ពពួកផ្លែឈើ អ្នកណាៗក៏ដឹងដែរថាវាសម្បូរទៅដោយវីតាមីន និងសារធាតុសំខាន់ៗជាច្រើន ដែលអាចជំនួយដល់សុខភាពច្រើនយ៉ាង។ តែក៏នៅមានមនុស្សមួយចំនួនមានចម្ងល់ថា បើទោះជាវាល្អយ៉ាងណាក៏ដោយ តើវាពិតជាអាចទទួលទានបានគ្រប់ពេលគ្រប់វេលា ដោយមិនមានបញ្ហាមែនទេ?
ដូច្នេះចម្លើយមាននៅក្នុងអត្ថបទខាងក្រោម ដែលរៀបរាប់ពីពេលវេលាដែលសាកសមសម្រាប់ការទទួលទានផ្លែឈើបំផុត សម្រាប់ជំនួយដល់សុខភាពទូទៅផង សម្រាប់ជំងឺមួយចំនួន ជាពិសេសគឺការសម្រកទម្ងន់៖

# សម្រាប់សុខភាពទូទៅ
ពពួកផ្លែឈើ មិនត្រូវបានគេកំណត់ ឬហាមប្រាមមិនឱ្យទទួលទានអំឡុងពេលទទួលទានអាហារ និងពេលថ្ងៃត្រង់ឡើយ តែពេលវេលាដែលសាកសមបំផុតសម្រាប់សុខភាពទូទៅ គឺការទទួលទាននៅពេលថ្ងៃ មិនថាទាំងព្រឹក ឬថ្ងៃត្រង់នោះទេ លើកលែងពេលល្ងាច និងយប់។

# សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២
កន្លងមកយើងបានដឹងហើយថា អ្នកដែលកើតមានជំងឺទឹកនោមផ្អែម ក៏អាចទទួលទានផ្លែឈើមួយចំនួនបានផងដែរ។ ហើយការទទួលទានផ្លែឈើជាមួយនឹងអាហារដែលមានជាតិកាកសរសៃហ្វេបឺ (Fiber) មានជាតិខ្លាញ់ ឬប្រូតេអ៊ីន អាចជួយធ្វើឱ្យអាហារទាំងអស់នោះទាញជាតិស្ករពីផ្លែឈើទៅកាន់ពោះវៀនតូចកាន់តែយឺតជាងមុន ដែលល្អបំផុតសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ។
ចំណាំ៖ អាចចូលអានបន្ត អត្ថបទរៀបរាប់ពីផ្លែឈើមួយចំនួន ដែលអ្នកកើតជំងឺទឹកនោមផ្អែមអាចទទួលទានបាន។
ផ្លែឈើ៥ប្រភេទនេះ អ្នកជម្ងឺទឹកនោមផ្អែម អាចទទួលទានបាន ជាតិស្ករមិនឡើងខ្ពស់!

# សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ
រាល់ពេលមានផ្ទៃពោះស្ត្រីងាយនឹងកើតជំងឺទឹកនោមផ្អែមណាស់ ដោយសារតែអរម៉ូននៅក្នុងខ្លួនប្រែប្រួលមិនអាចធ្វើឱ្យរំលាយជាតិស្ករបានល្អ។ ហើយអាការដែលកើតជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ភាសាបច្ចេកទេសមានឈ្មោះថា Gestational Diabetes។ សម្រាប់អ្នកដែលមានបញ្ហាមួយនេះ អ្នកអាចទទួលទានផ្លែឈើរាល់ពេលទទួលអាហារបានដូចជាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលបានរៀបរាប់ខាងលើនេះបានដូចគ្នា។ ប៉ុន្តែក្នុងករណីអ្នកពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម អ្នកគួរតែចៀសវាងទទួលទានផ្លែឈើនៅពេលព្រឹកទើបជាការល្អ។

# សម្រាប់មុន និងក្រោយពេលហាត់ប្រាណ
ផ្លែឈើគឺល្អបំផុតសម្រាប់ការទទួលទាន រាល់ពេលមុន និងក្រោយពេលហាត់ប្រាណរួច។ ដោយសារតែជាតិស្ករពីពពួកផ្លែឈើអាចជំនួយសុខភាព និងថាមពលសម្រាប់ការប្រើប្រាស់រាល់ពេលហាត់ប្រាណ។ ហើយរាល់ពេលហាត់ប្រាណរួច ថាមពលរាងកាយនឹងត្រូវបាត់បង់ ដូច្នេះការទទួលទានផ្លែឈើ អាចទាញថាមពលរាងកាយមកវិញ ចៀសវាងបញ្ហាបាក់កម្លាំងរាល់ពេលហាត់ប្រាណរួចម្តងៗ។

# សម្រាប់ការសម្រកទម្ងន់
ដោយសារតែពពួកផ្លែឈើដែលសម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺ(Fiber) អាចជួយធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានខ្លាំងដូចមុន ការទទួលទានផ្លែឈើគឺល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
សម្រាប់ពេលវេលាដែលសាកសមបំផុតក្នុងការទទួលទាននោះ គឺការទទួលទានផ្លែឈើរាល់ពេលមុនបាយ និងក្នុងអំឡុងពេលបាយ ព្រោះវាអាចជួយធ្វើឱ្យអ្នកទទួលទានអាហារបានតិចជាងមុន និងកាត់បន្ថយបរិមាណការទទួលទានចំណីដែលសម្បូរទៅដោយជាតិកាឡូរីធ្វើឱ្យធាត់បានផងដែរ។

ចំណាំ៖ ជាសរុបមក ពពួកផ្លែឈើទាំងអស់ អ្នកអាចទទួលទានបានគ្រប់ពេលវេលាទាំងអស់ តែអ្នកនឹងទទួលបានអត្ថប្រយោន៍បន្ថែមសម្រាប់ជំនួយសុខភាពដូចដែលបានរៀបរាប់ខាងលើ ប្រសិនជាទទួលទានតាមអ្វីដែលយើងបានណែនាំ។ ប៉ុន្តែ អ្វីដែលត្រូវតែប្រយ័ត្ននោះ គឺផ្លែឈើត្រូវតែចៀសវាងទទួលទានពេលយប់ ជាពិសេសគឺមុនពេលចូលគេងទើបជាការប្រសើរ ព្រោះវាអាចរំខានការគេងរបស់អ្នកបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]