អាហារដែលអ្នកទទួលទានជាប្រចាំថ្ងៃ ពិតជាមានឥទ្ធិពល ចំពោះសុខភាពរូបរាងកាយទាំងមូលរបស់អ្នកខ្លាំងណាស់ ដែលជាហេតុចាំបាច់ត្រូវតែគិតគូឱ្យបានល្អ មុននឹងទទួលទានអាហារអ្វីមួយ ចូលទៅក្នុងពោះ ព្រោះថាសម័យបច្ចុប្បន្នមានភាពជឿនលឿនខ្ពស់ណាស់ ចំណែកអាហារក៏កាន់តែអភិវឌ្ឍន៍មាន អាហារប្លែកៗ និងឆ្ងាញ់ៗ កាន់តែច្រើនឡើង ដែលយើងមិនអាចដឹងច្បាស់ថា តើវាមានប្រយោជន៍ ឬផលប៉ះពាល់យ៉ាងណាខ្លះ ចំពោះសុខភាពនោះទេ។
ជាការពិតណាស់ គេក៏បានរកឃើញដែរថា មានអាហារមួយចំនួន ដែលគេពេញនិយមសព្វថ្ងៃ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងទម្ងន់របស់អ្នកបាន។
ដូច្នេះហើយ ប្រសិនជាអ្នកចង់ឱ្យ សុខភាពរូបរាងកាយរបស់អ្នកប្រសើរ អាចបណ្តេញជាតិពុលចេញពីរាងកាយ និងមានរូបរាងស្រឡូនស្អាតនោះ អ្នកត្រូវតែចៀសវាងអាហារអស់ទាំងនេះ ឬកាត់បន្ថយម្តងបន្តិចៗទើបជាការល្អ ៖
១. អាហារចម្រាញ់
អាហារដែលចម្រាញ់ចេញពីរបស់ដើម ធ្វើឱ្យបាត់បង់អស់សារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗ ហើយសល់តែជាតិស្ករ និងជាតិម្សៅដែលអាចធ្វើឱ្យឡើងកាឡូរី កើតជំងឺទឹកនោមផ្អែម និងពោរពេញដោយជាតិខ្លាញ់ កូឡេស្តឺរ៉លមិនល្អ ដែលប៉ះពាល់ដល់សុខភាពទាំងមូលបាន។
ដូច្នេះអ្នកត្រូវតែចៀសវាង អាហារចម្រាញ់ទាំងអស់នោះ ដូចជា៖ ពពួកអាហារចៀន បំពង ការ៉េម ស្ករគ្រាប់ នំផ្អែម និងនំប៉័ងជាដើម។
![](https://s6.kh1.co/8d/8d85162b6ab3bec1fe45769bd42f4251d7dcc9b4.jpg)
២. អាហារពោរពេញដោយជាតិខ្លាញ់
អាហារដែលផ្ទុកនូវសារធាតុ Hydrogenated Fats គឺជាអាហារដែលពោរពេញដោយជាតិខ្លាញ់ និងចម្អិនក្នុងសីតុណ្ហភាពខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាព កើនឡើងជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ ដុះក្បាលពោះ និងមានបញ្ហាទាក់ទងនឹងបេះដូងផងដែរ។
ដូច្នេះអ្នកគួរតែកាត់បន្ថយ ឬបញ្ឈប់ការទទួលទានតែម្តង នូវអាហារដែលផ្ទុកនូវជាតិខ្លាញ់អាក្រក់ដូចជា៖ នំស្រួយ (Biscuits) នំឃុគឃី នំកញ្ចប់ អាហារចៀន ឬបំពង និងនំខេកជាដើម។
![](https://s6.kh1.co/85/85520d2c9bccb2c1b2b58d8f980e66dbe8daeaf7.jpg)
៣. អាហារដែលបន្ថែមពណ៌ ឬរសជាតិ
