អូស្ត្រាលី៖ នៅក្នុងប្រទេសអូស្ត្រាលី សត្វល្មូនយ៉ាងតិចណាស់ជាង ២លានក្បាលត្រូវបានសម្លាប់ដោយសត្វឆ្មាជារៀងរាល់ថ្ងៃ ហើយនៅក្នុងនោះក៏រួមបញ្ចូលប្រភេទសត្វល្មូនដែលកំពុងផុតពូជទៀតផង។
ប្រទេសអូស្ត្រាលីមានទៅដោយប្រភេទសត្វពិសេសៗជាច្រើន ហើយសត្វទាំងនោះកំពុងតែឈានទៅរកការផុតពូជទៅហើយ ដោយសារសត្វឆ្មានៃប្រទេសនេះ។
សត្វឆ្មាមានជាប់ពាក់ព័ន្ធទៅនឹងដើមហេតុដែលបណ្ដាលឲ្យថនិកសត្វយ៉ាងតិចណាស់ ២០ប្រភេទនៅក្នុងប្រទេសអូស្ត្រាលីផុតពូជ។
![](https://s6.kh1.co/59/599a5a4818edcf6e6dc09f64428056a10cc3afdc.jpg)
រដ្ឋាភិបាលអូស្ត្រាលីក៏ធ្លាប់ប្រកាសសង្គ្រាមប្រឆាំងការគំរាមកំហែង ដែលបង្កឡើងដោយសត្វឆ្មាផងដែរ ក៏ប៉ុន្តែ ទើបតែមានការសិក្សាថ្មីមួយពីមជ្ឈមណ្ឌលជួយសង្គ្រោះប្រភេទសត្វកំពុងរងការគំរាមកំហែងថ្មីៗនេះប៉ុណ្ណោះ ទើបគេដឹងពីឥទ្ធិពលនៃការបំផ្លិចបំផ្លាញពីសត្វឆ្មាទៅលើសត្វល្មូនក្នុងតំបន់។
គេបានរកឃើញថា សត្វល្មូនយ៉ាងតិចណាស់ ៦៥០លានក្បាលត្រូវបានសម្លាប់ដោយសត្វឆ្មាជារៀងរាល់ឆ្នាំ ហើយសត្វឆ្មាមួយក្បាល បានសម្លាប់សត្វល្មូនជាមធ្យម២២៥ក្បាលក្នុងមួយឆ្នាំ។
![](https://s6.kh1.co/54/542a85a3314b9c442b4bc3ac2323f45b4c8cca80.jpg)
លោកសាស្ត្រចារ្យ John Woinarski មកពីសាកលវិទ្យាល័យ Charles Darwin ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា «សត្វឆ្មាខ្លះសុីសត្វល្មូនច្រើនខ្លាំងណាស់។ យើងបានរកឃើញសត្វឆ្មាមួយចំនួនដែលសុីត្រឹមតែសត្វល្មូនប៉ុណ្ណោះ ហើយយើងថែមទាំងឃើញឆ្មាមួយមានសត្វល្មូន ៤០ក្បាលនៅក្នុងពោះទៀតផង»។
ការស្រាវជ្រាវនេះគឺយោងទៅតាមការវិភាគទៅលើការសុីចំណីដោយសត្វឆ្មា ១មុឺនក្បាលដោយអ្នកវិទ្យាសាស្ត្រផ្សេងៗជុំវិញប្រទេសអូស្ត្រាលី។
![](https://s5.kh1.co/4a/4a656391141b544f3bd6db7b073cf26758ac6572.jpg)
ដើម្បីទប់ស្កាត់ទៅនឹងការគំរាមកំហែងដោយសត្វឆ្មានេះ រដ្ឋាភិបាលអូស្ត្រាលីបានសាងសង់របងជាច្រើនដើម្បីការពារសត្វព្រៃពីសត្វឆ្មា ហើយគេក៏មានគម្រោងក្នុងការសម្លាប់សត្វឆ្មាឲ្យបាន ២លានក្បាលត្រឹមឆ្នាំ ២០២០ទៀតផង៕
![](https://s4.kh1.co/06/06202e2243e696f6f01d3f87279de553d6db112b.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]