អ្នកដឹងទេថា ផ្លែគូលែន ត្រូវបានគេដាំរាប់ពាន់ឆ្នាំមកហើយ ដែលដើមកំណើតដំបូងមកពីប្រទេសចិន។ ហើយមកដល់ពេលបច្ចុប្បន្ន វាក៏តែមានការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទូទាំងពិភពលោក។ ផ្លែគូលែនមិនត្រឹមតែឆ្ងាញ់ ផ្អែម និងជាអាហារសំរន់ដ៏ល្អនោះទេ វាថែមទាំងសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។
ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីផ្លែគូលែន៖
១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ផ្លែគូលែនមានផ្ទុកទៅដោយសារធាតុសរសៃយ៉ាងច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀននេះឯង។ សារធាតុសរសៃ ជួយសម្រួលទៅដល់ចលនាក្នុងការដឹកនាំសារធាតុចិញ្ចឹមសម្រាប់ផ្តល់ទៅឲ្យកោសិកាតាមរយៈចរន្តឈាមដែលស្រូបយកតាមជញ្ជាំងនៃសរីរាង្គពោះវៀន។
សារធាតុនេះបានជួយសម្អាតនូវកាកសំណល់ និងសារធាតុពុលទាំងឡាយ ដែលតោងនៅតាមកោសិកានៃពោះវៀន ឲ្យចេញទៅតាមការបន្ទោរបង់។ ជាពិសេស សារធាតុសរសៃ ទទួលបានពីផ្លែគូលែន ជឱសថធម្មជាតិបំបាត់អាការទល់លាមកទៀតផង។

២. រក្សាសម្ពាធឈាម
ផ្លែគូលែន ក៏សំបូរទៅដោយ ប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់ ក្នុងការរក្សាសម្ពាធឈាមឲ្យនៅធម្មតា។ សារធាតុរ៉ែមួយប្រភេទនេះ បានធ្វើឲ្យសរសៃរីកធំ និង បានអនុញ្ញាតឲ្យលំហូរនៃចរន្តឈាមកើនឡើងច្រើនជាងមុន។ ជាពិសេសវាជួយបន្ថយសម្ពាធឈាម។
សរុបមក កត្តាទាំងនេះសុទ្ធតែអំណោយផលដល់សុខភាពនៃប្រព័ន្ធរបត់ឈាម ដែលមានបេះដូង និង សរសៃឈាម។

៣. ជំរុញប្រព័ន្ធភាពស៊ាំរាងកាយ
អ្នកដឹងទេថាខ្លួនប្រាណយើងប្រៀបបានដូចជាសមរភូមិមុខអីចឹង ដែលប្រព័ន្ធភាពស៊ាំរាងកាយយើងបានធ្វើការជារៀងរាល់ថ្ងៃ ចាប់តាំងពីយើងកើតមក ដើម្បីទប់ទល់ប្រឆាំងនឹងមេរោគរាប់ពាន់ប្រភេទដែលយើងប្រឈមពីបរិស្ថានខាងក្រៅ។ ដល់ពេលយើងធំពេញវ័យ អង់ទីគ័រយើងមានភាពរឹងមាំ និងអាចប្រឆាំងនឹងមេរោគបានយ៉ាងមានប្រសិទ្ធភាព ហើយយើងក៏ពុំងាយឈឺដែរ។
ប៉ុន្តែពេលខ្លះប្រព័ន្ធភាពស៊ាំរាងកាយតែមួយមុខ ក៏ពុំអាចវាយឈ្នះនឹងមេរោគដ៏ច្រើន ដែលចាំឈ្លៀតឱកាសបង្កជំងឺនៅពេលយើងបាក់កម្លាំងដែរ។
ដូច្នេះហើយវាជាការចាំបាច់ណាស់ដែលយើងត្រូវមានសារធាតុបំប៉នតាមរយៈចំណីអាហារយើងបរិភោគដូចជា Vitamin C ដែលទទួលបានពីផ្លែគូលែននេះឯង មិនត្រឹមតែជាសារធាតុប្រឆាំងនឹងជាតិពុល រ៉ាឌីកាល់សេរី ប៉ុន្តែថែមទាំងជា សារធាតុចូលរួមចំណែកជំរុញដល់ប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងនឹងមេរោគទៀតផង។

៤. ប្រឆាំងនឹងជំងឺមហារីក
ផ្លែគូលែនសំបូរទៅដោយ Vitamin ពិសេសៗជាច្រើន និងសារធាតុប្រឆាំងជាតិពុល ដែលដើរតួនាទីយ៉ាងសកម្មក្នុងការប្រឆាំងជាមួយពពួកសារធាតុពុល និងជាពិសេសរ៉ាឌីកាល់សេរី ដែលកោសិកាយើងផ្ទាល់ផលិត។ រ៉ាឌីកាល់ប្រភេទនេះ អាចមានផលប៉ះពាល់យ៉ាងគ្រោះថ្នាក់ដល់ DNA របស់កោសិកា។ កត្តានេះធ្វើឲ្យកោសិកាលូតលាស់ខុសប្រក្រតី និងអាចបង្កជាកោសិកាមហារីកបានទៀតផង។
បើទោះបីជាយ៉ាងណាក៏ដោយ សារធាតុពីរប្រភេទទទួលបានពីផ្លែគូលែន ដែលបានរៀបរាប់ខាងលើនេះមានមេកានិចពិសេស ក្នុងការបញ្ឈប់និងបង្ការការលូតលាស់នៃកោសិកាមហារីក ដែលកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]