អារ៉ាប់រួម (ឌូបៃ)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នឹកស្មានមិនដល់ ដែលកុមារីសញ្ជាតិឥណ្ឌា វ័យទើបតែ ១២ឆ្នាំម្នាក់ មានសមត្ថភាព និងទេពកោសល្យសិល្បៈក្នុងខ្លួនដ៏អស្ចារ្យ អាចបកស្រាយចម្រៀងបានដល់ទៅ ១០២ ភាសា រហូតអាចបំបែកកំណត់ត្រាពិភពលោក ដែលកម្រមានអ្នកណាអាចធ្វើបាន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារីជនជាតិឥណ្ឌារូបនេះ មានឈ្មោះថា Suchetha Satish អាយុ១២ឆ្នាំ បច្ចុប្បន្នកំពុងតែរស់នៅ និងជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យ Indian High School ក្នុងទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម។

កុមារីវ័យឆ្លាត Suchetha រូបនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមហ្វឹកហាត់ច្រៀង ឲ្យចេះបានច្រើនភាសា ដើម្បីតៀមខ្លួនបំបែកកំណត់ត្រានេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ទាំងការហាត់សមនៅសាលា និងនៅផ្ទះ។

កុមារី Suchetha Satish

ដោយនៅក្នុងនោះ Suchetha នាងចូលចិត្តច្រៀងចម្រៀងជាភាសា ឥណ្ឌា ឬ ហ៊ីនឌី (Hindi) ម៉ាឡាយ៉ាឡាម (Malayalam) តាមីល (Tamil) និងរួមទាំងការបកស្រាយចម្រៀងជាភាសាអង់គ្លេស បានយ៉ាងល្អផងដែរ។

នេះក៏ដោយសារតែ កុមារីរូបនេះជាក្មេងស្រីម្នាក់ ដែលមានចំណង់ចំណូលចិត្ត ស្រលាញ់ងប់ងល់នឹងភាសាបរទេស ទើបជម្រុញចិត្តនាងឲ្យខិតខំប្រឹងប្រែង និងរៀនសូត្រពីវា រហូតទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជននៅទូទាំងពិភពលោក ចំពោះការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។

ទីបំផុតឱកាសដ៏ល្អរបស់នាងក៏បានមកដល់ ដែលកាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៨ កន្លងទៅនេះ កុមារី Suchetha បានសាងភាពភ្ញាក់ផ្អើលមួយ ដល់អ្នកទស្សនា និងកក្រើកដល់ពិភពលោកយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានបង្ហាញខ្លួន ប្រកួតនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ ដែលត្រូវបានរៀបចំធ្វើឡើង នៅឯស្ថានកុលស៊ុលឥណ្ឌា ប្រចាំនៅក្នុងទីក្រុងឌូបៃ រហូតអាចធ្វើឲ្យនាង ឈានដល់ការបំបែកកំណត់ត្រាពិភពលោក «Guinness World Records» បានចំនួន២ ក្នុងពេលតែមួយ តាមរយៈការបកស្រាយចម្រៀង បានជាច្រើនភាសាដល់ទៅ ១០២ ភាសាខុសៗគ្នា ក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។

កុមារី Suchetha Satish

ក្នុងចំណោមបញ្ជីភាសាជាច្រើន ដែលកុមារី Suchetha បានលើកយកមកច្រៀង ក្នុងនោះរួមមាន ភាសាខ្មែរ ហ្វីលីពីន បារាំង បង់ក្លាដែស អង់គ្លេស អាល្លឺម៉ង់ ក្រិច កូរ៉េ ជប៉ុន ប៉ូឡូញ អេស្ប៉ាញ អារ៉ាប់ ឥណ្ឌា ថៃ ដាណឺម៉ាក ព័រទុយហ្គាល់ រុស្ស៊ី អ៊ុយក្រែន ម៉ាឡេ នេប៉ាល់ និងភាសាជាច្រើនផ្សេងទៀតផងដែរ។

កុមារី Suchetha និយាយថា៖

«ជាធម្មតាខ្ញុំចំណាយពេលយ៉ាងហោចណាស់ ២ម៉ោង ដើម្បីហាត់រៀនច្រៀង ចម្រៀងមួយបទ។ ក្នុងករណីបទចម្រៀង ឬភាសា ដែលងាយស្រួលនឹងបញ្ចេញសម្លេង (ឬតុង) ខ្ញុំរៀនវាងាយឆាប់ចេះណាស់។ ដោយឡែក សម្រាប់បទចម្រៀងណា រាងខ្លីៗមិនសូវវែង គឺខ្ញុំអាចចំណាយពេលត្រឹមតែ កន្លះម៉ោងអីប៉ុណ្ណោះ ក៏នឹងឆាប់ចេះដែរ» ។
កុមារី Suchetha Satish

គួរឲ្យដឹងផងដែរថា កុមារី Suchetha កើតមកក្នុងត្រកួលគ្រួសារមួយ ដែលសុទ្ធសឹងតែជាអ្នកស្រលាញ់ងប់ងល់ទៅនឹងសិល្បៈតន្រ្តី។ ហើយកុមារី Suchetha នាងក៏បានចាប់ផ្តើមរៀនតន្រ្តី តាំងតែពីនាងមានអាយុ ៤ឆ្នាំមកម្ល៉េះ (Carnatic តន្រ្តីមួយប្រភេទរបស់ឥណ្ឌា) និងរហូតក្រោយមក នាងក៏បានរៀនច្រៀងភ្លេងតន្រ្តី ជាច្រើនផ្សេងៗទៀតផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

កុមារី Suchetha Satish បកស្រាយបទខ្មែរនៅនាទី ៤៖២៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]