រាជធានីភ្នំពេញ៖ នៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018 ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជា បានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី 3 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះ នឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង 150 ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។


លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖
"សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះ យើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។
ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល 3 ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្ត រួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។
ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។
កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវ វីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ 2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40 ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។
ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើង ៗ ដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ 2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុត សម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។
លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា៖
"វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។
តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញ មានតម្លៃ និងប្លែកពីគេ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]