ស្នាមជ្រីវជ្រួញ គឺជាសញ្ញានៃភាពចាស់ ដែលសុភាពនារីៗទាំងអស់មានការភ័យខ្លាចជាខ្លាំង ហើយបើទោះបីជាយើងមិនអាចធ្វើការប្រឆាំងនឹងច្បាប់ធម្មជាតិនេះបានយ៉ាងណាក៏ដោយ តែការដែលកើតមានស្នាមជ្រួញមុនពេលកំណត់ទាំងនៅអាយុក្មេង រឹតតែនាំមកនូវក្តីកង្វល់ទ្វេដង ដោយភាគច្រើនវាអាចបណ្តាលមកពីប្រើផលិតផលខុស ប្រើផលិតផលគីមីច្រើនពេក កត្តាចំណីអាហារ និងការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ UV ជាដើម។

យ៉ាងណាក៏ដោយ ទោះបីជាបច្ចុប្បន្នមានការជឿនលឿនមានផលិតផលល្អៗ និងមានតម្លៃថ្លៃអាចជួយការពារ និងព្យាបាលស្នាមជ្រីវជ្រួញក៏ដោយ តែយើងសុំណែនាំមិត្តអ្នកអានមកប្រើផលិតផលធម្មជាតិគ្មានជាតិគីមី និងគ្មានផលប៉ះពាល់នៅពេលអនាគតល្អជាង ដែលវាមានប្រសិទ្ធភាពមិនចាញ់ផលិតផលថ្លៃៗនោះទេ។

ដូច្នេះ មកតាមដានវិធីបំបាត់ស្នាមជ្រួញដោយការប្រើប្រេងដូងក្នុងវិធី ៤យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ទាំងអស់គ្នា៖

ប្រេងដូង

១. ប្រេងដូង និងទឹកខ្មេះប៉ោម

ប្រេងដូង និងទឹកខ្មេះប៉ោម

ទឹកខ្មេះប៉ោម អាចមានលទ្ធភាពជួយបន្តឹង ឬកម្ចាត់ស្បែកដែលយារធ្លាក់ដោយសារស្នាមជ្រីវជ្រួញបានយ៉ាងល្អ។ ដូច្នេះការប្រើទាំងទឹកខ្មេះប៉ោម ជាមួយនឹងប្រេងដូងល្អបំផុត សម្រាប់បំបាត់ស្នាមជ្រួញជាមួយវិធីងាយៗដូចខាងក្រោម៖

- ជាដំបូងលាយទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ (ទឹកខ្មេះប៉ោម Apple Cider Vinegar អាចរកទិញបានដោយងាយនៅផ្សារទំនើប) ជាមួយនឹងទឹកធម្មតា ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ។

- បន្ទាប់មក យកដុំសំឡី ជ្រលក់ទឹកខ្មេះប៉ោម លាបឱ្យសព្វផ្ទៃមុខ ហើយទុកចោលរហូតដល់វាស្ងួតដោយមិនបាច់លាងទឹកចេញ។

ទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ ជាមួយនឹងទឹកធម្មតា ១ស្លាបព្រា

- ជំហានបន្ទាប់ យកប្រេងដូងមកលាបលើផ្ទៃមុខពីលើបន្ថែមទៀត រួចធ្វើការម៉ាស្សាថ្នមៗ ប្រមាណជា ២ ទៅ៣នាទីឱ្យសព្វចូលស្បែកមុខ ហើយចូលគេងតែម្តង។ ពេលព្រឹកភ្ញាក់ពីគេង ចាំលាងសម្អាតមុខចេញជាការស្រេច។

យកប្រេងដូងមកលាបលើផ្ទៃមុខពីលើបន្ថែមទៀត

២.ប្រេងដូង និងគ្រាប់ថ្នាំប្រេងវីតាមីន E

ប្រេងដូង និងគ្រាប់ថ្នាំប្រេងវីតាមីន E (ប្រេងវីតាមីន E មានច្រើនប្រភេទ)

គ្រាប់ថ្នាំប្រេងវីតាមីន E ងាយរកមែនទែននៅតាមបណ្តាឱសថស្ថាននានា ដោយវាជាប្រភេទគ្រាប់ទឹកថ្នាំ ដែលមានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជ្រីវជ្រួញ ថែមទាំងអាចជួយដល់ការរីកលូតលាស់កោសិកាស្បែកមុខថ្មី ដែលស្អាត និងក្មេងជាងវ័យផងដែរ នៅពេលដែលប្រើប្រាស់រួមគ្នាជាមួយប្រេងដូងក្នុងវិធីដូចខាងក្រោម៖