ពពួកអាហារដែលមានបន្ថែមពណ៌ឱ្យស្រស់ ឬបន្ថែមរសជាតិ និងស្ករសប្បនិម្មិត ពោរពេញដោយជាតិគីមីប៉ះពាល់ ដល់សុខភាពខ្លាំងណាស់ ដូចជា បង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់ដូចជា៖ រាំរាំងដល់ការដំណើរការអាំងស៊ុយលីន ធ្វើឱ្យឡើងជាតិស្ករក្នុងឈាម បង្កជាជំងឺទឹកនោមផ្អែមប្រភេទី២ ឡើងទម្ងន់ហួសប្រមាណ និងជំងឺទាក់ទងនឹងសរសៃឈាមបេះដូងជាដើម។
![](https://s5.kh1.co/4d/4dfe85f50ddc78305e4f213860d05bb14c38355e.jpg)
៤. អាហារ និងភេសជ្ជៈកែច្នៃ
អាហារ និងភេសជ្ជៈកែច្នៃដែលវេចខ្ចប់នៅក្នុងដប កំប៉ុង ឬថង់ដែលដាក់លក់នៅលើទីផ្សារ ផ្ទុកនូវជាតិសូដ្យូម បន្ថែមក្លិន ពណ៌ និងមានជាតិគិមីខ្ពស់ណាស់ ដែលអាចបង្កជាសារធាតុពុលគ្រោះថ្នាក់ចំពោះសុខភាពបាន រួមមានដូចជា៖ ភេសជ្ជៈសូដា ទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ប័រ ឈីស សាច់ក្រក់ និងអាហារជាច្រើនមុខទៀត។
![](https://s4.kh1.co/03/0330152521548efa4cd2736ce9b2adae33cd870f.jpg)
៥. អាហារកំប៉ុង
បើទោះជាអាហារដែលច្រកកំប៉ុង មានភាពងាយស្រួល ទុកបានយូរ និងអាចចម្អិនស្រាប់ៗយ៉ាងណាក៏ដោយ តែវាមិនខុសពីអាហារកែច្នៃនោះទេ។ អាហារកំប៉ុងមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Bisphenol A (BPA) ដែលអាចរក្សាទុកបានយូរ បន្ថែមរសជាតិ ពណ៌ និងក្លិន ព្រមទាំងសូដ្យូម និងជាតិស្ករខ្ពស់ ដែលអាចផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។
![](https://s6.kh1.co/2a/2a7897d88468fed6118c70eceb498d65f0e7449b.jpg)
៦. អាហារដែលមានអក្សរ ឬសញ្ញាបញ្ឆោត
អ្នកប្រាកដជាធ្លាប់បានឃើញ អាហារជាច្រើនដែលបានប្រកាស ឬដាក់អក្សរមួយចំនួនដែលអាចទាក់ទាញអារម្មណ៍អ្នកទិញបាន ដោយពាក្យថា គ្មានជាតិស្ករ គ្មានជាតិខ្លាញ់ ឬរបស់ធម្មជាតិ គ្មានជាតិគីមីជាដើម។
ជាការពិតណាស់ គ្មានអាហារវេចខ្វប់មួយណា ដែលថាមិនដាក់សារធាតុគីមី ឬធម្មជាតិស្រស់ៗនោះទេ ព្រោះវាសុទ្ធតែឆ្លងកាត់រោងចក្រ និងកែច្នៃដាក់បន្ថែមសារធាតុទាំងអស់។
ដូច្នេះអ្នកមិនគួរទទួលទានអាហារទាំងនោះឡើយ ការទទួលទានអាហារ ចំណីស្រស់ៗពីធម្មជាតិទើបជាការប្រសើរ។
![](https://s4.kh1.co/cf/cf5c64bdcc53a3cb95007efbc798ef9f13bf964a.jpg)
៧. ប្រេង ឬខ្លាញ់បន្លែ
ប្រេង ឬខ្លាញ់ដែលអ្នកប្រើប្រាស់ សម្រាប់មុខម្ហូបជាប្រចាំថ្ងៃ ចម្រាញ់ចេញពីគ្រាប់រុក្ខជាតិ និងបន្លែជាដើមនោះ អ្នកតែងតែគិតថា វាល្អចំពោះសុខភាព ប៉ុន្តែផ្ទុយទៅវិញ វាមិនមែនជាការពិតនោះឡើយ។
