បច្ចុប្បន្នជំងឺមហារីកប្លោកនោមពុំសូវមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនោះទេ។ ហេតុនេះវាជាការសំខាន់ចំពោះបុរស និងស្ត្រីក្នុងការយល់ដឹងអំពីរោគសញ្ញានៃជំងឺមហារីកប្លោកនោម និងការវិវឌ្ឍន៍នៃជំងឺមួយនេះ ដើម្បីងាយស្រួលក្នុងការបង្ការ និង ចៀសវាងពីការលូតលាស់ទៅជាដំណាក់កាលធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាល។
យ៉ាងណាមិញរោគសញ្ញានៃជំងឺមហារីកប្លោកនោមត្រូវបានបែងចែកជា២ដំណាក់កាលគឺដំណាក់កាលដំបូង និងដំណាក់កាលបន្ទាប់ ឬហៅថាដំណាក់កាលចុងក្រោយ។
ដោយឡែករោគសញ្ញាដំបូងដែលអ្នកត្រូវដឹងរួមមាន៖
• នោមញឹកញាប់ និងមានឈាមនៅក្នុងទឹកនោម(គ្រប់ពេលដែលអ្នកនោម)
• ឈឺនោមភ្លាមៗមួយរំពេច ប៉ុន្តែបែរជាពិបាកនៅក្នុងការនោម
• មានអារម្មណ៍ថាក្តៅ និងមានការឈឺចាប់នៅពេលនោម។

ចំណែកឯរោគសញ្ញាចុងក្រោយ ដែលអ្នកគួរស្វែងយល់មានដូចជា៖
• មិនឃ្លានអាហារ និងស្រកទម្ងន់
• មានសភាពស្លេកស្លាំង ហើយកើតមានជំងឺគ្រុនក្តៅ
• មានការផ្លាស់ប្តូរទម្លាប់បត់ជើងធំ
• ធ្វើឲ្យមានអាការហើមជើង
• មានការឈឺចាប់ត្រគាក រន្ធគូទ ត្រគាកផ្នែកខាងក្រោយ និងឈឺចាប់នៅក្នុងឆ្អឹងពោះផងដែរ។
គួរបញ្ចាក់ផងដែរថា អ្នកអាចមានភាពលំបាកនៅក្នុងការរកមើលរោគសញ្ញានៃជំងឺមហារីកប្លោកនោមមួយនេះ ព្រោះថាវាស្រដៀងទៅនឹងបញ្ហាសុខភាពដទៃទៀត។ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ឃើញរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាខាងលើនេះ ចូរពិភាក្សាជាមួយគ្រូពេទ្យភ្លាមៗ។

ម្យ៉ាងវិញទៀតអ្នកក៏អាចការពារពីជំងឺមហារីកប្លោកនោមបាន តាមវិធីមួយចំនួនដូចជា៖
• មិនត្រឹមតែការជក់បារីអាចបណ្តាលឲ្យអ្នកកើតជំងឺមហារីកប៉ុណ្ណោះទេ សូម្បីតែការនៅជិត ឬស្រូបផ្សែងពីអ្នកដែលជក់បារីក៏អាចនាំឲ្យកើតមានជំងឺមហារីកបានដែរ។
• ថែរក្សា និងកាត់បន្ថយការប្រឈមមុខជាមួយនឹងសារធាតុគីមីដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជាពាក់ម៉ាស់ការពារនៅពេលធ្វើការងារដែលប្រឈមនឹងសារធាតុគីមី ទុកដាក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ឬគ្រឿងតុបតែងមុខកុំឲ្យប៉ះពាល់ជាមួយពពួកសារធាតុគីមីផ្សេងៗ។
• ទទួលទានទឹកឲ្យបានច្រើន ដើម្បីលាងសម្អាតតម្រងនោមក៏ដូចជាការពារពីការកើតមានជំងឺ។
• មួយវិញទៀតអ្នកត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះពួកវាមានផ្ទុកនូវអង់ទីអុកស៊ីដងខ្ពស់ក្នុងការប្រឆាំងទៅនឹងជំងឺមហារីក។ ចំណែកឯជាតិសរសៃដែលមានប្រភពមកពីពពួកបន្លែ ផ្លែឈើក៏អាចការពារអ្នកពីជំងឺមហារីកប្លោកនោមបានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]