង។
នារីពិការដែលមកពីតំបន់ Kampung Gelong Gajah ប្រទេសម៉ាឡេស៊ីរូបនេះ បានឲ្យដឹងថា ការខិតខំប្រឹងប្រែងរបស់នាងបានធ្វើឲ្យកើនឡើងនូវតម្រូវការផលិតផលរបស់គ្រួសារនាងខ្លាំងមែនទែន ហើយកាលពីឆ្នាំ ២០១៥ ទឹកស៊ីអ៊ីវ និងទឹកម្ទេសត្រូវបានលក់ចេញប្រហែល ៤០០០ដប ជារៀងរាល់ខែ។

គួរបញ្ជាក់ថា កញ្ញា Nursamawati គឺជាកូនបងគេបង្អស់ ក្នុងចំណោមបងប្អូនទាំង៥នាក់ ហើយសព្វថ្ងៃនេះគណនីហ្វេសប៊ុករបស់នាង មានមិត្តភក្តិប្រហែលជាង១០០០នាក់ហើយ។
អ្នកស្រី Saudah Shaari អាយុ៥៥ឆ្នាំ ដែលត្រូវជាម្តាយរបស់ កញ្ញា Nursamawati បានប្រាប់ថា កូនស្រីរបស់អ្នកស្រី ពិតជាមនុស្សម្នាក់ដែលតស៊ូ និងរឹងមាំខ្លាំងណាស់។ ម្តាយរូបនេះនិយាយថា៖
“នាងតែងតែចង់ឃើញមុខរបររបស់ខ្ញុំជោគជ័យ។ ទោះបីជា នៅក្នុងឆ្នាំនេះ ជំនួញរបស់យើងទទួលរងផលប៉ះពាល់ ដោយសារដៃគូប្រកួតប្រជែងក៏ពិតមែន ក៏នាងមិនចុះចាញ់ដែរ។ ផ្ទុយទៅវិញ នាងនៅតែព្យាយាមផ្សព្វផ្សាយ ដោយប្រើអណ្តាតរបស់នាងចុចទូរស័ព្ទស្មានហ្វូននោះដដែល”។

តើអ្នកគិតយ៉ាងណាដែរ ចំពោះការតស៊ូរបស់ កញ្ញា Nursamawati? សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]