អត្ថបទមុនៗអ្នកប្រាកដជាបានដឹងហើយថា រមៀតគឺជាឱសថពីធម្មជាតិដែលអាចជំនួយសុខភាព និងអាចព្យាបាលបញ្ហាសុខភាពបានផងដែរ ដោយការយកវាជារបបអាហារសម្រាប់ទទួលទានជាប្រចាំ។
ប៉ុន្តែក្រៅពីការយកមកជាអាហារសម្រាប់ទទួលទាន រមៀតក៏អាចយកមកធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសាបានដូចគ្នា សម្រាប់អ្នកដែលមិនសូវជាចេះទទួលទានដោយការយកធ្វើជាអាហារទទួលទាន។ ចំណែកអត្ថប្រយោជន៍វិញមិនចាញ់គ្នាប៉ុន្មានទេ ថែមទាំងអាចបំបាត់ការឈឺចាប់នៅក្នុងរាងកាយ និងការរលាកផ្សេងៗបានផងដែរដូចជា៖
- មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹងការរលាកក្នុងរាងកាយដូចជា រលាកសន្លាក់ ឆ្អឹង Crohn និងជំងឺរលាកក្រពះពោះវៀនជាដើមដែលជាមូលហេតុអាចបណ្តាលឱ្យកើតជំងឺដំបៅក្រពះ។
- ជួយបង្កើនកោសិកាខួរក្បាលថ្មី និងការពារការអន់ថយនៃសុខភាពខួរក្បាល
- ជំនួយដល់សុខភាពបេះដូង និងជាថ្នាំពីធម្មជាតិដែលអាចបំបាត់អាការឈឺចុកចាប់ផ្សេងៗក្នុងរាងកាយ
- អាចការពារ និងប្រឆាំងនៃការរីករាលដាលនៃជំងឺមហារីក
- ការពារ និងធ្វើឱ្យប្រសើរឡើងជាងមុនសម្រាប់អ្នកដែលកើតជំងឺចាស់វង្វេងវង្វាន់ (Alzheimer)
- ជួយធ្វើឱ្យស្បែកស្អាត សាច់ចាំ ថែមទាំងប្រឆាំងនឹងភាពចាស់ផងដែរ ព្រមទាំងគុណប្រយោជន៍ជាច្រើនទៀត។
ដូច្នេះ ដើម្បីទទួលបានគុណប្រយោជន៍ដ៏ច្រើនលើសលប់របស់រមៀត ក្រៅពីទទួលទានវាជាចំណីអាហារ អ្នកក៏អាច ជ្រើសយកការច្នៃជាភេសជ្ជៈមួយណាក៏បាន ក្នុងចំណោមវិធីទាំង៥ ដូចខាងក្រោមនេះ៖

១. ទឹកដោះគោរមៀត
គ្រឿងផ្សំ
- ទឹកដោះគោ ២ពែង (ប្រើខ្ទិះដូងក៏បាន)
- ម្សៅរមៀត ១កូនស្លាបព្រា
- ម្សៅខ្ញី ១កូនស្លាបព្រា
- ម្រេចខ្មៅ ១ចិប
- ទឹកឃ្មុំ ។

ការអនុវត្ត៖ យកទឹកដោះគោទៅដាំរហូតដល់ពុះ ចាំដាក់គ្រឿងផ្សំដូចជា ម្សៅរមៀត ម្សៅខ្ញី និងម្រេចខ្មៅកូរចូលបញ្ចូលគ្នាឱ្យពុះ ២ ទៅ៣នាទីទៀតចាំបិទភ្លើង។ ទុកឱ្យត្រជាក់ ១០នាទី ចាំថែមទឺកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិ ហើយទទួលទានជាការស្រេច។

២. ភេសជ្ជៈរមៀតក្រឡុក
គ្រឿងផ្សំ
- ស្វាយទុំចិតជាដុំៗទុកឱ្យកក ១ពែង
- ផ្លែចេក កន្លះផ្លែ
- ម្សៅរមៀត ១កូនស្លាបព្រា
- ប្រេងដូង ១ស្លាបព្រាបាយ
- គ្រាប់ជីរ ១កូនស្លាបព្រា
- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប កន្លះកូនស្លាបព្រា(Cinnamon អាចរកបានងាយនៅបណ្តាហាងលក់ឱសថបុរាណ) ) ។

ការអនុវត្ត៖ ងាយៗ គ្រាន់តែយកគ្រឿងផ្សំទាំងអស់ក្រឡុក និងកិនបញ្ចូលគ្នាឱ្យហ្មត់ រួចទទួលទានវាជាអាហារពេលព្រឹកជាការស្រេច។