ពពួកប្រេងទាំងនោះមានផ្ទុកនូវ សារធាតុខ្លាញ់ឆ្អែត Omega-6 ច្រើនហួសកម្រិតពេល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទៅវិញ។ ដូច្នេះហើយបានជាអ្នកត្រូវតែចៀសវាង ឬកាត់បន្ថយអាហារដែលចៀន និងបំពងជាដើម ទើបល្អបំផុតចំពោះសុខភាព។
![](https://s4.kh1.co/32/3214c4d8f79cf7170a05f9d6fe019c50287bef4d.jpg)
៨. អាហារ និងភេសជ្ជៈឆ្ងាញ់ៗ
អាហារ និងភេសជ្ជៈដែលដាក់លក់លើទីផ្សារ មានរសជាតិឆ្ងាញ់ បានក្លាយទៅជាអាហារដែលពេញនិយមរបស់មនុស្សសឹងតែគ្រប់គ្នា។ នោះក៏ដោយសារតែ គេបានដាក់សារធាតុគីមីជាច្រើន ដូចដែលបានរៀបរាប់ខាងលើ ហើយវាក៏បង្កជាគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ដែរ។
ដោយអាហារអស់ទាំងនោះរួមមាន៖ ទឹកដោះគោជូរកំប៉ុង ទឹកផ្លែឈើច្រកដប ឬកំប៉ុង ភេសជ្ជៈដែលមានជាតិសូដា ភេសជ្ជៈប៉ូវកម្លាំង និងរាល់ភេសជ្ជៈដែលវេចខ្ចប់ទាំងអស់។
ដូច្នេះអ្នកគួរតែបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារអស់ទាំងនោះ ដើម្បីសុខភាព។
![](https://s4.kh1.co/fc/fcac71a05456707b4f21f4f5a27b506cdd44abba.jpg)
៩. អាហារដែលមានជាតិម្សៅ
រាល់អាហារដែលមានជាតិម្សៅច្រើនដូចជា៖ គ្រាប់ធញ្ញជាតិ ម្សៅអូត (Oatmeal) នំផាស់តា (Pasta) នំប៉័ង ដំឡូងបារាំង និងអាហារដែលមានជាតិម្សៅជាច្រើនផ្សេងទៀតទាំងអស់ មានផ្ទុកទៅដោយជាតិគ្លុយកូស ដែលបំបែកទៅជាជាតិស្ករយ៉ាងច្រើនលើសលប់បង្កជាបញ្ហាសុខភាព។
បន្ថែមពីនេះ វាក៏មានផ្ទុកនូវជាតិ កាបូអ៊ីដ្រាត (Carbohydrates) ដែលអាចធ្វើឱ្យអ្នកធាត់ និងឡើងទម្ងន់ខ្លាំងផងដែរ។
![](https://s6.kh1.co/2a/2a552f3de7da86933ca8434401c1da163bae2383.jpg)
ជាការពិតណាស់អាហារទាំងអស់ខាងលើ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទាំងអស់ នៅពេលដែលអ្នកទទួលទានវាជាប្រចាំ ដោយមិនគិតពីគ្រោះថ្នាក់។
ដូច្នេះដើម្បីចង់ឱ្យមានសុខភាពល្អ មិនចាំបាច់តមអាហារ ឬរកវិធីសាស្រ្តច្រើនពេកនោះទេ គ្រាន់តែចៀសវាងអាហារអស់ទាំងនេះខាងលើ ហើយទទួលទានអាហារដែលមានប្រយោជន៍ដូចជា៖ បន្លែផ្លែឈើធម្មជាតិ និងអាហារស្រស់ៗចម្អិនភ្លាមៗជាការស្រេច ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]