- ចាក់គ្រាប់ប្រេងថ្នាំវីតាមីន E ចូលទៅក្នុងចាន ឬពែងមួយ រួចលាយជាមួយនឹងប្រេងដូងក្នុងបរិមាណសមល្មមស្មើគ្នាល្អឱ្យសព្វ។

- បន្ទាប់មក លាងសម្អាតមុខ និងជូតនឹងក្រណាត់ស្អាតឱ្យស្ងួត ចាំយកល្បាយទឹកថ្នាំប្រេងដូងនេះ មកលាបព្រមទាំងធ្វើការម៉ាស្សាថ្នមៗលើផ្ទៃមុខឱ្យសព្វជាការស្រេច។

លាយគ្រាប់ថ្នាំប្រេងវីតាមីន E ​ជាមួយនឹងប្រេងដូងលាបមុខ

៣. ប្រេងដូង និងទឹកឃ្មុំ

ប្រេងដូង និងទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយព្យាបាលបញ្ហាស្បែកផ្សេងៗ រួមទាំងអាចបំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខភ្លឺ រលោងនិងមានភាពស្រស់ស្អាតក្មេងជាងវ័យផងដែរ ដោយគ្រាន់តែផ្សំជាមួយនឹងប្រេងដូងក្នុងវិធីងាយៗខាងក្រោម៖

- លាយប្រេងដូង ១ស្លាបព្រា ជាមួយនឹងទឹកឃ្មុំ កន្លះស្លាបព្រា កូរចូលគ្នាឱ្យសព្វ។

- បន្ទាប់មកយកល្បាយនេះ មកលាបឱ្យសព្វផ្ទៃមុខ ឬកន្លែងណាដែលមានបញ្ហាផ្សេងៗ និងស្នាមជ្រួញ។

- ទុកចោលរយៈពេលប្រមានជា ១ម៉ោងចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

លាយប្រេងដូង និងទឹកឃ្មុំ មកលាបមុខ

៤.ប្រេងដូង ត្រសក់ និងជែលប្រទាលកន្ទុយក្រពើ

ប្រេងដូង ត្រសក់ និងជែលប្រទាលកន្ទុយក្រពើ

ទាំងត្រសក់ និងជែលប្រទាលកន្ទុយក្រពើ សុទ្ធតែមានគុណប្រយោជន៍នៅក្នុងការផ្តល់សំណើមដល់ស្បែក បន្តឹងស្បែកមុខ និងបំបាត់ភាពចាស់ជ្រីវជ្រួញបានយ៉ាងល្អ។ ជាពិសេសកាន់តែមានប្រសិទ្ធភាពប្រសិនជាផ្សំគ្រឿងជាមួយនឹងប្រេងដូងតាមវិធីខាងក្រោម៖

- ជាដំបូងយកប្រេងដូង កន្លះពែង ក្រឡុកលាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើ កន្លះពែង និងផ្លែត្រសក់មួយផ្លែ (ត្រសក់ចិតសម្បកលាងទឹកឱ្យស្អាតហើយកាត់ជាដុំៗ)។

- ក្រឡុកល្បាយទាំង៣មុខនេះ ឱ្យសព្វនិងហ្មត់ល្អ។

យកប្រេងដូង ត្រសក់ និងជែលប្រទាលកន្ទុយក្រពើ ក្រឡុកឱ្យហ្មត់

- បន្ទាប់មក យកល្បាយម៉ាស់នេះមកលាបលើស្បែកមុខ ធ្វើការម៉ាស្សាដោយប្រើម្រាមដៃថ្នមៗឱ្យជ្រាបចូលទៅក្នុងស្បែកមុខជាការស្រេច ដោយអាចទុកចោលឱ្យបាន ១៥នាទី ទៅ២០នាទីក៏បានចាំលាងទឹកចេញ។

- អ្នកអាចទុកល្បាយនេះនៅក្នុងទូទឹកកកដើម្បីប្រើប្រាស់នៅពេលក្រោយក៏បាន។ ជាពិសេសដើម្បីឱ្យមានប្រសិទ្ធភាព អ្នកគួរតែអនុវត្តវិធីមួយនេះឱ្យបាន ២ដងក្នុងមួយថ្ងៃ៕

លាយល្បាយម៉ាស់ប្រេងដូង ត្រសក់ និងជែលប្រទាលកន្ទុយក្រពើមកលាបមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]