៣. តែរមៀត
គ្រឿងផ្សំ
- ទឹកស្អាត ១ ទៅ២ពែង
- មើមខ្ញីចិតសម្បកឈូសជាចំណិតតូចៗ ១កូនស្លាបព្រា
- ម្សៅរមៀត ១ ទៅ ២កូនស្លាបព្រា
- ម្សៅម្រេច ១ចិប
- ម្សៅ Nutmeg ១ចិប (អាចរកបាននៅផ្សារទំនើប)
- ម្សៅ Clove ១ចិប (អាចរកបាននៅផ្សារទំនើប)
- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប ១កូនស្លាបព្រា(Cinnamon អាចរកបានងាយនៅបណ្តាហាងលក់ឱសថបុរាណ) )
- ខ្ទិះដូង (ដាក់ក៏បានមិនដាក់ក៏បាន)
- ទឹកឃ្មុំសុទ្ធ (ដាក់ក៏បានមិនដាក់ក៏បាន)។

ការអនុវត្ត៖ ជាដំបូងយកទឹកទៅដាំរហូតដល់ពុះ ចាំដាក់គ្រឿងផ្សំទាំងអស់ចូលកូរឱ្យសព្វប្រមាណជា ២ ទៅ៣នាទី និងត្រងយកតែទឹកទុកទទួលទាន។ ជាចុងក្រោយអ្នកអាចទទួលទានទឹកតែនេះយកតែម្តង ឬក៏បន្ថែមខ្ទិះដូងបន្តិច និងទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិក៏បាន។
ចំណាំ៖ សម្រាប់គ្រឿងផ្សំដែលពិបាករក ដូចជា ម្សៅ Nutmeg និងម្សៅ Clove មិនបាច់ដាក់ក៏បានដែរ។

៤. ទឹករមៀត និងម្រេច
គ្រឿងផ្សំ
- ម្សៅរមៀត ១ស្លាបព្រា
- ម្សៅម្រេចខ្មៅ កន្លះកូនស្លាបព្រា
- ប្រេងអូលីវ ១កូនស្លាបព្រា
- ទឹកស្អាត ១កែវ។

ការអនុវត្ត៖ លាយគ្រឿងផ្សំទាំងអស់កូរចូលទៅក្នុងទឹកស្អាតមួយកែវ រួចទទួលទានវាភ្លាមៗតែម្តងជាការស្រេច។

៥. ទឹករមៀតឡាតេ
គ្រឿងផ្សំ
- ខ្ទិះដូង ១ពែង
- ប្រេងដូង ១ស្លាបព្រាបាយ
- រមៀតស្រស់ចិតសម្បកហើយឈូស ១ស្លាបព្រាបាយ
- ខ្ញីស្រស់ចិតសម្បកហើយឈូស ១ស្លាបព្រាបាយ
- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប ១កូនស្លាបព្រា(Cinnamon អាចរកបានងាយនៅបណ្តាហាងលក់ឱសថបុរាណ) )
- ម្រេចខ្មៅ ១ចិប
- ទឹកឃ្មុំសុទ្ធ។

ការអនុវត្ត៖
- ជាដំបូងយកខ្ទិះដូងទៅដាំរហូតដល់ពុះ រួចយកគ្រឿងផ្សំទាំងអស់ដាក់ចូលបន្ថែមលើកលែងតែទឹកឃ្មុំ។
- ដាក់ភ្លើងតិចៗរំងាស់ប្រមាណជា ៤ ទៅ ៥នាទី ចាំបិទភ្លើងហើយទុកឱ្យត្រជាក់ ៥នាទី។
- យកទឹករមៀតឡាតេនេះមកច្រោះយកកាកចេញ ហើយបន្ថែមទឹកឃ្មុំបន្តិច សឹមទទួលទានជាការស្រេច។

ចំណាំ៖
- អ្នកអាចរកទិញម្សៅរមៀតនៅផ្សារ ឬផ្សារទំនើបក៏បាន។ ប៉ុន្តែយកល្អអ្នកអាចធ្វើវាដោយខ្លួនឯង ដោយគ្រាន់តែយករមៀតស្រស់ៗមកចិតស្តើងៗ ហាលឱ្យស្ងួតក្រៀមរាងស្រួយ បន្ទាប់មកយកមកបុក ឬកិនឱ្យចេញជាម្សៅទុកប្រើការជាការស្រេច។
- ម្យ៉ាងវិញទៀត ទោះជារមៀតល្អយ៉ាងណាក៏ដោយ តែក៏ត្រូវបានហាមប្រាមប្រើសម្រាប់អ្នកដែលមានជំងឺ និងបញ្ហាសុខភាពមួយចំនួនផងដែរ។ អ្នកអាចចូលអានអត្ថបទមានប្រយោជន៍បន្ត៖ ចៀសឱ្យឆ្ងាយពីរមៀត ប្រសិនជាអ្នកកើតជំងឺទាំងនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]